នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ព្រោះគ្រឿងញៀនកំពុងក្លាយជាបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់សង្គមជាតិ និងសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសជាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់យុវជនខ្មែរដែលជាធនធានមនុស្សរបស់ជាតិ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះថា ប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល មិនមែនគ្រាន់តែធ្វើដើម្បីឲ្យបានធ្វើនោះទេ គឺធ្វើដើម្បីអនាគតជាតិ អនាគតយុវជន និងពលរដ្ឋខ្មែរគ្រប់រូប។
លោកលើកឡើងថា សព្វថ្ងៃនេះ កម្ពុជាកំពុងឆ្លងកាត់នូវបញ្ហាលំបាកៗជាច្រើន ដូច្នេះកម្ពុជាត្រូវតែសម្អាតនូវរាល់បញ្ហាដែលជាចំណុចខ្សោយរបស់ខ្លួន និងបន្តពង្រឹងភាពខ្លាំងដែលខ្លួនមាន ដើម្បីដោះស្រាយ និងលុបបំបាត់បញ្ហាទាំងនេះម្តងមួយៗឱ្យអស់ពីសង្គម។
លោក ហ៊ុន ម៉ាណែត ព្រមានថា សម្រាប់កម្ពុជា ក្នុងពេលបច្ចុប្បន្ន មិនមែនមានតែគ្រឿងញៀនទេដែលត្រូវបោសសម្អាត។ លោកបន្តថា លើសពីនេះ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ បញ្ហាសម្អាតប្រាក់ បញ្ហាជួញដូរមនុស្ស ក៏ត្រូវតែលុបបំបាត់ឱ្យបានជាកំហិតដែរ ព្រោះឧក្រិដ្ឋកម្មប្រឈមទាំងនេះជាបញ្ហាប្រទាក់ក្រឡាគ្នាដែលទាមទារឱ្យចូលរួមដោះស្រាយគ្រប់ភាគីពាក់ព័ន្ធ។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន លើកឡើងក្នុងពិធីនេះដែរថា លំហូរចូលគ្រឿងញៀនក្នុងប្រទេសកម្ពុជាតាមច្រកព្រំដែនគោកនៅភូមិភាគឦសាន នៅតែជាបញ្ហាដែលមិនទាន់អាចលុបបំបាត់បាន។
លោក នេត សាវឿន អះអាងថា ការហូរចូលគ្រឿងញៀននេះត្រូវបានបែងចែកប្រើប្រាស់ក្នុងប្រទេសកម្ពុជាប្រមាណជា ២០% ខណៈ ៨០% ទៀត បាននាំឆ្លងកាត់ទៅបរទេស ហើយរីឯវិធានការច្បាប់នៅមានកម្រិត ក្នុងនោះករណីខ្លះមិនទាន់អាចបង្ក្រាបដល់ឫសគល់មេខ្លោងធំៗដែលរស់នៅក្រៅប្រទេសនៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍របស់ខ្លួនស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅថ្ងៃទី៦ មីនា នេះថា កម្ពុជានៅតែជាគោលដៅរងគ្រោះក្រោមឥទ្ធិពលអវិជ្ជមាននៃឧក្រិដ្ឋកម្មដែលមានលក្ខណៈជាសកលនេះនៅឡើយ។
ប្រភពដដែល បញ្ជាក់ថា យ៉ាងណាក៏ដោយ តាមរយៈនៃការបង្ក្រាបជាបន្តបន្ទាប់ កម្ពុជាបានបិទទីតាំងអាជីវកម្មជាង ១០កន្លែង (១២កន្លែង) បង្ក្រាបបទល្មើសបានជាង ១ម៉ឺនករណី (១០៧៤៣ករណី) និងចាប់ខ្លួនជនសង្ស័យបានជិត ៣ម៉ឺននាក់ (២៧៨៨៤នាក់) ផងដែរ។
លើសពីនេះ ក៏ចាប់បានគ្រឿងញៀនគ្រប់ប្រភេទជិត ៦តោន (៥៨៩៧គីឡូក្រាម) និងសារធាតុផ្សំជាង ៤០តោន (៤២៤១៨គីឡូក្រាម) ថែមទៀត ក្នុងនោះ ក៏រកឃើញវិជ្ជមានលើមន្ត្រីកងកម្លាំងជាង ១០០នាក់ដែរ (១០៤នាក់) ដោយបញ្ចប់មុខតំណែង ១០៣នាក់ និង ១នាក់ទៀត កំពុងបន្តនីតិវិធីច្បាប់។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះថា នៅមូលដ្ឋានរបស់គេនៅតែមានការចែកចាយគ្រឿងដោយគ្មានការអន្តរាគមន៍ពីអាជ្ញាធរឡើយ។ ពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពកូនៗរបស់ពួកគេ និងសន្តិសុខក្នុងភូមិយ៉ាងខ្លាំង៕
© 2026, . All rights reserved.