ក្រសួងពាណិជ្ជកម្ម ចាប់ផ្តើមស៊ើបអង្កេតស្ថានីយប្រេងឥន្ធនៈ ២០០០ស្ថានីយ ក្នុងចំណោម ៦៣០០ស្ថានីយដែលបានបិទទ្វារបណ្ដោះអាសន្នមិនលក់ប្រេងឱ្យពលរដ្ឋ ក្រោមហេតុផលអស់ប្រេងពីស្តុក ដោយព្រមានថានឹងដកអាជ្ញាបណ្ណម្ចាស់ស្ថានីយ ដេប៉ូ និងអនុស្ថានីយលក់រាយប្រេងឥន្ធនៈទាំងនោះ បើរកឃើញថាពួកគេរក្សាប្រេងទុកលក់នៅពេលប្រេងឡើងថ្លៃ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើងក្នុងសិក្ខាសាលាស្តីអំពី «ការពង្រឹងភាពអត់ធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះថា ក្នុងចំណោមស្ថានីយដែលបានបិទទ្វារជិត ២០០០ទីតាំងនាពេលនេះ ត្រូវបានសង្ស័យថាម្ចាស់ស្ថានីយរក្សាប្រេងទុកដើម្បីលក់នៅពេលឡើងថ្លៃខ្ពស់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រូបនេះបញ្ជាក់ថា ក្រសួងបានដាក់ពង្រាយមន្ត្រីជំនាញចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទូទាំងប្រទេស ហើយក្នុងករណីរកឃើញថាមានប្រេងឥន្ធនៈស្តុកទុកមិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងត្រូវរងការពិន័យ និងបិទអាជ្ញាបណ្ណអាជីវកម្មទាំងស្រុង ប៉ុន្តែក្នុងករណីរកឃើញថាស្ថានីយប្រេងឥន្ធនៈទាំងនោះពិតជាអស់ពីស្តុកមែន រដ្ឋនឹងធ្វើអន្តរាគមន៍ជាមួយវិស័យឯកជនដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្មពួកគេភ្លាមៗ ដើម្បីបំពេញតម្រូវការពលរដ្ឋ។
កាលពីថ្ងៃទី១១ ខែមីនា មន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានឱ្យដឹងថា មន្ទីរបានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៦៩ទីតាំង បានបិទបណ្ដោះអាសន្ន ក្រោមមូលហេតុអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយប្រេងជាង ២០០ទីតាំង (២៥៦ទីតាំង) នៅទូទាំងខេត្ត។
ចំណែកឯខេត្តកណ្តាល វិញ ក៏ត្រូវបានរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត ៦០ទីតាំង (៥៨ទីតាំង) ដែរ ដែលបានបិទបណ្ដោះអាសន្ន ក្រោមមូលហេតុអស់ប្រេងក្នុងស្តុកដូចគ្នា ក្នុងចំណោមស្ថានីយប្រេងជិត ៧០០ទីតាំង (៦៩០ទីតាំង) នៅទូទាំងខេត្ត។
បន្ថែមពីនេះ មន្ទីររ៉ែ និងថាមពលខេត្តតាកែវ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក៏បានរកឃើញស្ថានីយប្រេងជិត ៩០កន្លែងដែរ (៨៩កន្លែង) ក្នុងចំណោមស្ថានីយសរុប ៤០០កន្លែងនៅទូទាំងខេត្តតាកែវ ដែលបានផ្អាកជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ប្រេងជាបណ្ដោះអាសន្នដល់ស្ថានីយទាំងនោះ។
គួររំឭកថា ប្រទេសកម្ពុជាពឹងផ្អែកលើការនាំប្រេងឥន្ធនៈចូលពីប្រទេសយៀកណាម ថៃឡង់ដ៍ សិង្ហបុរី និងឥណ្ឌូនេស៊ី។ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយគ្នា ប្រទេសថៃឡង់ដ៍ បិទការនាំប្រេងចូលស្រុកខ្មែរ ដែលធ្លាប់លក់ឲ្យ។ ក្នុងឆ្នាំ២០២៤ ខ្មែរនាំចូលប្រេងឥន្ធនៈពីស្រុកថៃ ចំនួន ២លាន ២សែនលីត្រ។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នេះ តម្លៃសាំងត្រូវបានកំណត់ត្រឹម ៥២០០រៀលក្នុង ១លីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត ត្រូវកំណត់ ៦០៥០រៀលក្នុង ១លីត្រ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានអះអាងក្នុងពិធីជំនួបជាមួយអ្នកធ្វើធុរកិច្ចរបស់អាមេរិកនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីទី១១ ខែមីនា ឆ្នាំ២០២៦ នេះថា វិបត្តិប្រេងឥន្ធនៈអូសបន្លាយមិនយូរទេ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃដែរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិប្រេងនាពេលនេះ។
លោក កែវ រតនៈ បញ្ជាក់ថា សព្វថ្ងៃនេះ ប្រទេសកម្ពុជានៅតែអាចរកបានប្រភពប្រេងមកផ្គត់ផ្គង់ក្នុងការប្រើប្រាស់បានធម្មតា គ្រាន់តែប្រែប្រួលតម្លៃប៉ុណ្ណោះ ហើយក៏មិនទាន់ប្រកាសអាសន្នដូចប្រទេសមួយចំនួនដែរ៕
© 2026, . All rights reserved.