ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អាមេរិក​ព្រមាន​ថា​សាធារណរដ្ឋ​អ៊ីស្លាមិក​អ៊ីរ៉ង់ មាន​កាំជ្រួច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប

By ឌឹ ខេមបូឌា ដេលី

February 26, 2026

នៅ​ក្នុង​ឱកាស​ថ្លែងការណ៍​ប្រចាំ​ឆ្នាំ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង អំពី​ស្ថានភាព​ប្រទេស​ជាតិ​ចំពោះ​មុខ​សភា​ទាំង​ពីរ នៅ​យប់​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមាន​ថា ប្រទេស​អ៊ីរ៉ង់ កំពុង​អភិវឌ្ឍ​មីស៊ីល​ផ្លោង​ដែល​អាច​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក។

លោក ត្រាំ បន្ត​ព្រមាន​ថា ទាំង​ដែនដី​អឺរ៉ុប ក៏​មីស៊ីល​របស់​អ៊ីរ៉ង់ បាញ់​ទៅ​ដល់​យ៉ាង​ងាយ​បំផុត ដែល​ចាំបាច់​ត្រូវ​ទប់ស្កាត់​អ៊ីរ៉ង់។

ការ​ព្រមាន​របស់​លោក ត្រាំ ក៏​ជួន​ពេល​លោក​កំពុង​ដាក់​ផែនការ​វាយប្រហារ​អ៊ីរ៉ង់ ប្រសិនបើ​ការ​ចរចា​ស្តីអំពី​ការ​រំលាយ​ចោល​រចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ នៅតែ​បន្ត​បរាជ័យ​ពុំ​មាន​កិច្ចព្រមព្រៀង។ លោក ត្រាំ ថា​អ៊ីរ៉ង់​នឹង​ក្លាយ​ជា​ប្រភព​ដ៏​គ្រោះថ្នាក់​ចំពោះ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បើ​អ៊ីរ៉ង់​ក្លាយ​ជា​ឃ្លាំង​ស្តុក​គ្រាប់​មីស៊ីល​ផ្លោង​ដ៏​ធំ​បំផុត​នៃ​ពិភពលោក។

រដ្ឋមន្ត្រី​ការបរទេស​អូម៉ង់ Badr Albusaidi បាន​ប្រកាស​ថា អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក នឹង​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ជុំ​ទី​បី នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ នៅ​ទីក្រុង​ហ្សឺណែវ ខណៈ​ភាព​តានតឹង​កាន់តែ​កើន​ឡើង​អំពី​ហានិភ័យ​នៃ​ការ​ប្រឈមមុខ​យោធា​រវាង​ភាគី​ទាំង​ពីរ។ ប្រទេស​អូម៉ង់ តែងតែ​ដើរ​តួនាទី​ជា​អ្នក​សម្របសម្រួល​សំខាន់​ក្នុង​កិច្ចចរចា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេហេរ៉ង់ ជាពិសេស​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា អ៊ីរ៉ង់​កំពុង​ផ្តល់​សម្បទាន​ថ្មី​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដរាបណា​ត្រូវ​បាន​រួម​បញ្ចូល​ទាំង​ការ​លើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ការ​ទទួលស្គាល់​សិទ្ធិ​របស់​ទីក្រុង​តេហេរ៉ង់ ចំពោះ​ការ​បង្កើន​សារធាតុ​នុយក្លេអ៊ែរ​ដោយ​សន្តិវិធី។

ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian បាន​សម្ដែង​សុទិដ្ឋិនិយម​ដោយ​ប្រុងប្រយ័ត្ន ដោយ​និយាយ​ថា ការ​ចរចា​ថ្មីៗ​នេះ «បាន​ផ្តល់​សញ្ញា​វិជ្ជមាន​ខ្លះ​ហើយ»។ ទោះជា​យ៉ាងណា លោក​ក៏បាន​បញ្ជាក់​ថា ទីក្រុង​តេហេរ៉ង់ ត្រៀម​ខ្លួន​សម្រាប់ «សេណារីយ៉ូ​ដែល​អាច​កើតមាន​ណា​មួយ» ដែល​បង្ខំ​អ៊ីរ៉ង់ ត្រូវ​វាយ​ការពារ​ខ្លួន។

យ៉ាងណា លោក ដូណាល់ ត្រាំ កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការ​វាយប្រហារ​យោធា​លើ​ប្រទេស​អ៊ីរ៉ង់ បើ​ទោះជា​នាយ​ឧត្ដមសេនីយ៍​កំពូល​ម្នាក់​ជា​នាយសេនាធិការ​កងទ័ព​អាមេរិក ចេញ​មុខ​ព្រមាន​ដោយ​ត្រង់ៗ​ថា អាមេរិក​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​គ្រាប់រំសេវ​យុទ្ធសាស្ត្រ និង​ការ​មិន​គាំទ្រ​ពី​សម្ពន្ធមិត្ត ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កងទ័ព​អាមេរិក​ក៏ដោយ។

យោង​តាម​សេចក្ដី​រាយការណ៍​ពី The Washington Post ឧត្ដមសេនីយ៍ Dan Caine នាយអគ្គសេនាធិការ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នៅ​សេតវិមាន កាលពី​សប្តាហ៍​មុន​ថា ស្តុក​គ្រាប់រំសេវ​របស់​អាមេរិក​មាន​ភាព​ថយ​ចុះ​យ៉ាង​ខ្លាំង ដោយសារ​ការ​បញ្ជូន​យក​ទៅ​ជួយ​អ៊ីស្រាអែល និង​អ៊ុយក្រែន។

ឧត្ដមសេនីយ៍ Dan Caine បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កង្វះ​ខាត​គ្រាប់​មីស៊ីល interceptors សម្រាប់​ប្រព័ន្ធ​ការពារ THAAD និង Patriot ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​ក្នុង​ប្រតិបត្តិការ​កន្លង​ទៅ​នៅ​មជ្ឈិមបូព៌ា និង​អ៊ុយក្រែន។

តាម​ការ​ស្រាវជ្រាវ​ពី​ក្រុម​អង្គការ Iran Watch នៅ​រដ្ឋធានី​វ៉ាស៊ីនតុន អ៊ីរ៉ង់​មាន​កាំជ្រួច​ផ្ទុក​ក្បាលគ្រាប់​ផ្ទុះ​ប្រមាណ ៣០០០​កាំជ្រួច បាញ់​បាន​ចម្ងាយ​ជិត និង​ចម្ងាយ​មធ្យម គឺ​អស់​ឆ្ងាយ​ត្រឹម ២៥០០​គីឡូម៉ែត្រ ប៉ុន្តែ​គ្មាន​កាំជ្រួច​បាញ់​ឆ្លង​ទ្វីប ឬ​អន្តរទ្វីប ICBM នោះ​ទេ។

ក្រុម​អ្នកវិភាគ​កិច្ចការ​សន្តិសុខ​ជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ពី​សម័យ​រដ្ឋការ​មុនៗ ដូចជា​លោក Ben Rhode និង​លោក Richard Stengel ជាដើម និយាយ​ថា គេ​ធ្លាប់​ឮ​ការ​បំពង​បំភ័យ​អំពី​មេដឹកនាំ​អ៊ីរ៉ាក់ សាដាំ ហ៊ូសសេន ដែល​មាន​អាវុធ​ប្រល័យ​លោក​បាញ់​ដល់​ទ្វីប​អឺរ៉ុប​រលាយ​ខ្ទេច ប៉ុន្តែ​ប្រទេស​អ៊ីរ៉ាក់ តូច មាន​ពលរដ្ឋ​តិច​ជាង​ប្រទេស​អ៊ីរ៉ង់ បួន​ដង។

ដំណាល​ពេល​គ្នា​នេះ ឧត្ដមសេនីយ៍ Caine ក៏បាន​លើកឡើង​ពី​បញ្ហា​សម្ពន្ធមិត្ត​អារ៉ាប់ ដែល​មិន​ផ្ដល់​សិទ្ធិ​ហោះហើរ។

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​នៅ​តំបន់​ឈូងសមុទ្រ ប្រទេស​អារ៉ាប់​មួយ​ចំនួន​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព ឬ​ទឹកដី​របស់​ខ្លួន​សម្រាប់​វាយប្រហារ​អ៊ីរ៉ង់ ឡើយ ព្រោះ​បារម្ភ​ពី​ការ​សងសឹក​ពី​ប្រទេស​អ៊ីរ៉ង់។

ទោះជា​យ៉ាងណា លោក ដូណាល់ ត្រាំ បាន​ឆ្លើយតប​តាម​បណ្ដាញ​សង្គម​ថា ព័ត៌មាន​ដែល​ថា​ឧត្ដមសេនីយ៍ Dan Caine ប្រឆាំង​នឹង​ការ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ គឺ​មិន​ត្រឹមត្រូវ​មួយរយ​ភាគរយ​ឡើយ។

តាម​ប្រភព​ផ្ទៃក្នុង ឧត្ដមសេនីយ៍ Dan Caine និយាយ​ថា ការ​វាយប្រហារ​ធ្វើ​ចម្បាំង​នឹង​អ៊ីរ៉ង់ ជា​ការ​ប្រថុយប្រថាន​ដ៏​ធំ។

លោក ត្រាំ បាន​បញ្ជាក់​ថា៖ «ទោះបីជា​ឧត្ដមសេនីយ៍​មិន​ចង់​ឃើញ​ការ​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា ប៉ុន្តែ​កងទ័ព​អាមេរិក​នឹង​វាយ​ឈ្នះ​អ៊ីរ៉ង់ យ៉ាង​ងាយ​បំផុត»

© 2026, . All rights reserved.