ស្ត្រី​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាន់​រូបថត​របស់​លោក Mojtaba Khamenei

ព័ត៌មានអន្តរជាតិ

កូន​ស្នង​តំណែង​ជំនួស​ឪពុក​ជា​ទម្លាប់​នៃ​របប​ផ្ដាច់ការ ខណៈ​អ៊ីស្រាអែល និង​អាមេរិក​គំរាម​មេដឹកនាំ​ថ្មី​អ៊ីរ៉ង់

By ឌឹ ខេមបូឌា ដេលី

March 11, 2026

សភា​អ៊ីរ៉ង់ ៨៨​រូប កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មីនា បាន​បោះឆ្នោត​ជ្រើសតាំង​លោក Mojtaba Khamenei ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ បន្ត​ពី​ឪពុក គឺ​លោក Ali Khamenei ដែល​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​អាមេរិក និង​អ៊ីស្រាអែល កាលពី​ថ្ងៃទី​២៨ កុម្ភៈ។

នៅ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ អ្នកនាំពាក្យ​សភា​អ៊ីរ៉ង់ បាន​អាន​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ជំនាញ​សាសនា​អ៊ីរ៉ង់ ដែល​ថា​លោក Mojtaba Khamenei ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ តាម​សំឡេង​ឆ្នោត​ដាច់ខាត​ពី​សមាជិក​សភា​អ៊ីរ៉ង់ ចំនួន ៨៨​រូប។

លោក Mojtaba Khamenei មិន​ធ្លាប់​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់ ហើយ​ក៏​មិន​ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍ ឬ​ឡើង​ថ្លែង​សន្ទរកថា​ជា​សាធារណៈ​ម្តង​ណា​ឡើយ។

នៅ​ឆ្នាំ​២០២៦ នេះ លោក Mojtaba Khamenei មាន​អាយុ ៥៦​ឆ្នាំ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​ទាំង ៦​នាក់​របស់​លោក Ali Khamenei។ កាលពី​ក្នុង​វ័យ ១៧​ឆ្នាំ លោក Mojtaba Khamenei បាន​ចូលរួម​ហាត់​ហ្វឹកហ្វឺន​នៅ​ក្នុង​ជួរ​កងទ័ព​អំឡុង​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់។

លោក Mojtaba Khamenei បាន​បន្ត​ការ​សិក្សា​ខាង​សាសនា​នៅ​ឆ្នាំ​១៩៩៩។ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៩ លោក Mojtaba ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​ចោទ​គាត់​ថា​អុកឡុក​ការ​បោះឆ្នោត។

លោក Mojtaba Khamenei ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​គោលនយោបាយ​ដ៏​រឹងរូស​របស់​ឪពុក។ Mojtaba Khamenei នេះ​ហើយ​ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង​ស្ថិត​នៅ​ពីក្រោយ​របប​ផ្ដាច់ការ​នៅ​អ៊ីរ៉ង់ ដែល​ឪពុក​ជា​កំពូល​មេដឹកនាំ​អ៊ីរ៉ង់។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក តែងតែ​លើកឡើង​ថា​មិន​ចង់​ឃើញ​កូនប្រុស​របស់​លោក Ali Khamenei ស្នង​តំណែង​ឪពុក​នោះ។ លោក ត្រាំ ថែមទាំង​និយាយ​ថា មេដឹកនាំ​ថ្មី​គួរតែ​ឆ្លងកាត់​ការ​យល់ព្រម​ពី​លោក។

លោក ត្រាំ ព្រមាន​ថា តំណែង​របស់​លោក Mojtaba Khamenei នឹង​មិន​មាន​អាយុ​វែង​នោះ​ទេ។

ចំពោះ​អ៊ីស្រាអែល វិញ ព្រមាន​ថា បុគ្គល​រូប​ណា​ក៏ដោយ​ដែល​ជា​កំពូល​មេដឹកនាំ​សាសនា​ថ្មី​របស់​អ៊ីរ៉ង់ នឹង​ត្រូវ​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​សម្លាប់​ក្នុង​សង្គ្រាម​នៅ​ពេលនេះ។

តើ​លោក Mojtaba Khamenei មាន​ជីវប្រវត្តិ​ដូចម្ដេច ?

លោក Mojtaba មាន​ឈ្មោះ​ពេញ Ayatollah Seyyed Mojtaba Hosseini Khamenei។ លោក Mojtaba មាន​អាយុ ៥៦​ឆ្នាំ គឺជា​កូនប្រុស​ទី​២ របស់​លោក Ayatollah Ali Khamenei។ លោក​កើត​នៅ​ឆ្នាំ​១៩៦៩ ក្នុង​ទីក្រុង Mashhad មុន​មួយ​ទសវត្សរ៍​មុន​នឹង​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៩។

លោក Mojtaba បាន​ធំ​ដឹងក្ដី​អំឡុង​ឪពុក​របស់​គាត់ និង​លោក Ayatollah Ruhollah Khomeini ដឹកនាំ​ការ​បះបោរ​ដែល​គេ​ហៅថា​បដិវត្តន៍​ឥស្លាម។ ចលនា​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​របប​រាជានិយម​របស់​មហាក្សត្រ Mohammed Reza Pahlavi។ ក្នុង​គ្រា​នោះ លោក Mojtaba មាន​អាយុ ១០​ឆ្នាំ។ គាត់​ចូល​រៀន​នៅ​សាលា​មួយ​ដែល​អប់រំ​កូនៗ​របស់​ក្រុម​មន្ត្រី​អ៊ីរ៉ង់ ប៉ុន្តែ​លោក Mojtaba បាន​ចូលរួម​ក្នុង​ជួរ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ នៅ​ឆ្នាំ​១៩៨៧ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ។

Mojtaba ក៏បាន​ចូលរួម​ក្នុង​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ អំឡុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់ ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៨។

នៅ​ឆ្នាំ​១៩៨៩ ឪពុក​របស់​គាត់​បាន​ក្លាយ​ជា​មេដឹកនាំ​កំពូល​ថ្មី​របស់​អ៊ីរ៉ង់ ជំនួស​លោក Ayatollah Ruhollah Khomeini ដែល​បាន​ទទួល​មរណភាព។ ក្នុង​ពេល​នោះ លោក Mojtaba Khamenei ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​សិក្សា​នៅ​សាលា​សាសនា​មួយ​ក្នុង​ទីក្រុង Qom ជា​ទី​ដែល​លោក​បាន​កសាង​ទំនាក់ទំនង​យ៉ាង​រឹងមាំ​ជាមួយ​មេដឹកនាំ​សាសនា និង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ដោយ​មាន​ការ​គាំទ្រ​ពី​កូន​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​សាសនា​នៃ​ប្រទេស​អ៊ីរ៉ង់។

តាម​សារព័ត៌មាន Daily Star ភរិយា និង​កូនប្រុស​ម្នាក់ រួម​ជាមួយ​ម្ដាយ និង​ឪពុក​របស់​គាត់ គឺ​លោក Ayatollah Ali Khamenei ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍ ថ្ងៃទី​២៨ កុម្ភៈ ជា​ថ្ងៃ​ទី​មួយ​នៃ​សង្គ្រាម​វាយប្រហារ​ដោយ​កងទ័ព​អាកាស និង​កងទ័ព​ជើងទឹក​ពី​សំណាក់​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក។

តាម Daily Star ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែ​មីនា នេះ លោក Mojtaba Khamenei រង​របួស​ពី​ការ​វាយប្រហារ​របស់​កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ដែល​ឡើង​ជំនួស​សព​ឪពុក​របស់​គាត់ តែ​ប្រភព​ខ្លះ​និយាយ​ថា លោក Mojtaba រង​របួស​នៅ​ក្នុង​ថ្ងៃ​ដែល​ឪពុក កូនប្រុស និង​ភរិយា​គាត់​ស្លាប់​ដោយ​ការ​វាយប្រហារ​រួម​គ្នា​រវាង​កង​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ។

ការ​ផ្ទេរ​តំណែង​ពី​ឪពុក​ទៅ​កូន គឺជា​ទម្លាប់​ចំពោះ​ប្រទេស​នៃ​របប​ផ្ដាច់ការ ដោយ​មិន​ថា​តែ​ប្រទេស​អ៊ីរ៉ង់ មួយ​នោះ​ទេ ប៉ុន្តែ​ការ​តែងតាំង​លោក Mojtaba គឺជា​ការ​ផ្លាស់ប្ដូរ​មួយ​នៅ​ក្នុង​នយោបាយ​អ៊ីរ៉ង់ ដែល​ជា​ការ​បញ្ជូន​សារ​ប្រាប់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ថា អត់​ពី​ឪ គឺ​ពិត​ណាស់​កូន​ត្រូវតែ​ស្នង​តំណែង​ពី​ឪ ហើយ​ដឹកនាំ​ប្រទេស មិន​ខុស​ពី​ឪ​នោះ​ទេ គឺ​ផ្ដាច់ការ​ដូច​តែ​គ្នា ដោយ​មិន​ងាយ​ចុះចាញ់​សត្រូវ​ឡើយ។

អ្នក​សង្កេតការណ៍​ថា​ប្រទេស​នៃ​របប​ផ្ដាច់ការ​ប្រយុទ្ធ​ដើម្បី​ការពារ​អំណាច ត្រូវតែ​ខ្លាំង​ជាង​ប្រយុទ្ធ​ការពារ​ទឹកដី៕

© 2026, . All rights reserved.