លោក កឹម សុខា អង្គុយ​ជាមួយ​ម្តាយ​របស់​លោក គឺ​លោកស្រី សៅ ង៉ែត ខណៈ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៨។ (រូបថត៖ AFP)

នយោបាយ

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក កឹម សុខា និង​សកម្មជន​ផ្សេង​ទៀត

By ឌឹ ខេមបូឌា ដេលី

February 24, 2026

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ព្រមទាំង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ដទៃ​ទៀត​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ឱ្យ​រួបរួម​កម្លាំង​អភិវឌ្ឍ​ប្រទេស​ជាតិ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃទី​២៣ កុម្ភៈ នេះ​ថា ការ​ផ្សះផ្សា​ជាតិ​ដើម្បី​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ គឺជា​បន្ទាត់​នយោបាយ​ដ៏​ត្រឹមត្រូវ​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រឈម​នឹង​ការ​ឈ្លានពាន​នា​ពេលនេះ។

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន គាំទ្រ​ឱ្យ​រដ្ឋាភិបាល​បន្ត​គោលនយោបាយ​សាមគ្គី ផ្សះផ្សា​ជាតិ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ត្រូវ​បើក​លម្ហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ​ផង​ដែរ ដើម្បី​ជា​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​ខ្មែរ​ទាំងមូល។

ប្រភព​ដដែល បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​បើក​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​កន្លង​មក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អំពើ​ឈ្លានពាន​របស់​ថៃ មក​លើ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ត្រូវ​បាន​លាតត្រដាង​នៅ​ជុំវិញ​ពិភពលោក​នា​ពេលនេះ។

ប្រធាន​គណបក្ស​សង្គ្រះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ។

គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ មក កម្លាំង​នយោបាយ​ជាតិ​របស់​ប្រទេស​កម្ពុជា បាន​ប្រេះឆា និង​បែក​ខ្ចាត់ខ្ចាយ​យ៉ាង​ធ្ងន់ធ្ងរ។

យ៉ាងណាក៏ដោយ ក្រោយ​ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី តែង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​រួម​ចិត្ត​រួម​ថ្លើម និង​ទុកចិត្ត​លើ​រដ្ឋាភិបាល​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន។

ជាក់ស្តែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) កាលពី​ចុង​ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទាល់តែ​ខ្មែរ​មាន​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង​ក្នុង​ការ​ប្ដូរផ្ដាច់​ការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា បើ​ជាតិ​ខ្មែរ​ទាំងមូល​ចង់បាន​ឯកភាព​ជាតិ សាមគ្គី​ជាតិ ទាល់តែ​ពលរដ្ឋ និង​អ្នក​នយោបាយ​គ្រប់​រូប​ត្រូវ​ហ៊ាន​ឈរ​ជាមួយ​ភាព​យុត្តិធម៌ ប៉ុន្តែ​សង្គម​ខ្មែរ​ទំនង​ជា​មិន​ងាយ​នឹង​ស្វែងរក​ការ​រួបរួម​ជាតិ​បាន​ទេ ព្រោះតែ​ខ្វះ​មនុស្ស​ឱ្យ​តម្លៃ​លើ​ការពិត។

លោក វ៉ន ចាន់ឡូត អះអាង​ថា ម្ខាង​អាង​ជេរ ចោទ លាប​ពណ៌ ខណៈ​ម្ខាង​ទៀត​អាង​ចាប់ អាង​ចង ដូច្នេះ​សង្គម​ខ្មែរ​ក្នុង​ពេលនេះ ត្រូវ​ប្រឈម​នឹង​ក្រុម​អ្នក​នយោបាយ​គ្មាន​សីលធម៌​ដល់​ទៅ​ពីរ​ក្រុម ដែល​នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​មួយ​នេះ​ពិបាក​រក​ការ​ផ្សះផ្សា និង​ឯកភាព​ជាតិ​ខ្លាំង​ណាស់៕

© 2026, . All rights reserved.