ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ ដាក់​លក្ខខណ្ឌ​បី​ចំណុច ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​អាមេរិក និង​អ៊ីស្រាអែល

By ឌឹ ខេមបូឌា ដេលី

March 13, 2026

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ឆ្នាំ​២០២៦ បាន​ដាក់​លក្ខខណ្ឌ​ចំនួន​៣ ដើម្បី​បិទ​បញ្ចប់​សង្គ្រាម ខណៈ​ដែល​សង្គ្រាម​អាមេរិក និង​អ៊ីស្រាអែល រួម​គ្នា​វាយប្រហារ​អ៊ីរ៉ង់ ចូល​ដល់​ថ្ងៃទី​១៣ ហើយ​នៅ​ពេលនេះ។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លក្ខខណ្ឌ​ចំនួន​៣ ពី​ប្រទេស​អ៊ីរ៉ង់ រួម​មាន៖

នៅ​ក្នុង​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ប្រធានាធិបតី Pezeshkian បាន​អះអាង​ដែរ​ថា រូបលោក​បាន​បើក​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្ស៊ី និង​ប៉ាគីស្ថាន។

សារ​របស់​លោក Pezeshkian រៀបរាប់​ថា អ៊ីរ៉ង់​ប្ដេជ្ញា​ចំពោះ​សន្តិភាព​ក្នុង​តំបន់ តែ​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​របប Zionist និង​សហរដ្ឋ​អាមេរិក លុះត្រា​មាន​ការ​ទទួលស្គាល់​សិទ្ធិ​ស្រប​ច្បាប់​ដល់​ប្រទេស​អ៊ីរ៉ង់ ដែល​អ៊ីរ៉ង់​ទាមទារ​សំណង​ជួសជុល​ការ​ខូចខាត និង​ការ​ធានា​យ៉ាង​រឹងមាំ​ពី​អន្តរជាតិ​ជា​ផ្លូវការ​ថា​សហរដ្ឋ​អាមេរិក មិន​អាច​បង្ក​ការ​ឈ្លានពាន​អ៊ីរ៉ង់ បាន​ឡើយ។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ប្រធានាធិបតី ដូណាល់ ត្រាំ អះអាង​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់ គឺ​អាមេរិក​បាន​ឈ្នះ​ទៅ​ហើយ គ្រាន់តែ​មិន​ទាន់​ចប់​តែប៉ុណ្ណោះ។

លោក ដូណាល់ ត្រាំ បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ឈ្នះ​សង្គ្រាម​នៅ​អ៊ីរ៉ង់ ហើយ ប៉ុន្តែ​នឹង​នៅ​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​បោសសម្អាត​នៅ​នាទី​ចុងក្រោយ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក ត្រាំ បាន​បញ្ជាក់​ថា អាមេរិក​បាន​ទទួល​បាន​ជ័យជម្នះ​ពិត​ហើយ ដែល​ការពិត អាមេរិក​ឈ្នះ​តាំងពី​ប៉ុន្មាន​ម៉ោង​ដំបូង​ម្ល៉េះ ព្រោះ​អាមេរិក​សម្លាប់​បាន​កំពូល​មេដឹកនាំ​អ៊ីរ៉ង់ ទៅ​ហើយ។

លោក ត្រាំ បាន​បន្ត​អះអាង​ថា សហរដ្ឋ​អាមេរិក​សឹងតែ​បាន​កម្ទេច​អ៊ីរ៉ង់​ទាំងស្រុង​ហើយ ប៉ុន្តែ​មិន​ទាន់​ចង់​ចាកចេញ​ទៅវិញ​ឆាប់​ពេក​នោះ​ទេ គឺ​ត្រូវ​នៅ​សម្រេច​គោលដៅ​ថែមទៀត ហើយ​ឱ្យ​ដាច់ស្រេច។

លោក ត្រាំ ថា​សហរដ្ឋ​អាមេរិក មិន​ចង់​ត្រឡប់​ទៅ​វាយ​អ៊ីរ៉ង់ វិញ​ទៀត​នោះ​ទេ។ ដូច្នេះ អាមេរិក​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​បេសកកម្ម​របស់​ខ្លួន។ អ៊ីរ៉ង់​មិន​ត្រឹម​ចាញ់​ប្រៀប​លើ​សមរភូមិ​នោះ​ទេ តែ​អ៊ីរ៉ង់​បាន​កំពុង​បរាជ័យ​លើ​សមរភូមិ​ការទូត​ទៀត​ផង។

ប្រភព​ព័ត៌មាន​ផ្សេងៗ​ទៀត​ពី​ទ្វីប​អឺរ៉ុប និយាយ​ថា មីស៊ីល​អ៊ីរ៉ង់ បាន​បំផ្លាញ​ទីតាំង​យុទ្ធសាស្ត្រ​អ៊ីស្រាអែល​ច្រើន​ទីតាំង​ណាស់​ដែរ មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ហៃហ្វា ទីតាំង​កម្មវិធី​ស្រាវជ្រាវ​អាវុធ​បរមាណូ Dimona ជាដើម។ ក្រៅពី​នេះ ប្រទេស​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​តម្រង់​ទៅ​លើ​ទីតាំង​រ៉ាដា ប្រព័ន្ធ​ដេញ​បាញ់​មីស៊ីល​អាមេរិកាំង​ជាច្រើន​កន្លែង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហ្សកដានី គុយវ៉ែត កាតារ អូម៉ង់ បារ៉ែន និង​អ៊ីរ៉ាក់។

សារព័ត៌មាន​អង់គ្លេស The Independent ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មីនា ថា ប្រធានាធិបតី ត្រាំ មាន​អារម្មណ៍​ថា​លោក​វាយតម្លៃ​ខុស​លើ​ប្រទេស​អ៊ីរ៉ង់ មុន​ពេល​សម្រេច​បញ្ជា​ឲ្យ​វាយប្រហារ​តាម​អ៊ីស្រាអែល។

សមាជិក​សភា​អាមេរិកាំង​ខ្លះ​ចាត់ទុក​សង្គ្រាម​ជាមួយ​ក្រុង​តេហេរ៉ង់ ជា​សង្គ្រាម​តាម​ជម្រើស War of Choice ហើយ​លោក ត្រាំ ក៏បាន​ថ្លែង​ដែរ​ថា បើ​លោក​មិន​វ៉ៃ​មុន អ៊ីរ៉ង់​នឹង​បាញ់​កាំជ្រួច​ដាក់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​អ្នកជំនាញ​យោធា និង​អង្គការ​សហប្រជាជាតិ និយាយ​ថា ក្រុង​តេហេរ៉ង់ គ្មាន​គ្រាប់​មីស៊ីល​បាញ់​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ទេ។

កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​ដំណោះស្រាយ​មួយ​ទាមទារ​ឱ្យ​អ៊ីរ៉ង់ បញ្ឈប់​ការ​វាយប្រហារ​លើ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស។

នៅ​ក្នុង​ដំណោះស្រាយ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មិន​បាន​លើកឡើង​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល លើ​អ៊ីរ៉ង់ នោះ​ទេ បែរជា​ចេញ​សេចក្ដី​សម្រេច​ថ្កោលទោស​អ៊ីរ៉ង់ ទៅវិញ។

ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ដោយ​ការ​គាំទ្រ ១៣​សំឡេង និង​អនុបវាទ ២​សំឡេង ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង ១៥ បាន​ទាមទារ​ឱ្យ​អ៊ីរ៉ង់ បញ្ឈប់​ជាបន្ទាន់​រាល់​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​បារ៉ែន គុយវ៉ែត អូម៉ង់ កាតារ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និង​ហ្សកដានី។

ដំណោះស្រាយ​នេះ​ក៏បាន​ថ្កោលទោស​អ៊ីរ៉ង់ ដែល​បាន​កំពុង​រាំង​ខ្ទប់ បង្ក​ឧបសគ្គ ឬ​ជ្រៀតជ្រែក​ការ​ធ្វើ​ចរាចរ​តាម​ផ្លូវទឹក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ Hormuz។

រដ្ឋមន្ត្រី​កិច្ចការ​បរទេស​រុស្ស៊ី Sergei Lavrov ថ្លែង​កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ថា តើ​ហេតុ​អ្វី​ក៏​គ្មាន​ប្រទេស​អារ៉ាប់​តំបន់​ឈូងសមុទ្រ​ណា​មួយ​រិះគន់​សហរដ្ឋ​អាមេរិក ដែល​បញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អាមេរិកាំង​បាញ់​កាំជ្រួច Tomahawk guided missile ចំ​សាលារៀន​ក្មេងស្រី​ដោយ​ច្រឡំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នោះ​ផង?

នៅ​រដ្ឋធានី​វ៉ាស៊ីនតុន វិញ សមាជិក​សភា​ខាង​បក្ស​សាធារណរដ្ឋ កំពុង​ខ្វែង​គំនិត​គ្នា​មិន​ចង់​គាំទ្រ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ដែល​ចំណាយ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​នោះ​តទៅទៀត​ទេ ខណៈ​ពលរដ្ឋ​ខ្លួន​ខឹងសម្បា​នឹង​សាំង​ឡើង​ថ្លៃ ព្រមទាំង​អតិផរណា​ផង​នោះ។

ប៉ុន្តែ​ជា​ការ​កត់សម្គាល់ ចិន និង​រុស្ស៊ី ដែល​ជា​សម្ពន្ធភាព​អ៊ីរ៉ង់ បែរជា​បាន​បោះឆ្នោត​អនុបវាទ​នាំ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ មាន​សិទ្ធិ​ចេញ​សេចក្ដី​សម្រេច​ថ្កោលទោស​អ៊ីរ៉ង់ ព្រោះ​ការ​បោះឆ្នោត​អនុបវាទ​របស់​ប្រទេស​អចិន្ត្រៃយ៍​មិន​មាន​អនុភាព​រាំង​ខ្ទប់​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ឡើយ។

តាម​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ បើ​ប្រទេស​ណា​មួយ​នៃ​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បោះឆ្នោត​ជំទាស់ ឬ​វេតូ គឺជា​ការ​រាំង​ខ្ទប់​សេចក្ដី​សម្រេច ឬ​ដំណោះស្រាយ ឬ Resolution នៃ​ក្រុមប្រឹក្សា​សន្តិសុខ។

ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Amir Saeid Iravani បាន​បរិហារ​ថា ការ​អនុម័ត​ដំណោះស្រាយ​នេះ ដោយ​ចោទ​ថា​ក្រុមប្រឹក្សា​សន្តិសុខ​កំពុងតែ​ក្លាយ​ជា​អាយ៉ង​សហរដ្ឋ​អាមេរិក៕

© 2026, . All rights reserved.