ក្រសួងមហាផ្ទៃ ព្រមានកុំឱ្យយុវជនធ្វើសកម្មភាពទំនើងនៅក្នុងសង្គមបន្តទៀត ជាពិសេសត្រូវចៀសឱ្យផុតពីការប្រព្រឹត្តដែលនាំទៅដល់បទល្មើសឃាតកម្ម និងប៉ុនប៉ងឃាតកម្ម ដែលនឹងត្រូវរងទោសទណ្ឌចាប់ពី ១០ឆ្នាំទៅ ១៥ឆ្នាំ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសេចក្ដីណែនាំស្ដីពីបទល្មើសឃាតកម្មពាក់ព័ន្ធនឹងសកម្មភាពក្មេងទំនើងនៅថ្ងៃទី៦ មីនា ថា បទល្មើសឃាតកម្មសំដៅដល់រាល់អំពើប្រព្រឹត្តទាំងអស់របស់ជនបង្កដែលមានចេតនាចង់ឱ្យជនរងគ្រោះ ឬគូបដិបក្ខរបស់ខ្លួនស្លាប់ ដោយសកម្មភាពសកម្មរស់រវើក ដូចជា ការវាយដំ និងកាប់ចាក់ ជាដើម នៅក្នុងពេលនៃការប្រព្រឹត្តអំពើហិង្សានោះ។
អ្នកនាំពាក្យរូបនេះ ពន្យល់ថា ទាំងការប្រើអាវុធ និងការមិនប្រើអាវុធ គឺសុទ្ធតែត្រូវចាត់ចូលក្នុងបទល្មើសឃាតកម្មទាំងអស់ នៅពេលដែលជនបង្កមានចេតនាទុច្ចរិតចង់ឱ្យជនរងគ្រោះស្លាប់ទៅតាមគោលដៅ និងបំណងរបស់ខ្លួន។ រីឯឧបករណ៍ទាំងឡាយណាដែលត្រូវបានប្រើប្រាស់ដែលបណ្តាលឱ្យជនរងគ្រោះស្លាប់ ត្រូវចាត់ចូលទៅក្នុងប្រភេទអាវុធដូចគ្នា ទោះមិនមែនជាកាំបិត ឬកាំភ្លើងក៏ដោយ។
លោក ទូច សុឃៈ បញ្ជាក់ថា ទោះជនរងគ្រោះមិនបានស្លាប់ទៅតាមគោលដៅ ឬបំណងរបស់ជនបង្កក៏ដោយ ក៏ត្រូវចាត់ចូលទៅក្នុងបទល្មើសឃាតកម្មដែរ ដោយគ្រាន់តែប្តូរពីបទ ឃាតកម្ម ទៅជាប៉ុនប៉ងឃាតកម្មប៉ុណ្ណោះ ដែលមានចែងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០០។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ មីនា ថា ក្នុងរយៈពេល ១ខែពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជាតិនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងជាង ១០០ករណី (១០៤ករណី) និងឃាត់ខ្លួនជនបង្កជិត ៤០០នាក់ (៣៧៦នាក់) ដោយបញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៦ មីនា ថា បើក្រសួងមហាផ្ទៃ មានផែនការពិតប្រាកដក្នុងការលុបបំបាត់ក្មេងទំនើងឱ្យអស់ពីមូលដ្ឋាន ក្រសួងត្រូវតែមានវិធានការលុបបំបាត់មន្ត្រីសមត្ថកិច្ចក្នុងភូមិ-ឃុំ ដូចជា មេប៉ុស្តិ៍ដែលអសកម្មជាមុនសិន។
ប្រភពដដែលអះអាងថា ការបង្ក្រាបតែងតែមានខ្លះដែរនៅមូលដ្ឋានរបស់ពួកគេ ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ ដោយសារតែមន្ត្រីទាំងនោះទទួលសំណូក ព្រោះក្មេងទំនើងដែលត្រូវបានចាប់ខ្លួនកន្លងមក តែងត្រូវបានដោះលែងវិញ បន្ទាប់ពីមានការទទួលលុយកាក់ពីឪពុកម្ដាយ ឬសាច់ញាតិរបស់ក្មេងៗទាំងនោះ៕
© 2026, . All rights reserved.