អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក ម៉ែន ណាត អំពាវនាវឱ្យរដ្ឋាភិបាលប្រទេសកម្ពុជា សម្រួលផ្ទៃក្នុងជាតិដើម្បីកសាងស្មារតីសាមគ្គី និងឯកភាពជាតិរវាងខ្មែរ និងខ្មែរ ស្របតាមគោលបំណងនៃរដ្ឋធម្មនុញ្ញ និងសហគមន៍អន្តរជាតិ ដោយការដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ កុម្ភៈ នេះថា សកម្មជនបរិស្ថាន សកម្មជនសង្គម អ្នកនយោបាយ ដូចជា លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និងលោក កើត សារ៉ាយ ជាដើម គួរតែត្រូវបានដោះលែងឱ្យមានសេរីភាព។
លើសពីនេះ ដូចជា លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ខឹម ចាន់វណ្ណៈ លោក លោក រ៉ុង ឈុន កញ្ញា សេង ធារី និងអ្នកឯទៀតក៏ត្រូវដោះលែងផងដែរ ព្រោះថា បើគិតមកទល់នឹងពេលនេះ មានសកម្មជនបរិស្ថាន សកម្មជននយោបាយ រួមទាំងអ្នកនយោបាយផងជិត ១០០នាក់ហើយ (៩៧នាក់) ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌នោះ។
លោក ម៉ែន ណាត លើកឡើងថា ចំណែកសំណុំរឿងដាច់ដោយឡែកមួយទៀត គឺករណីអ្នកធ្វើអាជីវកម្មតាមអនឡាញឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ក៏គួរតែទទួលបានការដោះលែងពីពន្ធនាគារដែរ ព្រោះនារីរងគ្រោះរូបនេះក៏ទទួលរងនូវភាពអយុត្តិធម៌ពីប្រព័ន្ធតុលាការ មិនខុសពីសកម្មជនសង្គមទាំងនោះឡើយ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើករណីសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ៣នាក់ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ រួមទាំងសកម្មជនសង្គមផ្សេងទៀតផងដែរ ពីបទញុះញង់។
ក្នុងសំណុំរឿងនេះ មានជនជាប់ចោទសរុបចំនួន ៣៧នាក់ ប៉ុន្តែត្រូវបានតុលាការបំបែកទៅជា ៥សំណុំរឿងផ្សេងៗគ្នា ខណៈសំណុំរឿងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់នៅក្នុងសំណុំរឿងទីមួយ ហើយបទចោទនេះអាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ បើសិនជារកឃើញថាអ្នកទាំងនោះមានទោស។
គិតមកទល់នឹងពេលនេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជនជាប់ចោទជាច្រើនផ្សេងទៀតបានជាប់ពន្ធនាគារបណ្ដោះអាសន្នអស់រយៈពេល ១៩ខែហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ តុលាការកំពូលក៏បានបើកសវនាការលើសំណើសុំនៅក្រៅឃុំពីសកម្មជនបរិស្ថានចំនួន ៥នាក់ផងដែរ រួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យីម លាងហ៊ី ពីបទញុះញង់ដូចសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែរ ប៉ុន្តែសំណុំរឿងនេះ តុលាការសម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៣នាក់ គឺលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមបទចោទញុះញង់ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយលើបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV)។
ចំណែកសកម្មជនចលនាមាតាធម្មជាតិ បានរងការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ដែលត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី ៦ឆ្នាំទៅ ៨ឆ្នាំ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីសាលក្រមរបស់តុលាការត្រូវបានប្រកាសភ្លាមៗនៅថ្ងៃដដែលនោះ៕
© 2026, . All rights reserved.