លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​អំពើពុករលួយ​របស់​លោក ហេង សួរ

By ឌឹ ខេមបូឌា ដេលី

March 05, 2026

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ស៊ើបអង្កេត​អំពើពុករលួយ និង​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​តម្លាភាព និង​ជួយ​ដល់​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ការងារ កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​បោសសម្អាត​អំពើពុករលួយ​នៅ​ក្នុង​ក្រសួង​ការងារ បាន​ទេ វា​នឹង​រាំងស្ទះ​ដល់​ពលករ​ខ្មែរ​ដែល​ស្វែងរក​ការងារ​ធ្វើ​នៅ​បរទេស​ផង និង​បង្ក​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​នាំ​ទៅ​ដល់​ការ​បំផ្លាញ​ថវិកា​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ផង។

ប្រភព​ដដែល រៀបរាប់​ថា ក្នុង​ពេល​ប្រឡង​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ម្តងៗ យ៉ាងហោចណាស់​មាន​បេក្ខជន​មក​ដាក់​ពាក្យ​ចន្លោះ​ពី ២​ម៉ឺន​នាក់​ទៅ ៣​ម៉ឺន ៥​ពាន់​នាក់​ក្នុង​មួយ​លើក ខណៈ​ការ​ប្រឡង​ត្រូវ​បាន​ធ្វើឡើង​ពី ២ ទៅ ៣​លើក​ក្នុង ១​ឆ្នាំ ចំណែក​លិខិត​ស្នើសុំ​ការ​ប្រឡង ឬ​ពាក្យ​ប្រឡង ក្នុង​មួយ​សន្លឹក​ត្រូវ​បាន​ក្រសួង​ការងារ លក់​ទៅ​ឱ្យ​បេក្ខជន​ទាំងនោះ​ក្នុង​មួយ​ច្បាប់​តម្លៃ ២៨​ដុល្លារ​អាមេរិក។ ដូច្នេះ បើ​គិត​ទំហំ​ទឹកប្រាក់​សរុប​ពី​ការ​លក់​ពាក្យ​ប្រឡង​ឱ្យ​បេក្ខជន​ទាំងនេះ ក្រសួង​ការងារ អាច​ទទួល​បាន​ទឹកប្រាក់​ចន្លោះ​ពី​ជិត ៦​សែន​ដុល្លារ (៥៦០០០០​ដុល្លារ) ទៅ​ជិត ១​លាន​ដុល្លារ​អាមេរិក (៩៨០០០០​ដុល្លារ) ក្នុង ១​លើកៗ។

ជាង​នេះ​ទៀត បេក្ខជន​ដែល​ប្រឡង​ជាប់ ក្រសួង​តម្រូវ​ឱ្យ​ទិញ​ពាក្យ​ពិនិត្យ​សុខភាព​ក្នុង​មួយ​ច្បាប់​តម្លៃ ៣៨​ដុល្លារ​ថែមទៀត ខណៈ​បេក្ខជន​ដែល​ប្រឡង​ជាប់​ក្នុង​មួយ​លើកៗ​មាន​ប្រមាណ​ជា ១​ម៉ឺន ៥​ពាន់​នាក់ ដូច្នេះ​ក្រសួង​ក៏​អាច​ទទួល​បាន​លុយ​ពី​បេក្ខជន​ដែល​បាន​ទិញ​ពាក្យ​ពិនិត្យ​សុខភាព​ទាំងនោះ​សរុប​ជិត ៦​សែន​ដុល្លារ​អាមេរិក (៥៧០០០០​ដុល្លារ) បន្ថែម​ទៀត​ដែរ​ក្នុង​មួយ​លើក។

មន្ត្រី​ក្រសួង​ការងារ​ទាំងនេះ​ត្អូញត្អែរ​ថា ពាក្យ​ប្រឡង និង​ពាក្យ​ពិនិត្យ​សុខភាព ត្រូវ​បាន​ក្រសួង​ការងារ តម្រូវ​ឱ្យ​បេក្ខជន​ទិញ​ដាច់ខាត ប៉ុន្តែ​ក្រសួង​បែរជា​មិន​គិតគូរ​ពី​ពួកគេ​ឡើយ ព្រោះ​បេក្ខជន​ដែល​ប្រឡង​ជាប់​ហើយ​មិន​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង រាប់​ម៉ឺន​នាក់​ឯណោះ​ក្នុង​មួយ​ឆ្នាំៗ។

មន្ត្រី​ដដែល​នេះ​អះអាង​ថា រឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​ជាង​នេះ​ទៀត​នោះ គឺ​ថា​ប្រសិនបើ​បេក្ខជន​ដែល​ប្រឡង​ជាប់​ទាំងឡាយ​ណា​មិន​បាន​ចេញ​ទៅ​ធ្វើការ​រយៈពេល ២​ឆ្នាំ នោះ​ពួកគេ​នឹង​ត្រូវ​ទុក​ជា​អសារបង់ ហើយ​ក្រសួង​តម្រូវ​ឱ្យ​ពួកគេ​ប្រឡង​សាជាថ្មី ដោយ​កំណត់​ឱ្យ​ពួកគេ​ទិញ​ពាក្យ​ប្រឡង និង​ទិញ​ពាក្យ​ពិនិត្យ​សុខភាព​ឡើងវិញ​ដូច​មុន​ដដែល។

ប្រភព​ដដែល​បញ្ជាក់​ថា ខាង​រោងចក្រ​តែង​កាត់​លុយ​ពី​កម្មករ​ជិត ៦​ដុល្លារ (៥,៩៩​ដុល្លារ) ជា​រៀងរាល់​ខែ ដើម្បី​បង់​ទៅ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ ប.ស.ស ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ប្រើ​បណ្ណ​នេះ បែរជា​ខាង​មន្ទីរពេទ្យ​អះអាង​ថា បណ្ណ ប.ស.ស របស់​ពួកគេ​បាន​ផុតកំណត់​ទៅវិញ ខណៈ​ប្រាក់ខែ​របស់​ពួកគេ គឺ​បង់​មិន​ដែល​ខកខាន​ម្តង​ណា​នោះ។

លោក ហេង សួរ គឺជា​មន្ត្រី​លេចធ្លោ​មួយ​រូប​ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ ថា​ជា​មនុស្ស​កោងកាច និង​បំពាន​ច្បាប់​ការងារ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​រហូត​មក។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាជិក​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​កន្លង​ទៅ​ថា លោក ហេង សួរ កាក់កប​នឹង​មុខរបរ​នាំ​ពលករ​ចេញ​ទៅ​ក្រៅ​ប្រទេស​យ៉ាង​ខ្លាំង ដោយ​មាន​ការ​បើក​ដៃ​ពី​លោក ហ៊ុន ម៉ាណែត។

ប្រភព​ដដែល បញ្ជាក់​ថា ដើម្បី​ធានា​ភាព​មាន​បាន និង​អំពើ​ល្មើស​ច្បាប់​របស់​ខ្លួន លោក ហេង សួរ ក៏បាន​សូកប៉ាន់​ដី​ទំហំ​ជាង ៤០០​ហិកតា​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាលពី​អំឡុង​ឆ្នាំ​២០២៤ ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែរ ក្នុង​ពេល​ដែល​លោក ហេង សួរ មាន​ដី​រាប់​ពាន់​ហិកតា​នៅ​តំបន់​នោះ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​ចេញ​របាយការណ៍​ស្តីអំពី​អំពើពុករលួយ​កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុង​ចំណោម​ប្រទេស​សរុប ១៨២ នៅ​លើ​ពិភពលោក។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ គឺ​កម្ពុជា​មាន​ពិន្ទុ​ល្អ​ជាង​ប្រទេស​ភូមា មួយ​ប៉ុណ្ណោះ៕

© 2026, . All rights reserved.