ម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្ត្រអន្តរជាតិ ជាង ៣០នាក់ ដែលមានភាគហ៊ុនជាង ៩០% (៩៣%) ស្នើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់លើនាយិកា និងសមាជិកក្រុមប្រឹក្សាភិបាលម្នាក់ដែលបានកិបកេងលុយសាលាអស់រយៈពេល ៥ឆ្នាំ ប៉ុន្តែអ្នកស្រី កុល ចិន្ដា អះអាងថាបញ្ហានេះគឺជាជម្លោះបុគ្គល មិនពាក់ព័ន្ធនឹងសាលាឡើយ។
លោក សេង ឧត្ដម ដែលជាម្ចាស់ភាគហ៊ុនរបស់សាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី៥ ម្នាក់ក្នុងចំណោមម្ចាស់ភាគហ៊ុនជាង ៣០នាក់ផ្សេងទៀត បានអះអាងនៅថ្ងៃទី១២ មីនា នេះថា ព្រោះតែមិនចង់ឱ្យខូចកេរ្តិ៍ឈ្មោះសាលា និងបណ្ឌិត កុល ផេង ពួកគេបានស៊ូទ្រាំ និងស្វែងរកដំណោះស្រាយអស់រយៈពេល ៥ឆ្នាំមកហើយតាមគ្រប់វិធី ប៉ុន្តែបុគ្គលឈ្មោះ កុល ចិន្ដា និងឈ្មោះ ហ៊ីម ហុកលេង គេចវេះមិនព្រមចេញមុខដោះស្រាយជាបន្តបន្ទាប់។
ម្ចាស់ភាគហ៊ុនរូបនេះអះអាងថា ម្ចាស់ភាគហ៊ុនទាំងអស់មិនចង់ឱ្យមានបញ្ហាវែងឆ្ងាយទេ គឺសុំឱ្យតែបុគ្គលឈ្មោះ កុល ចិន្ដា និងឈ្មោះ ហ៊ីម ហុកលេង សងលុយដែលពួកគេបានកិបកេងដល់ម្ចាស់ភាគហ៊ុនទាំងជាង ៣០នាក់នោះមកវិញ និងធ្វើកិច្ចសន្យាបញ្ចប់មុខតំណែងក្នុងសាលា រួមទាំងយល់ព្រមធ្វើតាមការសម្រេចចិត្តរបស់ម្ចាស់ភាគហ៊ុនទាំងអស់ គឺជាការសម្រេចដោយមិនដេញដោលអ្វីទៀតឡើយ។
ប្រភពដដែល អះអាងថា ក្រោយការតវ៉ាទាមទាររកយុត្តិធម៌របស់ម្ចាស់ភាគហ៊ុនទាំងជាង ៣០នាក់ ស្រាប់តែបុគ្គលឈ្មោះ កុល ចិន្ដា និងឈ្មោះ ហ៊ីម ហុកលេង បានរៀបចំពាក្យបណ្ដឹងប្តឹងម្ចាស់ភាគហ៊ុនទាំងនេះវិញ ខណៈការកិបកេងលុយសាលានេះ ពួកគេបានប្រព្រឹត្តតាំងពីឆ្នាំ២០២១ មក ដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេល ៥ឆ្នាំទៅហើយនោះ។
លោក សេង ឧត្ដម បញ្ជាក់ថា ម្ចាស់ភាគហ៊ុនសាលាទាំងជាង ៣០នាក់ បានចូលរួមកសាងអគារសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទី៥ នេះ តាំងពីឆ្នាំ២០១៩ មក ខណៈបុគ្គលឈ្មោះ កុល ចិន្ដា និងឈ្មោះ ហ៊ីម ហុកលេង គ្រាន់តែជាបុគ្គលិកធម្មតារបស់សាលា និងមានចំណែកភាគហ៊ុន ៧% ប៉ុណ្ណោះ ប៉ុន្តែដោយសារការទុកចិត្ត ម្ចាស់ភាគហ៊ុនទាំងជាង ៣០នាក់បានសម្រេចតែងតាំងបុគ្គលទាំងពីរនាក់នេះឱ្យគ្រប់គ្រងសាលាតែម្តង។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អ្នកស្រី កុល ចិន្តា ដែលជានាយិកាសាលាបញ្ញាសាស្ត្រ និងលោក ហ៊ីម ហុកលេង ដែលជាសមាជិកក្រុមប្រឹក្សាភិបាល បានធ្វើការផ្សាយផ្ទាល់តាមរយៈអង្គភាពសារព័ត៌មាន Fresh News ថា ទំនាស់រវាងអ្នកស្រី និងលោក ហ៊ីម ហុកលេង ជាមួយលោក សេង ឧត្ដម រួមទាំងលោក យ៉ុន សុគន្ធ ព្រមទាំងម្ចាស់ភាគហ៊ុនដទៃទៀត គឺជាទំនាស់អាជីវកម្មផ្ទាល់ខ្លួនប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងសាលាបញ្ញាសាស្ត្រឡើយ។
ប្រភពដដែល អះអាងថា កាលពីអំឡុងឆ្នាំ២០១៩ ពួកគេទាំងអស់គ្នាបានចូលលុយគ្នាប្រកបអាជីវកម្ម ប៉ុន្តែលុយទាំងនោះបានប្រគល់ទៅឱ្យលោក សេង ឧត្ដម និងលោក យ៉ុន សុគន្ធ ទាំងអស់ ដោយគ្មានកិច្ចសន្យាអ្វីឡើយ ហើយលុយទាំងនេះត្រូវបានចាត់ចែងដោយបុគ្គលទាំងពីរនាក់នេះប៉ុណ្ណោះ ទៅលើការបង្កើតអាជីវកម្មផ្សេងៗ។
ប៉ុន្តែនៅចុងឆ្នាំ២០២០ លោក សេង ឧត្ដម និងលោក យ៉ុន សុគន្ធ បានប្រាប់មកខ្លួន និងម្ចាស់ភាគហ៊ុន ៧នាក់ផ្សេងទៀតថា លុយដែលពួកគេបានយកទៅបណ្ដាក់ទុនលើអាជីវកម្មមួយចំនួន ដូចជា បុរីធិបតី សាលាបញ្ញាសាស្ត្រ ហាងបញ្ចាំមុនីកា សិប្បកម្មទឹកល្មូន ហាងបញ្ចាំអ៊ីឈន់ និងដីនៅក្រុងអរិយក្សត្រ ផងដែរនោះ ជិតក្ស័យធនអស់ហើយ ខណៈរបាយការណ៍ចំណូលចំណាយលើអាជីវកម្មទាំងនេះក៏មិនត្រូវបានបង្ហាញដល់ម្ចាស់លុយដែរ។
អ្នកស្រី កុល ចិន្តា បានបង្ហាញសែករបស់ធនាគារ Maybank ដែលមានចំនួនទឹកប្រាក់ជាង ៥ម៉ឺនដុល្លារអាមេរិក (៥៨០៥៥ដុល្លារ) ដោយអ្នកស្រីអះអាងថាជាទឹកប្រាក់សល់ពីការចំណាយជាង ១លានដុល្លារ បន្ទាប់ពីលោក សេង ឧត្ដម និងលោក យ៉ុន សុគន្ធ ទទួលបានលុយពីការចូលភាគហ៊ុនរកស៊ីកាលពីអំឡុងឆ្នាំ២០១៩ នោះ។
នាយិកាសាលាបញ្ញាសាស្ត្ររូបនេះ ចាត់ទុកសកម្មភាពតវ៉ានៅមុខសាលាបញ្ញាសាស្ត្រ ដែលដឹកនាំដោយឈ្មោះ សេង ឧត្ដម និងឈ្មោះ យ៉ុន សុគន្ធ កាលពីពេលថ្មីៗនេះ គឺជាការបង្កភាពចលាចល និងបង្កការភ័យខ្លាចដល់សិស្សានុសិស្ស រួមទាំងលោកគ្រូអ្នកគ្រូយ៉ាងធ្ងន់ធ្ងរ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងភាគីជម្លោះទាំងពីរនេះ ដើម្បីសុំការបំភ្លឺបន្ថែមបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2026, . All rights reserved.