ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី សម្រុក​ទៅ​ចាក់​សាំង​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​នានា កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៦។ (រូបភាព​ពី​បណ្ដាញ​សង្គម)

ព័ត៌មានជាតិ

អ្នកវិភាគ​ស្នើ​ទម្លាក់​តម្លៃ​ប្រេង​នៅ​កម្ពុជា​ឱ្យ​សមាមាត្រ​នឹង​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​ចុះ

By ឌឹ ខេមបូឌា ដេលី

March 11, 2026

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ ស្នើ​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម ពិចារណា​លើ​ការ​កំណត់​តម្លៃ​ប្រេង​របស់​កម្ពុជា ឡើងវិញ នៅ​ថ្ងៃទី​១១ ខែ​មីនា នេះ ដើម្បី​ឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា សមាមាត្រ​នឹង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុង​ធ្លាក់​យ៉ាង​គំហុក​នា​ពេលនេះ។

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម បណ្ឌិត ជ័យ តិច បាន​លើកឡើង​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា ប្រេងសាំង​លើ​ពិភពលោក​បាន​ធ្លាក់​តម្លៃ​យ៉ាង​គំហុក គឺ​ពី ១១៩​ដុល្លារ​មក​នៅ​ក្រោម ៩០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែល​ស្មើ​នឹង ១៥៩​លីត្រ កាលពី​ថ្ងៃទី​៩ ខែ​មីនា កន្លង​ទៅ​នេះ ហើយ​លោក​សង្ឃឹម​ថា​តម្លៃ​ប្រេង​នៅ​កម្ពុជា ក៏​នឹង​ធ្លាក់​ចុះ​លឿន​ដូច​គ្នា​ដែរ។

បណ្ឌិត ជ័យ តិច លើកឡើង​ថា ដើមហេតុ​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​នេះ គឺ​ដោយសារ​កត្តា​មួយ​ចំនួន ដូចជា ក្រោយ​មាន​កិច្ចប្រជុំ​បណ្តា​ប្រទេស​ផលិត​ប្រេង (OPEC+) ការ​ប្រជុំ​ប្រទេស G7 ដើម្បី​បញ្ចេញ​ប្រេង​ដែល​បណ្តា​ប្រទេស​ទាំងនេះ​ត្រៀម​បម្រុង​ទុក។ ជាង​នេះ​ទៀត ក៏​ដោយសារតែ​មាន​ការ​ស្នើ​របស់​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​បារាំង ទៅ​កាន់​ប្រធានាធិបតី​ចិន ដើម្បី​ឱ្យ​ជួយ​សម្រួល​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ក្នុង​ការ​បើក​ច្រក​សមុទ្រ​ហ័រមូស ឡើងវិញ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​ចិន​នៅឡើយ​ទេ​ចំពោះ​សំណើ​នេះ។

បន្ថែម​ពី​នេះ ក៏​ដោយសារតែ​អាមេរិក​ដក​ទណ្ឌកម្ម​ពី​ប្រទេស​ដែល​ហាមឃាត់​ក្នុង​ការ​នាំចេញ​ប្រេង​ផង​ដែរ ដូចជា ប្រទេស​រុស្ស៊ី ជាដើម និង​ការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ស្ដីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ង់ នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ ជាដើម។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ទោះជាយ៉ាងណា​ក៏ដោយ បើ​សង្គ្រាម​នៅតែ​អូស​បន្លាយ តម្លៃ​ប្រេង​នៅតែ​អាច​ងើប​ឡើងវិញ​គ្រប់​ពេល ជាពិសេស​ប្រសិន​ប្រទេស​អ៊ីរ៉ង់ បើក​ការ​វាយប្រហារ​សងសឹក​ក្រោយ​រោងចក្រ​ផលិត​ប្រេង​របស់​ពួកគេ​ត្រូវ​បាន​វាយប្រហារ​កាលពី​ពេល​កន្លង​ទៅ​នោះ។

ទីភ្នាក់ងារ​សារព័ត៌មាន CAN នៅ​ថ្ងៃទី​១០ មីនា នេះ បាន​ស្រង់​សម្ដី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​៩ ខែ​មីនា ថា សង្គ្រាម​អ៊ីរ៉ង់ នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​នៅតែ​មិន​ទាន់​បញ្ជាក់​ច្បាស់លាស់​អំពី​ពេលវេលា​សម្រាប់​ការ​បញ្ចប់​ការ​វាយប្រហារ​នៅ​តំបន់​មជ្ឈិមបូព៌ា​នេះ​នៅឡើយ​ទេ។

ប្រភព​ដដែល​រាយការណ៍​ថា ក្រោយ​ការ​ប្រកាស​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​ដែល​កើន​ឡើង​ខ្ពស់​លើស​ពី ១១០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្លាក់​ចុះ​មក​ក្រោម ៩០​ដុល្លារ​វិញ​ភ្លាមៗ។

ទីភ្នាក់ងារ​សារព័ត៌មាន CAN បញ្ជាក់​ថា លោក ដូណាល់ ត្រាំ ក៏បាន​គំរាម​វាយប្រហារ​ក្នុង​កម្រិត​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​មិន​អាច​គណនា​បាន​ផង​ដែរ ប្រសិនបើ​ទីក្រុង​តេហេរ៉ង់ រារាំង​ការ​ផ្គត់ផ្គង់​ប្រេង​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ Hormuz នោះ។

ជុំវិញ​បញ្ហា​នេះ កាសែត​បារាំង Le Monde បាន​ស្រង់​សម្ដី​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពី​ថ្ងៃទី​៩ មីនា ថា ប្រទេស​បារាំង និង​សម្ពន្ធមិត្ត កំពុង​រៀបចំ​បេសកកម្ម «ការពារ» ដើម្បី​បើក​ច្រក​សមុទ្រ Hormuz ឡើងវិញ ព្រោះ​នេះ​គឺជា​រឿង​ចាំបាច់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ក៏​សម្រាប់​លំហូរ​ឧស្ម័ន និង​ប្រេង​ដែល​ត្រូវតែ​ដឹក​ចេញពី​តំបន់​ឈូង​សមុទ្រ​ពែក្ស​នេះ​បាន​ជា​ថ្មី​ឡើងវិញ​ដែរ។

ដោយសារតែ​បញ្ហា​នេះ តម្លៃ​ប្រេង​នៅ​កម្ពុជា បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ប៉ុន្តែ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ជាបន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​តម្លៃ​ប្រេង​ដែល​បាន​ហក់​ឡើង​នេះ។ ជាក់ស្តែង ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និង​ដេប៉ូ ត្រូវ​បាន​កាត់បន្ថយ​ពី​ការ​កំណត់​ត្រឹម​រយៈពេល ១០​ថ្ងៃ​មក​នៅ​ត្រឹម ៣​ថ្ងៃ​វិញ។

កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្ដី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦ ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​បែរ​ជា​ចេញ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​ទៀត​ដើម្បី​កំណត់​តម្លៃ​ប្រេង​ឡើងវិញ​ផង​ដែរ។

ផ្អែក​តាម​សេចក្តី​ជូនដំណឹង​ស្ដីពី​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​ចុះ​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៦ នេះ បង្ហាញ​ថា តម្លៃ​ប្រេង​នឹង​ត្រូវ​កំណត់​ឡើងវិញ​ក្រោយ​អនុវត្ត​រយៈពេល ៣​ថ្ងៃ គឺ​ត្រូវ​កំណត់​ឡើងវិញ​ម្តង​ទៀត​នៅ​ថ្ងៃទី​១១ មីនា នេះ។

កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៦ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​អះអាង​ថា ទោះបី​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​កម្ពុជា មិន​ទាន់​ជួប​ការ​ខ្វះខាត និង​តម្លៃ​ប្រេង​មាន​ការ​កើន​ឡើង ខណៈ​ហានិភ័យ​នៅតែ​មាន​ដោយសារ​បញ្ហា​ពិភពលោក ក្រសួង​ស្នើ​ឱ្យ​មាន​ការ​ជួយ​សន្សំសំចៃ​ក្នុង​ការ​ប្រើប្រាស់​ប្រេង​ក្នុង​ស្ថានភាព​ប្រឈម​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូនដំណឹង នៅ​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា នៅ​ទូទាំង​ខេត្ត​តាកែវ មាន​ស្ថានីយ​ប្រេងសាំង​ចំនួន ៤០០​កន្លែង ក្នុង​នោះ​មាន​ស្ថានីយ ៨៩​កន្លែង​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារ​ក្រុមហ៊ុន​ផ្អាក​ផ្គត់ផ្គង់​ប្រេង​ជា​បណ្ដោះអាសន្ន​ដល់​ស្ថានីយ​ទាំងនោះ៕

© 2026, . All rights reserved.