រថយន្ត​បើកបរ​លើស​ល្បឿន​កំណត់

ច្បាប់

អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ

By ឌឹ ខេមបូឌា ដេលី

March 02, 2026

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈរ​លើ​គោលការណ៍​ដាក់​ពិន័យ​ផ្សារភ្ជាប់​នឹង​ការ​អប់រំ ក្នុង​គោលដៅ​ប្រែ​ក្លាយ​ពី​ការ​ដាក់​ទោស មក​ជា​ការ​កែប្រែ​ឥរិយាបថ មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ ដូចជា ការ​បាត់បង់​ទំនុកចិត្ត​ពី​ពលរដ្ឋ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​ផង​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​លើកកម្ពស់​តម្លាភាព និង​ប្រសិទ្ធភាព យន្តការ​អនុវត្ត​គួរតែ​ផ្លាស់ប្ដូរ​មក​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា (Digital Tracking) ដើម្បី​កត់ត្រា​ប្រវត្តិ​កំហុស និង​អនុវត្ត​វិធានការ​តាម​កម្រិត ដោយ​ធ្វើការ​អប់រំ​ជា​មូលដ្ឋាន មុន​ឈាន​ដល់​ការ​ផាកពិន័យ ដូចជា ផ្តល់​ការ​អប់រំ និង​តម្រង់​ទិស​ចំពោះ​កំហុស​លើក​ទី​១ និង​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​បែប​អប់រំ​ចំពោះ​កំហុស​លើក​ទី​២ មុន​នឹង​ឈាន​ទៅ​រក​ការ​អនុវត្ត​វិធានការ​ផាកពិន័យ ដែល​ជា​កំហុស​ចុងក្រោយ​នោះ។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ​ជឿជាក់​ថា ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​ឈរ​លើ​គោលការណ៍​កត់ត្រា អប់រំ មុន​ឈាន​ដល់​ការ​ផាកពិន័យ នោះ​សមត្ថកិច្ច​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ការ​គោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ ដែល​អាច​ប្រែ​ក្លាយ​ការ​អនុវត្ត​ច្បាប់​ពី «ការ​ដាក់​ទោស» មក​ជា «ការ​កែប្រែ​ឥរិយាបថ» ប្រកប​ដោយ​ចីរភាព​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក ហេង រតនា ស្នងការរង​ទទួល​ផែន​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​អះអាង​ថា គ្រប់​គោលដៅ​ផាកពិន័យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង ដើម្បី​ធានា​តម្លាភាព​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​ប្រព្រឹត្ត​កំហុស។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​ដងផ្លូវ​ស្ទើរតែ​ក្លាយ​ទៅ​ជា​មុខរបរ​ស្រប​ច្បាប់​សម្រាប់​កងកម្លាំង​នគរបាល​មួយ​ចំនួន​ទៅ​ហើយ ព្រោះតែ​ពួកគេ​ទទួល​បាន​លុយ​យ៉ាងច្រើន​ពី​ការ​ធ្វើ​សកម្មភាព​មួយ​នេះ។

បណ្ឌិត គិន ភា លើកឡើង​ថា លុយ​ដែល​ពួកគេ​ផាកពិន័យ​បាន​ពី​ប្រជាពលរដ្ឋ ត្រូវ​បាន​បែងចែក​ទៅ​ឱ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​នៅ​នឹង​កន្លែង ៧០% ដែល​ជា​លុយ​សុទ្ធ និង​បែងចែក​ទៅ​ឱ្យ​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក និង​សណ្ដាប់ធ្នាប់ ១៦% ផង​ដែរ។ ចំណែកឯ ៩% ទៀត គឺ​ត្រូវ​បែងចែក​ទៅ​ឱ្យ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ខេត្ត ខណៈ​ស្រុក ខណ្ឌ ក៏​ទទួល​បាន ៥% ពី​ការ​បែងចែក​នេះ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រងគ្រោះ តែងតែ​រអ៊ូ​ថា មន្ត្រី​នគរបាល​ចរាចរណ៍​ភាគច្រើន​មាន​អត្តចរិត​កាច​សាហាវ​មិន​ខុស​ពី​ក្រុម​ចាប់​ជំរិត​ឡើយ ព្រោះ​ពួកគេ​តែង​គំរាម សម្លុត​ពលរដ្ឋ និង​ប្រើ​ពាក្យសម្ដី​ប្រមាថ​ផ្សេងៗ​ដោយ​មិន​គោរព​ក្រមសីលធម៌​មន្ត្រី​កងកម្លាំង​នោះ​ទេ ក្នុង​បំណង​ឱ្យ​អ្នក​ប្រព្រឹត្ត​កំហុស​បង់​លុយ​ទៅ​តាម​ការ​កំណត់​របស់​ពួកគេ៕

© 2026, . All rights reserved.