ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Rory Mungoven ប្រធាន​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា​ថៃ​ឈ្លានពាន​ដី​ខ្មែរ និង​រំលោភ​ច្បាប់​អន្តរជាតិ​ធ្ងន់ធ្ងរ

By ឌឹ ខេមបូឌា ដេលី

March 11, 2026

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពី​ទង្វើ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ប្រទេស​កម្ពុជា ថា​ជា​ទង្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្ដីពី​លទ្ធផល​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី​៩ មីនា នេះ​ថា មុន​និង​ក្រោយ​សង្គ្រាម​តាម​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា យោធា​ថៃ បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​គឃ្លើន​ជាបន្តបន្ទាប់។

ប្រភព​ដដែល​រៀបរាប់​ថា ទង្វើ​ឈ្លានពាន​របស់​ថៃ រួម​មាន​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន ការ​រើសអើង និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលករ​ទេសន្តរប្រវេសន៍​កម្ពុជា ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​ពលករ​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ និង​ការ​ប្រើប្រាស់​សំឡេង​មាន​ដេស៊ីបែល​ខ្ពស់ សំឡេង​ខ្មោច សំឡេង​យន្តហោះ ដើម្បី​រំខាន​ដល់​ផ្លូវចិត្ត​ប្រជាជន​នៅ​តាម​ព្រំដែន ជាដើម។

ជាង​នេះ​ទៀត យោធា​ថៃ ក៏បាន​វាយប្រហារ​ដោយ​មិន​រើស​គោលដៅ ដោយ​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ ដូចជា គ្រាប់បែក​ចង្កោម ផ្សែង​ពុល យន្តហោះ​ចម្បាំង​ប្រភេទ F-16, Gripen និង TH-50 ដែល​បណ្តាល​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ រួម​ទាំង​ប្រាសាទ​ព្រះវិហារ ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​នេះ​បញ្ជាក់​ថា លើស​ពី​នេះ យោធា​ថៃ បាន​ព្យាយាម​បង្កើត​តថភាព​ថ្មី​នៅ​នឹង​កន្លែង​តាមរយៈ​ការ​ដាក់​ពង្រាយ​លួស​បន្លា ដាក់​ទូ​កុងតឺន័រ ឈូស​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ការ​លួច​ទ្រព្យសម្បត្តិ​ឯកជន និង​ការ​ដាក់​ឈ្មោះ​ផ្លូវ​ថ្មី​ក្នុង​តំបន់​ឈ្លានពាន​ដែល​ពួកគេ​បាន​កាន់កាប់​ដោយ​ខុស​ច្បាប់ ព្រមទាំង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដែល​ធ្វើ​ឱ្យ​ជនភៀសសឹក​ប្រមាណ ៨​ម៉ឺន​នាក់ (៨០០០០​នាក់) មិន​អាច​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន​សព្វថ្ងៃ​នេះ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៦ ជាមួយ​បណ្តា​ប្រទេស​ជាច្រើន រួម​មាន​ប្រទេស​បារាំង សាធារណរដ្ឋ​នៃ​ប្រជុំ​កោះ​ម៉ាសាល់ សាធារណរដ្ឋ​ដូមីនីក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ និង​អ៊ីតាលី ផង​ដែរ។

កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ដោយ​គំរាម​ថា តើ​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​គ្នា​ជាមួយ​ថៃ បន្ត​ទៀត ទើប​កម្ពុជា​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មក​លើ​ឆាក​អន្តរជាតិ​បែប​នេះ។

បែប​នេះ​ក្តី នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព និង​ទៅ​កាន់​ទ្វីប​អឺរ៉ុប បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ថា យោធា​ថៃ បាន​កាន់កាប់​ចូល​ជ្រៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ដោយ​ខុស​ច្បាប់ ក្រោយ​សង្គ្រាម​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ពេលនេះ។

ចំណែក​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ក៏បាន​ប្រាប់​អង្គទូត និង​អង្គការ​អន្តរជាតិ រួម​ទាំង​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា សព្វថ្ងៃ​នេះ យោធា​ថៃ បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ​ជាង ១០០​ទូ (១០៥​ទូ) ដែល​គិត​ជា​ផ្ទៃដី​សរុប​ទំហំ​ជិត ៨០០​ហិកតា (៧៦៣​ហិកតា)៕

© 2026, . All rights reserved.