អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បណ្ដេញ​ជនបរទេស​សរុប​ចំនួន ១០៩០​នាក់ មាន ១៧​សញ្ជាតិ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) និង​ករណី​លួច​ឆ្លងដែន​ដោយ​ខុស​ច្បាប់ គិត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

ជនបរទេស​ជាង ៨​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

By ឌឹ ខេមបូឌា ដេលី

February 21, 2026

ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ជនបរទេស​ជាង ៨​ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈ​បណ្ដាញ​ឆបោក​ដែល​នៅ​សេសសល់ បាន​ប្តូរ​ទៅ​ជា​ប្រតិបត្តិការ​នៅ​តាម​ទីតាំង​តូចៗ ឬ​តាម​លំនៅឋាន​ដែល​បង្កើត​ជា​បញ្ហា​ប្រឈម​ថ្មី​ក្នុង​ការ​បង្ក្រាប។

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌូនេស៊ី តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​ភ្នំពេញ បាន​ចេញ​បណ្ណ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​ដល់​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ឆបោក​ចំនួន​ជាង ២​ពាន់​នាក់។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២០ កុម្ភៈ ថា ដើម​ឆ្នាំ​នេះ ប្រទេស​កម្ពុជា​បាន​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទូទាំង​ប្រទេស​បាន ២០០​ករណី និង​បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​មេខ្លោង​ជាតិ​សាសន៍​ចម្រុះ​បាន​ប្រមាណ ៥០០​នាក់។

ប្រភព​ដដែល​អះអាង​ថា ការ​ស៊ើបអង្កេត​នៅតែ​បន្ត​តាមដាន​លំហូរ​ហិរញ្ញវត្ថុ និង​កម្ចាត់​បណ្ដាញ​លាង​លុយ​កខ្វក់​តាមរយៈ​ការ​ផ្ទេរ ឬ​ដោះដូរ​រូបិយប័ណ្ណ​អន្តរជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ កាលពី​ថ្ងៃទី​១៨ កុម្ភៈ បាន​ធ្វើ​បទបង្ហាញ​ទៅ​កាន់​អង្គទូត​នានា អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា។

លោក ឆៃ ស៊ីណារិទ្ធ បញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ប្រទេស​កម្ពុជា​បាន​សហការ​ជាមួយ​ដៃគូ​បរទេស​នានា រួម​មាន ប្រទេស​ចិន វៀតណាម សាធារណរដ្ឋ​កូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភព​អង់គ្លេស សហរដ្ឋ​អាម៉េរិក និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ជាដើម។

ជុំវិញ​បញ្ហា​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (គ.ប.ឆ.ប.) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ កុម្ភៈ ថា រយៈពេល ១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online scams) ជាង ២​ពាន់​ទីតាំង (ជាង ២៧០០​ទីតាំង) និង​បាន​រក​ឃើញ​ជនបរទេស​ស្នាក់នៅ​ចំនួន​ជាង ២​ម៉ឺន​នាក់ (២១១០៤​នាក់) ក្នុង​នោះ មាន​ស្ត្រី​ជាង ៦​ពាន់​នាក់​ផង​ដែរ (៦៦៨៣​នាក់)។ ភាគច្រើន​នៃ​ជនបរទេស​ទាំងនោះ ជា​ជនរងគ្រោះ​ដែល​ចាញ់បោក​មេខ្លោង​ដែល​សន្យា​ថា​ឲ្យ​ការងារ​ធ្វើ និង​បាន​ប្រាក់ខែ​ច្រើន។

ប្រភព​ដដែល​អះអាង​ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប រួម​មាន អគារ​ខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​រាជធានី​ភ្នំពេញ ក្នុង​នោះ សមត្ថកិច្ច​ក៏បាន​បង្ក្រាប​ករណី​ឆបោក​អនឡាញ​ចំនួន ៤០​ករណី​ផង​ដែរ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន គឺ​មាន​ចំនួន​ជិត ៣០០​នាក់ (២៨៤​នាក់) មកពី ១៣​សញ្ជាតិ ដូចជា វៀតណាម ចិន មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និង​ជនជាតិ​សិង្ហបុរី ផង​ដែរ។

គណៈកម្មការ​ដដែល​នេះ បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​បង្ក្រាប​ទាំងនេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន ១១​ករណី ដែល​មាន​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជា​ជនជាតិ​ចិន ២២​នាក់ ជនជាតិ​សិង្ហបុរី ១​នាក់ និង​ខ្មែរ ១​នាក់ សរុប​ទាំងអស់ ២៤​នាក់ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន។

ជុំវិញ​បញ្ហា​នេះ ក្រសួង​មហាផ្ទៃ បាន​ផ្សព្វផ្សាយ​ចំណាត់ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​អនឡាញ​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ថា កម្ពុជា​ប្ដេជ្ញា​បោស​សម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ។

កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ សហរដ្ឋ​អាមេរិក សរសើរ​ប្រទេស​កម្ពុជា ថា​ជា​ដៃគូ​ល្អ​ប្រកប​ដោយ​វិជ្ជាជីវៈ​ចំពោះ​កិច្ចសហការ​ក្នុង​ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ពាក់ព័ន្ធ​បទឧក្រិដ្ឋ។ សហរដ្ឋ​អាមេរិក បញ្ជាក់​ថា កិច្ចសហការ​នេះ​ក៏​ជា​សារ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា បុគ្គល​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​គេច​ខ្លួន​ពី​ច្បាប់ នឹង​ត្រូវ​បាន​វែកមុខ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យខាងតែ​បាន៕

© 2026, . All rights reserved.