សកម្មភាព​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្ទាល់​ដល់​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្ថិត​នៅ​ក្នុង​ខុនដូរ​ឈ្មោះ ហ្គោលឌិន វ័ន អគារ​លេខ​៤១ ជាន់​ទី​៣០ នៅ​លើ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

អាជ្ញាធរ​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បន​ឆបោក​អនឡាញ ខណៈ​អ្នក​ឃ្លាំមើល​មន្ទិល​ថា​បង្ក្រាប​តែ​ទីតាំង

By ឌឹ ខេមបូឌា ដេលី

March 13, 2026

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បង្ក្រាប​បន​ឆបោក​អនឡាញ លោក ឆាយ ស៊ីណារិទ្ធិ បាន​សម្ដែង​ក្តី​សង្ឃឹម​ថា​នឹង​បំបាត់​អស់​សកម្មភាព​អាជីវកម្ម​ឧក្រិដ្ឋ​ពី​ប្រទេស​មុន​ខែ​ក្រោយ ឬ​ខែ​ចូលឆ្នាំ​ខ្មែរ ដោយ​ថ្លែង​ប្រាប់​អ្នកកាសែត​អំពី​លទ្ធផល​បង្ក្រាប​បាន ៨០% លើ​ទីតាំង ២០០ ក្នុង​ចំណោម​ទីតាំង ២៥០ ក្នុង​ប្រទេស តាំងពី​ខែ​កក្កដា ឆ្នាំ​ទៅ​មិញ។

តាម​ការ​ផ្សាយ​ក្នុង​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ​មីនា នេះ លោក​បាន​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ប្រភេទ​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១២។

ប៉ុន្តែ​អ្នកជំនាញ​តាមដាន ស្រាវជ្រាវ​បញ្ហា​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត ដូចជា​លោក Jacob Sims ជាដើម ប្រាប់​ថា មក​ទល់​ពេលនេះ គេ​មិន​ទាន់​មើល​ឃើញ​ថា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក (online scams) នេះ ជ្រាប​ដល់​មេខ្លោង​ធំៗ​ខាង​លើ​នៅឡើយ​ទេ។

លោក​បញ្ជាក់​ថា បញ្ហា​វា​នៅ​ត្រង់​ថា តើ​កិច្ចប្រឹងប្រែង​នេះ​ដៅ​ទៅ​លើ​ប្រព័ន្ធ​ដែល​បង្កើត​ឲ្យ​មាន​អាជីវកម្ម​ឧក្រិដ្ឋ​នេះ​ពី​ដំបូង​នោះ​ឬ​ទេ មិនមែន​គ្រាន់តែ​ដៅ​ទៅ​លើ​អគារ​ទីតាំង​ឆបោក​នោះ​ទេ។

ថ្លែង​នៅ​សាកលវិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក លោក​ថា​ការ​បង្ក្រាប​ពី​មុនៗ​កន្លង​មក តែងតែ​បន្សល់​ទុក​សំណាញ់​ការពារ​បណ្ដាញ​ហិរញ្ញវត្ថុ​នៅ​ដដែល​ឥត​កែប្រែ ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​ឆបោក​នេះ​ត្រឡប់​មក​វិញ​ដូច​ផ្សិត​ត្រូវ​ភ្លៀង។

នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ព្រឹត្តិបត្រ The Diplomat នៅ​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​វិធី​ឆបោក​រៀបរាប់​ដោយ​មន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ទាក់ទង​គ្នា​រវាង​ក្រុម​ឧក្រិដ្ឋជន​នៅ​ស្រុក​ខ្មែរ និង​ពលរដ្ឋ​អាមេរិកាំង​ដែល​ចាញ់បោក ថា​ការ​ផ្ទេរ​ប្រាក់​បញ្ចេញ​បញ្ចូល​ពី​បណ្ដាញ​ធនាគារ​មួយ​ទៅ​ធនាគារ​មួយ មាន​រូបភាព​ស្មុគស្មាញ​បំផុត ដែល​មនុស្ស​សាមញ្ញ​ធម្មតា​មើល​មិន​យល់។

អាជ្ញាធរ​អាមេរិកាំង​កំពុង​តាម​រក​ចាប់​ខ្លួន​មេខ្លោង​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Daren Li ដែល​ជា​មនុស្ស​ចាំ​ទទួល​ប្រាក់​ផ្ទេរ​ពី​គេ ហើយ​ចាំ​បញ្ចេញ​ទៅ​ធនាគារ​ផ្សេងៗ ហៅថា money mule ឬ smurfer ឬ​មនុស្ស​ឆ្លាត​ខូច ដែល​បើក​គណនី​ធនាគារ​សម្បក​ក្រៅ​ប្រទេស។

ជនរងគ្រោះ​អាមេរិកាំង​ម្នាក់​ចាញ់បោក​ឧក្រិដ្ឋជន​នារី​ឆបោក​ម្នាក់​ឈ្មោះ Jeanie អស់​ជិត ២​លាន​ដុល្លារ ជា​ប្រាក់​ស្រមោល​ហៅថា cryptocurrency តែ​ក្នុង​រយៈពេល​ប្រមាណ ២​ខែ​ប៉ុណ្ណោះ។

ភ្នាក់ងារ​មាន​សមត្ថកិច្ច​អាមេរិកាំង បាន​តាមដាន​រក​ឃើញ​ថា ករណី​ឆបោក​នោះ​មាន​ខ្សែរយៈ​តភ្ជាប់​មក​ក្រុមហ៊ុន Huione Group និង​ឆ្លងកាត់​ក្រុម​អ្នក​សម្រួល​ផ្ទេរ​ប្រាក់ Huione International Pay នៅ​រាជធានី​ភ្នំពេញ ដោយ​តាមរយៈ​ឈ្មោះ​ក្រុមហ៊ុន​រកស៊ី​ដោះដូរ​ប្រាក់​ស្រមោល​ល្បីៗ រួម​មាន Tether, Binance និង OKX។

ក្នុង​ឆ្នាំ​២០២៤ ក្រុមហ៊ុន Huione Group និង Huione International Pay បាន​ផ្ទេរ​ប្រាក់​សរុប​មាន​តម្លៃ ៦៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា cryptocurrency។ ប្រភព​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ស៊ើបការណ៍​ដឹង​ថា Daren Li កាន់​លិខិតឆ្លងដែន​ចិន និង Saint Kitts & Nevis បាន​គេច​ខ្លួន​ទៅ​នៅ​ភូមិគ្រឹះ​របស់​ខ្លួន​នា​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួមអេមៀរ៉ាត៕

© 2026, . All rights reserved.