ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅ​ឯ​កិច្ចប្រជុំ​កំពូល BRICS នៅ​ទីក្រុង Kazan ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានអន្តរជាតិ

រុស្ស៊ី និង​ចិន មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ តើ​មាន​កត្តា​អ្វី​ខ្លះ​នៅ​ចំពោះមុខ​សង្គ្រាម​របស់​អាមេរិក​និង​អ៊ីស្រាអែល​នេះ?

By ឌឹ ខេមបូឌា ដេលី

March 15, 2026

សង្គ្រាម​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិនមែន​គ្រាន់តែ​ជា​សង្គ្រាម​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​តំបន់​មជ្ឈិមបូព៌ា​ក្លាយ​ជា​ទីលាន​នៃ​ការ​សាកល្បង​អាវុធ​នៃ​ប្រទេស​មហា​កម្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ធ្វើ​តេស្ដ​នូវ​ដែន​កំណត់​នៃ​សម្ពន្ធភាព​រវាង​អ៊ីរ៉ង់ និង​សម្ពន្ធមិត្ត​ជិតស្និទ្ធ​របស់​ខ្លួន គឺ​ប្រទេស​រុស្ស៊ី និង​ចិន។

ទីក្រុង​តេហេរ៉ង់ ប្រហែលជា​បាន​សន្មត​ថា ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ដែល​ខ្លួន​បាន​កសាង​ជាមួយ​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង កាន់តែ​រឹងមាំ​ថែមទៀត ហើយ​អាច​ជួយ​អន្តរាគមន៍​ដោយ​លើក​ទ័ព​ជួយ​ខ្លួន​ទៀត​ផង។

តែ​មិន​ដូច​ការ​រំពឹង​របស់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ នោះ​ទេ ខណៈ​នេះ​សង្គ្រាម​ចូល​ដល់​សប្ដាហ៍​ទី​៣ ហើយ ដែល​សម្ពន្ធភាព​របស់​អ៊ីរ៉ង់ គឺ​រុស្ស៊ី និង​ចិន ត្រូវ​គេ​មើល​ឃើញ​ថា​សូម្បីតែ​មិន​បាន​ជួយ​លើក​ទ័ព​មក​ជួយ​ច្បាំង​កងទ័ព​អ៊ីរ៉ង់ នោះ​ទេ បែរជា​កំពុង​ស្វែងរក​ផលប្រយោជន៍​ពី​សង្គ្រាម​ទៅវិញ។

អ្វី​ដែល​មន្ត្រី​អ៊ីរ៉ង់ ធ្លាប់​បង្ហាញ​ជា​ញឹកញាប់​ថា​ជា​ការ​បង្កើត​សម្ពន្ធ​ភូមិសាស្ត្រ​នយោបាយ និង​យោធា​ជាមួយ​ប្រទេស​មហាអំណាច​ពីរ​នេះ គឺ​ច្បាស់​ណាស់​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ខ្លាំង ដោយ​មាន​សមត្ថភាព​ប្រឆាំង​នឹង​អំណាច​លោកខាងលិច​បាន​ទៀត​ផង តែ​នៅ​ពេលនេះ​មើល​ទៅ​ទីក្រុង​មូស្គូ និង​ទីក្រុង​ប៉េកាំង ហាក់ដូចជា​ស្ថិត​នៅ​ឆ្ងាយ​ពី​អ៊ីរ៉ង់ ណាស់។ វា​មិន​ដូច​សម័យកាល​នៃ​សង្គ្រាម​ត្រជាក់​នោះ​ទេ ដែល​គេ​ថា​សម្ពន្ធភាព​កុម្មុយនីស្ត​ត្រូវ​ជួយ​គ្នា​ប្រឆាំង​នឹង​ប្លុក​សេរី​ដែល​សហរដ្ឋ​អាមេរិក​ជា​មេខ្លោង។

រុស្ស៊ី និង​ចិន ដែល​ជា​សម្ពន្ធមិត្ត​របស់​អ៊ីរ៉ង់ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ត្រឹមតែ​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ដោយ​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​អត់ធ្មត់ និង​បន្ថយ​ភាព​តានតឹង​តែប៉ុណ្ណោះ ដោយ​ប្រទេស​ទាំង​ពីរ​មិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​អន្តរាគមន៍​ផ្នែក​យោធា ដើម្បី​គាំទ្រ​អ៊ីរ៉ង់ នោះ​ឡើយ។

នេះ​បង្ហាញ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សហការ​នយោបាយ យោធា និង​សេដ្ឋកិច្ច​ក៏ដោយ ក៏​មិន​មាន​សញ្ញា​ថា​វា​នឹង​បម្លែង​ទៅ​ជា​សម្ពន្ធ​យោធា​ស្លាប់​រស់​ជាមួយ​គ្នា ដែល​ត្រូវ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​លោកខាងលិច​នោះ​ទេ។

ជាក់ស្ដែង​ទៀត គេ​សង្កេត​ឃើញ​ចិន និង​រុស្ស៊ី មិន​បាន​បោះឆ្នោត​ប្រឆាំង​នឹង​សម្ពន្ធភាព​លោកខាងលិច​នោះ​ទេ បែរជា​បោះឆ្នោត​អនុបវាទ​ដែល​ជា​សន្លឹកឆ្នោត​គ្មាន​អនុភាព​រាំង​ខ្ទប់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឡើយ។

កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​ដំណោះស្រាយ​មួយ​ដោយ​ប្រាប់​អ៊ីរ៉ង់ បញ្ឈប់​ការ​វាយប្រហារ​លើ​ក្រុម​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស បែរជា​មិន​បាន​ថ្កោលទោស​អាមេរិក និង​អ៊ីស្រាអែល លើក​គ្នា​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់។

ដំណោះស្រាយ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ ១៣​សំឡេង​គាំទ្រ និង ២​សំឡេង​អនុបវាទ គឺ​សន្លឹកឆ្នោត​របស់​ប្រទេស​ចិន និង​រុស្ស៊ី ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​១៥។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​ទៅ​អ៊ីរ៉ង់ បញ្ឈប់​ជាបន្ទាន់​ការ​វាយប្រហារ​ប្រឆាំង​នឹង​ប្រទេស​បារ៉ែន គុយវ៉ែត អូម៉ង់ កាតារ អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម និង​ហ្សកដានី។ ដំណោះស្រាយ​នេះ​ក៏បាន​ថ្កោលទោស​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ ក្នុង​ការ​បិទ​ខ្ទប់​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវទឹក​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។

តើ​កត្តា​អ្វី​ខ្លះ​ដែល​រុស្ស៊ី និង​ចិន មិន​លើក​ទ័ព​ជួយ​ប្រទេស​អ៊ីរ៉ង់ ដែល​កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​របស់​អាមេរិក និង​អ៊ីស្រាអែល ?

នៅ​ក្នុង​សង្គ្រាម​រុស្ស៊ី ដែល​កំពុង​ឈ្លានពាន​អ៊ុយក្រែន គេ​ឃើញ​កូរ៉េខាងជើង បញ្ជូន​ទ័ព និង​អាវុធ​ជួយ​ច្បាំង​ឱ្យ​កងទ័ព​រុស្ស៊ី បើ​ទោះជា​រុស្ស៊ី មាន​ប្រៀប​ជាង​អ៊ុយក្រែន នៅ​លើ​សមរភូមិ​ក៏ដោយ តែ​ចំពោះ​អ៊ីរ៉ង់ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ បែរជា​រុស្ស៊ី និង​ចិន មិន​បាន​លើក​ទ័ព​ជួយ​អ៊ីរ៉ង់ នោះ​ទេ។ ក្នុង​ស្ថានភាព​នេះ គេ​អាច​វាស់​បាន​នូវ​កម្រិត និង​ភាព​ភ័យខ្លាច​របស់​ប្រទេស​មហាអំណាច​ពីរ​នេះ។

ករណី​ដែល​រុស្ស៊ី មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ អាច​មាន​ចំណុច​ខ្សោយ​របស់​រុស្ស៊ី មាន​ដូចជា៖

  1. រុស្ស៊ី កំពុង​ផុង​ខ្លួន​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន ព្រោះ​ជាង ៤​ឆ្នាំ​ហើយ​ដែល​ទ័ព​រុស្ស៊ី មិន​អាច​វាយ​កាន់កាប់​បាន​តំបន់​ណា​មួយ​ពិតប្រាកដ​ពី​កងទ័ព​អ៊ុយក្រែន នោះ​ទេ។ មិន​តែប៉ុណ្ណោះ រុស្ស៊ី​បាត់បង់​ទ័ព​ដែល​មាន​ទ័ព​ស្លាប់ និង​រង​របួស​ជាង ១​លាន ៣០​ម៉ឺន​នាក់។
  2. សព្វាវុធ​របស់​រុស្ស៊ី មាន​ដូចជា​កាំភ្លើងធំ រថក្រោះ រថពាសដែក ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស រុស្ស៊ី​បាត់បង់​ជាង ៧០%។ ចំណែក​គ្រាប់​កាំភ្លើងធំ គ្រាប់​មីស៊ីល រុស្ស៊ី​ផលិត​មិន​ទាន់​សម្រាប់​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយក្រែន នោះ​ទេ។
  3. ករណី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សម្ពន្ធភាព​លោកខាងលិច និង​រោងចក្រ​ចម្រាញ់​ប្រេង​ជាច្រើន ត្រូវ​បាន​កម្ទេច​ដោយ​អាវុធ​របស់​អ៊ុយក្រែន ដែន​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។
  4. ករណី​បាត់បង់​ឥទ្ធិពល​ការទូត ព្រោះតែ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព គឺជា​ចំណែក​មួយ​ផង​ដែរ។
  5. បារម្ភ​ពី​ការ​ជួយ​ហើយ តែ​បែរជា​ចាញ់​សង្គ្រាម​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល គឺជា​ក្ដី​អាម៉ាស់​មួយ​ដែរ។
  6. ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋការ​លោក ដូណាល់ ត្រាំ ជាង​ក្លាយ​ជា​សត្រូវ។

កត្តា​ទាំង ៦ នេះ ដែល​អាច​នាំ​ឱ្យ​មហាអំណាច​រុស្ស៊ី គិត​ថា​ខ្លួន​មិន​មាន​សមត្ថភាព និង​មិន​មាន​ឱកាស​លើក​ទ័ព​ជួយ​អ៊ីរ៉ង់ ដែល​ជា​សម្ពន្ធភាព​របស់​ខ្លួន​នោះ​ទេ។

ករណី​ដែល​ចិន មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ ក៏​មាន​ចំណុច​ខ្សោយ​របស់​ចិន ដែរ៖

  1. ទីក្រុង​ប៉េកាំង អាច​គិត​ថា បើ​ខ្លួន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ នៅ​ពេលនេះ វា​មិន​មែន​ជា​ឱកាស​ដ៏​ត្រឹមត្រូវ​នោះ​ទេ។ គេ​ថា​បើ​ចិន លើក​ទ័ព​ជួយ​អ៊ីរ៉ង់ ចិន​សុខចិត្ត​លើក​ទ័ព​វាយ​យក​កោះ​តៃវ៉ាន់ គឺ​ប្រសើរ​ជាង ព្រោះ​ថា​បើ​វាយ​យក​បាន​កោះ​តៃវ៉ាន់ ទីក្រុង​ប៉េកាំង នឹង​បាន​ដែនដី​ដ៏​សំខាន់​នេះ​ក្នុង​សមាហរណកម្ម​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ទីក្រុង​ប៉េកាំង។ មាន​ន័យ​ថា ចិន​បាន​ទាំង​កាន់កាប់​ដែនដី​ដែល​បំបែក​ខ្លួន​មក​វិញ ហើយ​កាន់កាប់​សេដ្ឋកិច្ច​របស់​កោះ​តៃវ៉ាន់ បាន​ទៀត នឹង​រឹតតែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន កាន់តែ​ខ្លាំង​រឹងមាំ ព្រោះ​តៃវ៉ាន់ ជា​ដែន​កោះ​មួយ​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ខ្លាំង​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។
  2. ចិន មិន​ឃើញ​ផ្លូវ​ឈ្នះ​សង្គ្រាម​លើ​អាមេរិក និង​អ៊ីស្រាអែល នោះ​ទេ ព្រោះ​អនុភាព​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ខ្លាំង​ណាស់ ហើយ​កងទ័ព​អាកាស​អ៊ីស្រាអែល ក៏​ខ្លាំង​ដែរ មិន​ងាយ​ឈ្នះ​អាមេរិក​បាន​ឡើយ។
  3. ចិន មិន​ចង់​ក្លាយ​ជា​សត្រូវ​នឹង​សហរដ្ឋ​អាមេរិក ព្រោះ​វា​អាច​ខាតបង់​ខ្លាំង​ណាស់ ទាំង​សេដ្ឋកិច្ច នយោបាយ និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​ការទូត។
  4. ចិន ចង់​រក្សា​មិត្ត​ជាមួយ​អាមេរិក ជាជាង​ជា​សត្រូវ។ បើ​ជា​សត្រូវ ពិត​ណាស់​មិន​ងាយ​ស្ដារ​ទំនាក់ទំនង​ការទូត និង​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​នឹង​អាមេរិក​បាន​ឡើយ តែ​មិន​ត្រឹមតែ​ជា​សត្រូវ​នឹង​អាមេរិក​នោះ​ទេ ទីក្រុង​ប៉េកាំង នឹង​ជា​សត្រូវ​របស់​ក្រុម​បស្ចិម​ប្រទេស​ទៀត​ផង។

កត្តា​ទាំង ៤ នេះ ដែល​អាច​នាំ​ឱ្យ​មហាអំណាច​ចិន គិត​ថា​ខ្លួន​មិន​មាន​ឱកាស​លើក​ទ័ព​ជួយ​អ៊ីរ៉ង់ ដែល​ជា​សម្ពន្ធភាព​របស់​ខ្លួន​នោះ​ទេ។

ជា​ការពិត គេ​ថា​សង្គ្រាម​នៅ​សម័យ​នេះ វា​មិន​ដូច​សង្គ្រាម​ក្នុង​សម័យកាល​នៃ​សង្គ្រាម​ត្រជាក់ ឬ​សង្គ្រាម​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​នោះ​ទេ ព្រោះ​សម័យ​នេះ ឥទ្ធិពល​កុម្មុយនីស្ត​សឹងតែ​គ្មាន​ទៀត​ទេ គឺ​មាន​តែ​ប្រទេស​កុម្មុយនីស្ត​បម្លែង​ខ្លួន​ទៅ​ជា​ប្រទេស​ផ្ដាច់ការ​ដូច​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ សព្វថ្ងៃ​នេះ។

ណា​មួយ គេ​ថា​រុស្ស៊ី និង​ចិន មិន​លើក​ទ័ព​ជួយ​ច្បាំង​អ៊ីរ៉ង់ ព្រោះ​សង្គ្រាម​អាមេរិក-អ៊ីស្រាអែល ប្រៀប​នឹង​សង្គ្រាម​ផ្ដួល​រំលំ​របប​ផ្ដាច់ការ​សម្លាប់​ប្រជាជន​ខ្លួនឯង។ ជា​សង្គ្រាម​រំដោះ​ប្រទេស និង​ប្រជាជន​ពី​របប​មួយ​ដ៏​ព្រៃផ្សៃ​បំផុត។

កាលពី​ថ្ងៃ​ពុធ ទី​១១ ខែ​មីនា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អះអាង​ថា សហរដ្ឋ​អាមេរិក បាន​ឈ្នះ​សង្គ្រាម​នៅ​អ៊ីរ៉ង់ ហើយ ប៉ុន្តែ​នឹង​នៅ​បន្ត​ការ​ប្រយុទ្ធ​ដើម្បី​បង្ហើយ​ឱ្យ​ចប់​សព្វគ្រប់​ប៉ុណ្ណោះ។

លោក ត្រាំ បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​សឹងតែ​បាន​កម្ទេច​អ៊ីរ៉ង់ បាន​ទាំងស្រុង​ហើយ ប៉ុន្តែ​មិន​ទាន់​ចង់​ចាកចេញ​ទៅវិញ​ឆាប់​ពេក​នោះ​ទេ គឺ​ត្រូវ​នៅ​សម្រេច​ការងារ​ឱ្យ​ដាច់ស្រេច​សិន។

តាម​លោក ត្រាំ វា​មិន​ត្រឹមតែ​ជា​សង្គ្រាម​វាយបំបាក់​អនុភាព​កងទ័ព​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ នោះ​ទេ ប៉ុន្តែ​ចាត់ទុក​សង្គ្រាម​សង្គ្រោះ​ប្រជាជន​អ៊ីរ៉ង់ ចំនួន ៩០​លាន​នាក់​ចេញពី​របប​សម្លាប់​ប្រជាជន​ខ្លួនឯង។ លោក ត្រាំ បាន​ហៅ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ជា​របប​ភេរវកម្ម៕

© 2026, . All rights reserved.