អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថាការដឹកនាំតាមប្រព័ន្ធគ្រួសារនិយមតាមរយៈការតែងតាំងកូនចៅ និងសាច់សាលោហិតរបស់អ្នកមានអំណាចឱ្យកាន់តំណែងសំខាន់ៗនៅកម្ពុជា ដោយគ្មានការប្រកួតប្រជែងជាសាធារណៈ គឺជាឧបសគ្គដ៏ធំធេងដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍជាតិ និងបំផ្លាញអនាគតយុវជនខ្មែរ។
លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ ថា និន្នាការនេះមិនត្រឹមតែបង្កើតឱ្យមានវិសមភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយុវជនដែលមានសមត្ថភាពពិតប្រាកដ បាក់ទឹកចិត្ត និងអស់ជំនឿចិត្តលើរដ្ឋាភិបាលបច្ចុប្បន្នកាន់តែខ្លាំងថែមទៀត។
លោកបន្តថា ការខ្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព បានធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចចុះខ្សោយ និងបង្កើតឱ្យមានស្ថាប័នរដ្ឋដែលខ្វះប្រសិទ្ធភាព ដោយសារការសម្រេចចិត្តផ្អែកលើភក្ដីភាពនៃក្រុមគ្រួសារ ជាជាងគុណាធិបតេយ្យ និងវិជ្ជាជីវៈរបស់មន្ត្រីក្នុងជួររដ្ឋាភិបាល។
យោងតាមវចនានុក្រមខ្មែរ ពាក្យថា គុណាធិបតេយ្យ (គុ-ណា-ធិ-ប៉ៈ-តៃ) មានន័យថា សង្គម ឬប្រព័ន្ធសង្គមដែលប្រជាជន ឬបុគ្គលម្នាក់មានអំណាចដោយសារតែគុណសម្បទា ឬគុណូបការៈរបស់ខ្លួន មិនមែនដោយសារមាសប្រាក់ ឬឋានៈសង្គមឡើយ។
អ្នកឃ្លាំមើលសង្គមរូបនេះលើកឡើងថា ក្នុងបរិបទដែលប្រទេសដទៃទៀតក្នុងតំបន់កំពុងធ្វើកំណែទម្រង់នីតិរដ្ឋយ៉ាងសកម្ម លោក ហ៊ុន ម៉ាណែត មិនគួរបណ្តែតបណ្តោយឱ្យវប្បធម៌បក្ខពួកនិយម បន្តចាក់ឫសជ្រៅនៅប្រទេសកម្ពុជាទៀតទេ ប្រសិនបើចង់ប្រកួតប្រជែងខាងសេដ្ឋកិច្ច ចំណេះដឹង និងបច្ចេកវិទ្យាជាមួយប្រទេសដទៃនោះ។
លោកបន្ថែមថា ដើម្បីធានានូវសមត្ថកិច្ចប្រកួតប្រជែង រដ្ឋាភិបាលត្រូវធានាឱ្យបាននូវការអនុវត្តច្បាប់ដោយស្មើភាព និងពង្រឹងឯករាជភាពនៃប្រព័ន្ធតុលាការលើការការពារសិទ្ធិសេរីភាព រួមទាំងផ្ដល់សេចក្ដីសង្ឃឹមដល់យុវជន GenZ ក្នុងការងើបឈរដោយសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
លោក សេង វណ្ណលី បញ្ជាក់ថា វាសនារបស់ប្រទេសជាតិត្រូវពឹងផ្អែកទាំងស្រុងលើការបង្កើតបរិយាកាសនយោបាយដែលស្ថិតក្រោមច្បាប់ពេញលេញ និងការផ្ដល់តម្លៃខ្ពស់លើគុណាធិបតេយ្យ ដែលជាគ្រឹះតែមួយគត់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋ និងយុវជន ដែលអាចធានាបាននូវវិបុលភាពជាតិ និងកិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយចីរភាពទៅថ្ងៃមុខ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រសុំតែងតាំងលោក ឡាំ ជុងហាវ ជាទីប្រឹក្សាអមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈស្មើនឹងអគ្គនាយក។ លោក ឡាំ ជុងហាវ ត្រូវជាកូនប្រសាប្រុសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលត្រូវជាស្វាមីរបស់អ្នកស្រី អូនព័ន្ធ មណីលក្សី។
ជាងនេះទៀត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ក៏បានដាក់សំណើទៅកាន់ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ែន សំអន សុំតែងតាំងអនុប្រធាន ឧបការី អគ្គនាយក អគ្គនាយករង អ្នកនាំពាក្យ ប្រធាននាយកដ្ឋាន ខុទ្ទកាល័យ តំណាងក្រុម និងអ្នកកត់ត្រាកិច្ចប្រជុំផងដែរ។
ក្នុងសំណើនេះ លោក ឱម យ៉ិនទៀង បានស្នើសុំតែងតាំងកូនប្រុសស្រីរបស់គាត់ចំនួន ៣នាក់ ក្នុងនោះ គាត់បានស្នើសុំតែងតាំងលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជាអនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងស្នើសុំតែងតាំងលោក យ៉ិនទៀង ពុទ្ធិរ៉ា ជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ខណៈអ្នកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជានាយកខុទ្ទកាល័យនៃអង្គភាពប្រឆាំងអំពើពុករលួយ ថែមទៀត៕
© 2026, . All rights reserved.