មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និង​លោក ដូណាល់ ត្រាំ (រូប​ស្ដាំ) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ព្រមាន​ប្រទេស​អ៊ីរ៉ង់ ឱ្យ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម

By ឌឹ ខេមបូឌា ដេលី

February 20, 2026

ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី​១៧ កុម្ភៈ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ជួប​រឿង​បរាជ័យ​ជា​ថ្មី​ម្ដង​ទៀត ដែល​នាំ​ឱ្យ​លោក ដូណាល់ ត្រាំ ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា អ៊ីរ៉ង់​នៅ​ពេលនេះ​ត្រូវ​ជ្រើសរើស​រវាង​សន្តិភាព និង​សង្គ្រាម ខណៈ​នាវា​ផ្ទុក​យន្តហោះ​របស់​អាមេរិក​មួយ​គ្រឿង​ទៀត គឺ USS Gerald R. Ford ត្រូវ​ដាក់​ឱ្យ​ចូលរួម​ជាមួយ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln នៅ​មជ្ឈិមបូព៌ា ជា​ការ​បង្កើន​កិច្ចសហការ​យោធា​កាន់តែ​រឹងមាំ​គំរាម​អ៊ីរ៉ង់។

ដំណាល​ពេល​នឹង​ការ​គំរាម​វាយប្រហារ​ពី​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី​បាន​បញ្ជូន​នាវា​ចម្បាំង​ផ្ទុក​គ្រឿង​រ៉ាដា​ចាប់​សញ្ញា​លើ​អាកាស លើ​ផ្ទៃទឹក និង​ក្នុង​សមុទ្រ ពី​តំបន់​បាល់ទិក ចូល​ចត​នៅ​កំពង់ផែ​បានដារ៍ អាបាស់ ប្រទេស​អ៊ីរ៉ង់ ចូលរួម​សកម្មភាព​សមយុទ្ធ​ជាមួយ​ឆ្មាំ​បដិវត្តន៍​នៅ​ច្រក​សមុទ្រ​ហ័មូស។

នៅ​ឯ​ប្រទេស​ស្វីស រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ សាយអ៊ីត អាបាស់ អារ៉ាក់ឈី ប្រាប់​កាសែត​កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ថា ប្រទេស​អ៊ីរ៉ង់ នឹង​មិន​អាច​បញ្ឈប់​ផលិត​សារធាតុ​អ៊ុយរ៉ានីញ៉ូម​សម្រាប់​ថាមពល​នុយក្លេអ៊ែរ​បាន​ឡើយ ទោះជា​ការ​ចរចា​មាន​ដំណើរការ​ល្អ​ប្រសើរ​ចម្រើន​ទៅ​មុខ​យ៉ាងណាក្ដី។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ ABC News និង CNBC បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សម្ដី​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ទៅ​កាន់​អ៊ីរ៉ង់ ក្រោយ​លោក​ទទួល​ដំណឹង​ថា​ការ​ចរចា​រវាង​គណប្រតិភូ​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ មិន​ទទួល​បាន​កិច្ចព្រមព្រៀង​អ្វី​មួយ​នោះ​ទេ ដោយ​ភាគី​អ៊ីរ៉ង់ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ព្យាយាម​ពន្យល់​ហេតុផល​គ្រប់​បែប​យ៉ាង​ដើម្បី​ជៀសវាង​ការ​រំលាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ អ៊ីរ៉ង់​បាន​ដាក់​លក្ខខណ្ឌ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ ត្រូវតែ​លុប​ចោល​ទណ្ឌកម្ម​ទាំងអស់​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​ចរចា​ផ្ដោត​សំខាន់​ទៅ​លើ​អាវុធ​នុយក្លេអ៊ែរ​តែប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​ចរចា​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ គឺ​មាន​សារសំខាន់​សម្រាប់​ការ​ស្វែងរក​សន្តិភាព។ លោក​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​ត្រូវតែ​ធ្វើ​ឱ្យ​ការ​ចរចា​មាន​ភាព​យុត្តិធម៌ និង​ស្មោះត្រង់ ហើយ​នៅ​ពេល​ខាងមុខ លោក​សង្ឃឹម​ថា អ៊ីរ៉ង់​នឹង​យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​ដើម្បី​ចៀសវាង​សង្គ្រាម។

ជាមួយ​គ្នា​នេះ លោក Robert Mally មេក្រុម​នៃ​កិច្ចចរចា​អាមេរិកាំង​រឿង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ពី​សម័យ​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រាប់​ទូរទស្សន៍ MS NOW កាលពី​យប់​ថ្ងៃ​ពុធ ថា ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ជា​អំពើ​ខុស​ច្បាប់ គឺ​រំលោភ​ច្បាប់​អន្តរជាតិ​ផង រំលោភ​រដ្ឋធម្មនុញ្ញ​អាមេរិកាំង​ផង ព្រោះ​ថា​សភា​ជាតិ​មិន​បាន​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ខណៈ​នេះ សហរដ្ឋ​អាមេរិក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយ​ដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ជាង ៥០​គ្រឿង​ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង បង្កើន​ចំនួន​ទ័ព យន្តហោះ​ចម្បាំង​ប្រភេទ F-22, F-35 និង F-16 ជាច្រើន​គ្រឿង នាវា​ផ្ទុក​យន្តហោះ USS Gerald R. Ford ជាមួយ​នាវា​ពិឃាត​ផ្ទុក​មីស៊ីល​ចំនួន​បី​គ្រឿង មាន​ដូចជា USS Mahan, USS Bainbridge USS Winston Churchill និង USS Abraham Lincoln។

កាលពី​ថ្ងៃទី​១៨ កុម្ភៈ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ សង្គ្រាជ អាយ៉ាតុលោះ អាលី ខាម៉េនី ប្រាប់​កាសែត​បរទេស​ថា អ៊ីរ៉ង់​មាន​សមត្ថភាព​បាញ់​ពន្លិច​នាវាចម្បាំង​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច នាំគ្នា​អធិប្បាយ​ថា ប្រទេស​តូចៗ​រង់ចាំ​តែ​ទប់ទល់​នឹង​ទំនិញ​ឡើង​ថ្លៃ ពេល​ណា​ប្រទេស​ប្រេងកាត​ធ្វើ​ចម្បាំង ដោយសារ​បូម​ប្រេង​នាំចេញ​មិន​បាន​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ផលិត​ប្រេងកាត​ទី​៣ ក្នុង​ចំណោម​ប្រទេស​១០ ផលិត​ប្រេង​នាំចេញ​លើ​ពិភពលោក គឺ​ពី ២​លាន ៣​សែន​ធុង ទៅ ៣​លាន ៣​សែន​ធុង ឬ​បារ៉ែល ដែល​មាន​ចំណុះ​ប្រមាណ ១៦០​លីត្រ​ក្នុង​មួយ​ធុង៕

© 2026, . All rights reserved.