រាជរដ្ឋាភិបាលកម្ពុជា អះអាងថា យោធាថៃ នៅតែបន្តសកម្មភាពឈ្លានពាន ដោយការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាល រួមទាំងការជីកលេណដ្ឋាន ការរាយលួសបន្លា និងទូកុងតឺន័រលើទឹកដីខ្មែរ ទោះបីជាបទឈប់បាញ់បានចូលជាធរមានជាលើកទី២ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្តី។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយថ្លែងចោទថា សង្គ្រាមថៃ រំលោភបំពានប្រទេសកម្ពុជា បានឈានដល់ការឯកភាពឱ្យមានបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅហើយក៏ដោយ ក៏យោធាថៃ មិនបានគោរពកិច្ចព្រមព្រៀងនេះដែរ។
លោក ប៉ែន បូណា ចោទថា ការឈ្លានពានចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យជនស៊ីវិលត្រឡប់ទៅលំនៅឋានវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) ជាដើម។
ជាងនេះទៀត ក៏រំលោភទៅលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) អនុសញ្ញាស្ដីពីសិទ្ធិកុមារ (CRC)(1) អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ព្រមទាំងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ យ៉ាងធ្ងន់ធ្ងរផងដែរ។
រាជរដ្ឋាភិបាលចោទថា ភាគីថៃ បានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ហើយក៏កំពុងបង្កការលំបាកយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាពដែលជាក្រុមជនងាយរងគ្រោះស្រាប់ផងដែរ ដូចជា បង្កឱ្យមានភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងបាត់បង់ឱកាសទទួលបានសេវាចាំបាច់ផ្សេងៗថែមទៀត។
យ៉ាងណាមិញ ភាគីថៃ នៅតែរក្សាគោលជំហរនយោបាយ និងយោធាដដែលថា ទឹកដីគេកំពុងកាន់កាប់ជាទឹកដីរបស់គេពីមុន។
ជុំវិញបញ្ហានេះ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្ដីនាយករដ្ឋមន្ត្រីចាំផ្ទះ លោក អនុធីន ឆានវីរៈគុល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា លោកនៅតែប្រកាន់ជំហរគ្រប់រូបភាព និងគ្រប់វិធីសាស្ត្រ ដើម្បីការពារទឹកដី អធិបតេយ្យភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃ រួមទាំងផ្តល់អាទិភាពខ្ពស់បំផុតដល់សុវត្ថិភាពរបស់ប្រជាជនថៃ ផងដែរ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទីភ្នាក់ងារសារព័ត៌អន្តរជាតិធំៗ ដូចជា ទីភ្នាក់ងារសារព័ត៌មាន AFP ទីភ្នាក់ងារព័ត៌មាន Reuters និងកាសែតជប៉ុន Nikkei Asia បានរាយការណ៍ជុំវិញសង្គ្រាមកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការខូចខាតប្រាសាទព្រះវិហារ ការដាក់ពង្រាយលួសបន្លា និងការពង្រាយទូកុងតឺន័ររបស់យោធាថៃ នៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។
ក្នុងសេចក្តីរាយការណ៍នេះ ទីភ្នាក់ងារព័ត៌មាន Reuters បានដាក់ចំណងជើងថា «ប្រជាជនប្រទេសកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅកំពុងស្ថិតក្នុងស្ថានភាពមិនដឹងទិសដៅ ខណៈជ័យជម្នះរបស់ក្រុមជាតិនិយមនៅប្រទេសថៃ បន្ថែមសម្ពាធកាន់តែខ្លាំងឡើងៗ»៕
© 2026, . All rights reserved.