លោក ចេន ហ្ស៊ី (Chen Zhi) ដែល​តុលាការ​ប្រទេស​ចិន រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​បនល្បែង​អនឡាញ​ខុស​ច្បាប់ និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

ព័ត៌មានជាតិ

កាសែត​កូរ៉េខាងត្បូង ផ្សាយ​អំពី​ចំណូល​ពី​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​ស្រុក​ខ្មែរ​ជា​ផលទុន​សរុប​ក្នុង​ស្រុក

By ឌឹ ខេមបូឌា ដេលី

February 21, 2026

កាសែត​កូរ៉េខាងត្បូង ជា​ភាសា​អង់គ្លេស ផ្សាយ​ប្រចាំ​ថ្ងៃ​ឈ្មោះ ឆូសុន ដេលី (The Chosun Daily) បាន​ផ្សាយ​អត្ថបទ​ពណ៌នា​មួយ​អំពី​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​ស្រុក​ខ្មែរ ដោយ​សរសេរ​ពាក្យ​ហៅ​រាជាណាចក្រ​កម្ពុជា Scambodia ព្រោះតែ​ឧក្រិដ្ឋកម្ម​ឆបោក​បាន​រីកសាយ​ក្នុង​ស្រុក​ខ្មែរ បោក​យក​ប្រាក់​ពលរដ្ឋ​ពី​ប្រទេស​ជាច្រើន​ក្នុង​តំបន់ និង​ឆ្លង​ទ្វីប ព្រមទាំង​ទាក់ទង​នឹង​ការ​រត់ពន្ធ​មនុស្ស​យក​ទៅ​ធ្វើ​ការងារ​ដូច​ទាសករ និង​ធ្វើ​ទារុណកម្ម ដែល​គេ​ចោទ​ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។

កាសែត​កូរ៉េខាងត្បូង ផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ នេះ​ថា តើ​ប្រទេស​កម្ពុជា​អាច​លុបលាង​សម្អាត​មុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ជ្រះ​ស្អាត​បាន​ឬ​ទេ ព្រោះ​ថា​រឿង​នេះ​មិនមែន​ជា​រឿង​តូចតាច​ទើប​នឹង​កើតមាន​នោះ​ឡើយ។

តាម​ការ​ស្រាវជ្រាវ​ពី​ប្រភព​នានា​ដូច​ដែល​សារព័ត៌មាន The Cambodia Daily បាន​ផ្សាយ​កន្លង​មក កាសែត​សរសេរ​ថា ចំណូល​ថវិកា​មណ្ឌល​ឆបោក​អនឡាយ​ចំនួន ៥០ ក្នុង​ស្រុក​ខ្មែរ​ពី​មុខរបរ​ឧក្រិដ្ឋ វា​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ពេក គឺ​ពី ១២​ពាន់ ៥០០​លាន​ដុល្លារ​ទៅ ១៩​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ឬ​ស្មើ​នឹង​ផលទុន​សរុប​ក្នុង​ស្រុក GDP ដល់​ទៅ ៦០% នៃ​ចំណូល​ក្នុង​សេដ្ឋកិច្ច​ជាតិ។ បើ​គិត​ជា​តម្លៃ​ទឹកប្រាក់​ផ្ទេរ ដោះដូរ​ជា​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក និង​ទឹកប្រាក់​ជា Bitcoin ស្មើ​នឹង​តម្លៃ​ប្រមាណ ២១​ម៉ឺន​លាន​ដុល្លារ។

មេខ្លោង​ធំ ចេន ហ្ស៊ី បាន​ធ្វើ​ប្រតិបត្តិការ​ខាង​មុខរបរ​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ មាន​មុខនាទី​ជា​ទីប្រឹក្សា​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ហើយ​គេ​សង្កេត​ឃើញ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ទៀត។

មណ្ឌល​ឆបោក​ចំនួន ៥០ ដែល​មាន​សាខា​ប្រមាណ ២០០ ទូទាំង​ប្រទេស ក្រុម​ជនរងគ្រោះ​ចាញ់បោក​ពី ១​សែន​ទៅ ១​សែន ៥​ម៉ឺន​នាក់។ ប្រភព​ព័ត៌មាន​ខ្លះ​និយាយ​ថា ការ​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា ទាំង​មេខ្លោង មេកង មេក្រុម​ឆបោក ទាំង​ជនរងគ្រោះ មាន​ចំនួន​ត្រឹមតែ​ប្រមាណ ២០% ប៉ុណ្ណោះ​មក​ទល់​ពេលនេះ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​សាធារណៈ​ថា បេសកកម្ម​រំលើង​ឫសគល់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​ជា​អាទិភាព​ជាតិ ហើយ​ចាប់ពី​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា ចុះ​អនុសញ្ញា​ជាមួយ​អង្គការ​សហប្រជាជាតិ ប្ដេជ្ញា​បំបាត់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា cybercrime។

ម្យ៉ាង​វិញ​ទៀត តាម​ការ​សរសេរ​ក្នុង​កាសែត គេ​សួរ​ថា តើ​ប្រទេស​កម្ពុជា​អាច​ចេញ​រួច​ពី​កណ្ដាប់ដៃ​ចិន បាន​ឬ​ទេ ខណៈ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​ព្យាយាម​អែបអប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រោះ​ថា​ប្រទេស​ចិន ជា​អ្នក​ដាក់​ទុន​នៅ​ស្រុក​ខ្មែរ​ច្រើន​ជាងគេ គឺ​រហូត​ដល់​ទៅ ៧៣% ស្មើ​នឹង​ទឹកប្រាក់ ៣​ពាន់ ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែកឯ​ទុន​ចិន លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ មាន​ចំនួន ១​ពាន់ ៧០០​លាន​ដុល្លារ ក៏​គេ​សង្កេត​ឃើញ​ដូចជា​នៅ​ទ្រឹង​គាំង​ត្រឹម​ខេត្ត​កណ្តាល ហើយ​ធនធាន​ក៏ដូចជា​ស្បើយ​ទៀត៕

© 2026, . All rights reserved.