រូប​ឯកសារ៖ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

នយោបាយ

លោក សុន ឆ័យ អះអាង​ថា​កម្ពុជា​នឹង​ទទួល​ផល​ចំណេញ​ដ៏​ធំ​ពី​ការ​ផ្សះផ្សា​ជាតិ​ដោយ​ការ​ដោះលែង​លោក កឹម សុខា

By ឌឹ ខេមបូឌា ដេលី

February 20, 2026

អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ អះអាង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ធំ​ពី​ការ​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ព្រមទាំង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​មេដឹកនាំ​សហជីព កម្មករ​នានា ដែល​កំពុង​ជាប់​ឃុំ​នា​ពេលនេះ។

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ផល​ចំណេញ​ពី​ការ​ដោះលែង​អ្នក​ទាំងនោះ រួម​មាន​ដូចជា ការ​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ និង​ចំណេញ​ពី​ការ​លើកកម្ពស់​មុខមាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ ជាដើម។

ចំណែក​ផល​ចំណេញ​មួយ​ទៀត​នោះ គឺ​ការ​បង្រួបបង្រួម​ជាតិ ព្រោះ​នេះ​គឺជា​កត្តា​ដ៏​សំខាន់​ដែល​អាច​ត្រូវ​បាន​ប្រើ​ជា​សារ​នៃ​ការ​ផ្សះផ្សា​ជាតិ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ក្នុង​ស្រុក និង​ទាក់ទាញ​មនោសញ្ចេតនា​ពី​អ្នក​បោះឆ្នោត។

លោក សុន ឆ័យ ពន្យល់​ថា ការ​បន្ធូរបន្ថយ​សម្ពាធ​អន្តរជាតិ អាច​ជា​សន្លឹកបៀ​ដ៏​សំខាន់​ក្នុង​ការ​ចរចា​ជាមួយ​បណ្តា​ប្រទេស​លោកខាងលិច ដូចជា សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ជាដើម ដើម្បី​ស្ដារ​ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា រីឯ​ការ​បង្ហាញ​ពី​ភាព​ធូរស្រាល​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ថ្មី លោក ហ៊ុន ម៉ាណែត ទទួល​បាន​ភាព​ស្រប​ច្បាប់​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០២៦ នេះ ទិដ្ឋភាព​នយោបាយ​នៅ​កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ជាពិសេស​សំណុំរឿង​លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈពេល ២៧​ឆ្នាំ តាំងពី​ឆ្នាំ​២០២៣ មក។

លោក សេង វណ្ណលី លើកឡើង​ថា ការ​រក្សា​ទុក​លោក កឹម សុខា ក្នុង​ស្ថានភាព​បែប​នេះ គឺជា​ការ​ទាញ​ទម្លាក់​កិត្យានុភាព​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លើ​ឆាក​អន្តរជាតិ និង​បង្កើត​ឱ្យ​មាន​គម្លាត​នៃ​ភាព​ស្រប​ច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោកខាងលិច​ដែល​ជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ហើយ​ការ​ដោះលែង​លោក កឹម សុខា ក៏​អាច​ចរចា​ស្ដារ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ឱ្យ​បាន​ពេញលេញ និង​អាច​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​ពន្ធ​ខ្ពស់​ពី​សហរដ្ឋ​អាមេរិក ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ជិត ១០០​នាក់​ផ្សេង​ទៀត (៩៦​នាក់) ដែល​រួម​មាន មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម៕

© 2026, . All rights reserved.