ក្រសួងការបរទេសថៃ កំពុងដាក់ភ្នែកតាមដានយ៉ាងដិតដល់លើសកម្មភាពការទូតអន្តរជាតិរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងសំណើសុំឯកសារព្រំដែនពីប្រទេសបារាំង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។
កាសែតថៃ The Nation ស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ភួង កេតកែវ ថាក្រសួងការបរទេសថៃ កំពុងតាមដានយ៉ាងជិតដិតលើសកម្មភាពអន្តរជាតិរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាពិសេសការខិតខំលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅពិភាក្សានៅលើវេទិកាអន្តរជាតិ។
ប្រភពដដែលអះអាងថា ថៃកំពុងពិនិត្យលើសំណើកម្ពុជា ដែលបានស្នើទៅប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីសុំឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងព្រំដែន ខណៈថៃ ក៏បានទាក់ទងទៅបារាំង ដើម្បីស្នើសុំព័ត៌មានលម្អិតដែរ ហើយការស្នើសុំបែបនេះ គឺជាសិទ្ធិរបស់ប្រទេសនីមួយៗ។
លោក ភួង កេតកែវ បញ្ជាក់ថា ថៃក៏កំពុងតាមដានអំពីដំណើរទស្សនកិច្ចអន្តរជាតិរបស់លោក ហ៊ុន ម៉ាណែត រួមទាំងការជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ ទោះបីថៃ មិនបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនាពេលនេះក៏ដោយ ប៉ុន្តែថៃ កំពុងតាមដានស្ថានការណ៍នេះយ៉ាងប្រុងប្រយ័ត្ន។
ប្រភពដដែល គូសបញ្ជាក់ថា ថៃត្រៀមខ្លួនរួចជាស្រេចក្នុងការបកស្រាយការពិត ប្រសិនបើមានព័ត៌មានណាមួយដែលមិនត្រឹមត្រូវអំពីជម្លោះព្រំដែនថៃ-កម្ពុជា ត្រូវបានលើកឡើង។
កាលពីថ្ងៃទី១៤ កុម្ភៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រសួងការបរទេស បញ្ជាក់ថា កិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញក្នុងគោលដៅជំរុញសន្តិភាពនៅតំបន់ហ្កាហ្សា ខណៈមេដឹកនាំដែលចូលរួមកិច្ចប្រជុំនេះ ក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ រួមទាំងពិភពលោកផងដែរ។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីចូលរួមកិច្ចប្រជុំនេះ លោក ហ៊ុន ម៉ាណែត ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងប្រ៊ុចសែល ផងដែរ ក្នុងបំណងជួបជាមួយមេដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍ លើកឡើងថា បញ្ហាព្រំដែនកម្ពុជា-ថៃ ទំនងជានឹងត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព សម្រាប់វត្តមានរបស់លោក ហ៊ុន ម៉ាណែត នាពេលនេះ។ រីឯដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ក៏ទំនងជាពាក់ព័ន្ធនឹងឯកសារនានាស្ដីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែរ។
ចំណែកក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៥ កុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។
ជុំវិញជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet បានអះអាងថា បារាំងប្រកាសគាំទ្រជំហររបស់កម្ពុជា ក្នុងការនាំយកបញ្ហាព្រំដែនដ៏រសើបទៅដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ៕
© 2026, . All rights reserved.