អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​យប់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

នយោបាយ

រដ្ឋាភិបាល​ដោះលែង​ប្រធាន​គណបក្ស​ប្រជែង​ម្នាក់ ខណៈ​អ្នក​នយោបាយ​ចង់​ឱ្យ​ដោះលែង​ទាំងអស់

By ឌឹ ខេមបូឌា ដេលី

February 27, 2026

តើ​រាជរដ្ឋាភិបាល​គួរ​ដោះលែង​អ្នក​ដែល​មាន​ទោស​ដោយ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ស្រប​ច្បាប់ ហៅថា​អ្នកទោស​មនសិការ​ម្តង​ម្នាក់ ឬ​ទាំងអស់​គ្នា?

កាលពី​ថ្ងៃ​ពុធ លោក ម៉ែន ណាត អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ផ្តល់​គំនិត​ថា រាជរដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ តាមរយៈ​ការ​ដោះលែង​ជន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទាំងអស់ ដើម្បី​នាំមក​នូវ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ជា​មុន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា ជឿជាក់​ថា ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ នឹង​កើតមាន​យ៉ាង​ពិតប្រាកដ បើ​រាជរដ្ឋាភិបាល​ខ្មែរ​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​ជា​ទ្រង់ទ្រាយ​ធំ​នោះ ដែល​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី រួម​ទាំង​អ្នកទោស​សង្គម និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត។

លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ កុម្ភៈ នេះ​ថា បើ​ពិត​មាន​ថ្ងៃ​នោះ​មែន ក៏​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា អំពី​ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ​ដែរ ព្រោះ​មិន​ថា​តែ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទេ សូម្បី​មជ្ឈដ្ឋាន​អន្តរជាតិ ក៏​នឹង​សាទរ​ចំពោះ​ការ​លើកលែង​ទោស​ដល់​អ្នកទោស​មនសិការ​ទាំងនោះ​ដែរ។

កាលពី​យប់​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ប្រកាស​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​តាម​សំណើ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត។

លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ពោធិ៍ចិនតុង ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កម្មវិធី​ផ្តល់​បណ្ណ​ក្រីក្រ​របស់​រដ្ឋាភិបាល អំឡុង​ពេល​ដែល​អតីត​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន។

ក្រោយ​ឃុំ​ខ្លួន​រយៈពេល ៦​ខែ ១៧​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ព្រមទាំង​ដក​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​បោះឆ្នោត និង​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត​ថែម​ទៀត ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ជុំវិញ​បញ្ហា​នេះ លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ កុម្ភៈ នេះ ដោយ​ចាត់ទុក​ការ​លើកលែង​ទោស​ដល់​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បង្គ្រប់​កិច្ច និង​ជា​ល្បែង​នយោបាយ​ច្រំដែល​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។

លោក សេង វណ្ណលី លើកឡើង​ថា កន្លង​មក​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​ទោស​អ្នក​រិះគន់ ហើយ​បន្ទាប់​មក​ក៏​មាន​ការ​លើកលែង​ទោស គឺ​ដើម្បី​ដោះដូរ​នឹង​ការ​បន្ធូរបន្ថយ​សម្ពាធ​សេដ្ឋកិច្ច​ពី​បរទេស​ប៉ុណ្ណោះ ដែល​ល្បិចកល​បែប​នេះ​បាន​ក្លាយ​ជា​ល្បែង​នយោបាយ​ដែល​ពិភពលោក​មើល​យល់​អស់​ទៅ​ហើយ។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​នេះ​មាន​អ្នក​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ជិត ១០០​នាក់ (៩៦​នាក់) រួម​មាន​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម ដោយសារ​ការ​បញ្ចេញមតិ​របស់​ពួកគេ៕

© 2026, . All rights reserved.