ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) រំលឹកឡើងវិញពីការខិតខំរបស់បារាំង ក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសការចូលរួមជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
លោក តូម៉ាស់ ឡាំ (Thomas Lam) បានអះអាងជុំវិញជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី២៥ កុម្ភៈ នេះថា កន្លងមក បារាំងបានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាយ៉ាងពេញទំហឹង ជាពិសេសការចូលរួមបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោក តូម៉ាស់ ឡាំ បញ្ជាក់ថា លោកឯកភាពទាំងស្រុងឱ្យបារាំង និងកម្ពុជា ជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកកម្ពុជា។ បន្ថែមពីនេះ លោកក៏នឹងខិតខំប្រឹងប្រែងជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលប្រទេសហ្វ្រង់កូហ្វូនី ដែលប្រទេសកម្ពុជា រៀបចំទទួលនាពេលខាងមុខផងដែរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនជុំវិញជំនួបជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា លោក តូម៉ាស់ ឡាំ (Thomas Lam) នៅថ្ងៃទី២៥ កុម្ភៈ នេះថា បារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ជាពិសេសការចូលរួមរបស់បារាំង ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា នាពេលកន្លងមកនោះ។
តាមទស្សនាវដី្តបារាំង Cambodge Magazine នៅថ្ងៃទី២៥ ខែកុម្ភៈ លោក Thomas Lam ធ្វើទស្សនកិច្ចមុនលោក ម៉ាក្រុង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីមើលស្ថានភាពវិនិយោគទុនពីសំណាក់ក្រុមហ៊ុនបារាំង ឲ្យលើសពី ១០០។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក តូម៉ាស់ ឡាំ (Thomas Lam) បានអះអាងក្នុងជំនួបជាមួយលោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា ថា បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឯកសារផែនទី និងជំនួយបច្ចេកទេសចាំបាច់នានា ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការត្រៀមខ្លួនផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា នោះ។
ទំនាក់ទំនងកម្ពុជា-បារាំង បានចាប់ផ្ដើមតាំងពីឆ្នាំ១៨៦៣ ពេលដែលបារាំង ចូលមកធ្វើជាអាណាព្យាបាលលើប្រទេសកម្ពុជា ហើយបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល ១៦៣ឆ្នាំហើយ។
តាមរយៈឯកសារប្រវត្តិសាស្ត្រខ្លះ ប្រវត្តិវិទូខ្មែរកត់ត្រាថា បារាំងគឺជាអ្នកចរចាជំនួសស្តេចខ្មែរឱ្យថៃ សងទឹកដីមកឱ្យប្រទេសកម្ពុជា វិញ ក្រោយពីថៃ ច្បាំងឈ្នះយកទៅកាន់កាប់ ដូចជា ខេត្តបាត់ដំបង ស៊ីសូផុន សៀមរាប ព្រះវិហារ ជាដើម នៅឆ្នាំ១៩០៧ ដែលទឹកដីទាំងនោះត្រូវបានថៃ គ្រប់គ្រងតាំងពីអំឡុងឆ្នាំ១៧៩៤ មកនោះ។
ជាមួយគ្នានោះ បារាំងក៏បានសុខចិត្តប្រគល់ទីប្រជុំជនត្រាច ក្រាត ឬត្រាត ដែលក្លាយជាខេត្តសព្វថ្ងៃទៅស្តេចក្រុងសៀម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។ សន្ធិសញ្ញានោះ បញ្ជាក់ថា កោះគជ់ ឬកោះគុត និងដែនទឹកសមុទ្រជុំវិញក៏ស្ថិតក្នុងខេត្តត្រាត ដែរ៕
© 2026, . All rights reserved.