លោក ផន សុភាព ភ្នាក់ងារ​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ និង​លោក ភាព ភារ៉ា ភ្នាក់ងារ​សារព័ត៌មាន TSP68 TV Online ត្រូវ​បាន​នគរបាល​នាំ​ចេញពី​បន្ទប់​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​បាត់ដំបង ក្រោយ​បញ្ចប់​សវនាការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦។ (រូបថត៖ ខេមបូចា)

ច្បាប់

ឧទ្ធរណ៍​ខេត្ត​បាត់ដំបង លើក​ពេល​ប្រកាស​សាលដីកា​សំណុំរឿង​អ្នកកាសែត​អនឡាញ​ពីរ​នាក់​ទៅ​ចុង​ខែ​មីនា

By ឌឹ ខេមបូឌា ដេលី

March 15, 2026

សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​សំណុំរឿង​អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​នាក់ ឈ្មោះ ភាព ភារ៉ា និង​ឈ្មោះ ផន សុភាព ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ទៅ​ចុង​ខែ​មីនា ខាងមុខ​នេះ​វិញ។

សាលា​ឧទ្ធរណ៍​ខេត្ត​បាត់ដំបង បាន​បើក​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក ផន សុភាព អ្នក​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ TV Online និង​លោក ភាព ភារ៉ា ជា​អ្នក​សារព័ត៌មាន ធីអេសភី ៦៨ ធីវី អនឡាញ ដែល​ជាប់​ចោទ​ពី​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៦ នេះ។

អង្គ​ជំនុំជម្រះ​បាន​សាកសួរ​ដេញដោល​លោក ផន សុភាព និង​លោក ភាព ភារ៉ា អស់​រយៈពេល​ជាង ១​ម៉ោង បន្ទាប់​មក ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​សំណុំរឿង​របស់​អ្នក​ទាំង​ពីរ​ទៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ខាងមុខ​នេះ​វិញ។

សវនាការ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក ផន សុភាព និង​លោក ភាព ភារ៉ា បាន​ដាក់​ពាក្យបណ្ដឹង​សាលា​ឧទ្ធរណ៍​ជំទាស់​ទៅ​នឹង​បទ​ចោទប្រកាន់​របស់​សាលាដំបូង​ខេត្ត​សៀមរាប កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រោយពី​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​ភស្តុតាង​នានា​ក្នុង​សំណុំរឿង អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​អ្នក​សារព័ត៌មាន​ឈ្មោះ ភាព ភារ៉ា និង​ឈ្មោះ ផន សុភាព ទាក់ទង​នឹង​ការ​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

ប្រភព​ដដែល​អះអាង​ថា អ្នក​ទាំង​ពីរ​បាន​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ ដោយ​ការ​ថតរូប​ក្នុង​តំបន់​ហាមឃាត់​របស់​យោធា​នៅ​សមរភូមិ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២៥ រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ ដែល​ព័ត៌មាន​ទាំងអស់​នេះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ការពារ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់​ថា សំណុំរឿង​នេះ​ពុំ​ទាន់​ត្រូវ​បាន​ជំនុំជម្រះ​នៅឡើយ​ទេ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបសួរ ដោយ​ចៅក្រម​ស៊ើបសួរ​កំពុង​ស៊ើបអង្កេត​ស្វែងរក​ព័ត៌មាន និង​ស្រាវជ្រាវ​ភស្តុតាង​ក្នុង​សំណុំរឿង​នេះ​បន្ថែម​ទៀត។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ផន សុភាព និង​លោក ភាព ភារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទីតាំង​ផ្សេង​គ្នា ក្រោយ​ត្រឡប់​មក​ពី​ធ្វើ​បទ​យកការណ៍​ក្នុង​ខេត្ត​ឧត្ដរមានជ័យ នៅ​ជិត​ព្រំដែន​កម្ពុជា-ថៃ ដោយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​សៀមរាប។

មុន​ចាប់​ខ្លួន អ្នក​សារព័ត៌មាន​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ឃើញ​ថត​ជាប់​ជាមួយ​នឹង​ទាហាន​កម្ពុជា នៅ​ពី​មុខ​ប្រាសាទ​តាក្របី ដែល​រូបថត​នោះ​ត្រូវ​បាន​គេ​ថត​ក្រោយ​ពី​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ ប៉ុន្តែ​រូបថត​នោះ​ត្រូវ​បាន​បង្ហោះ​ចែកចាយ​ឡើងវិញ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដោយ​សារព័ត៌មាន​ថៃ ដែល​ភ្ជាប់​ជាមួយ​រូបភាព​គ្រាប់មីន​នៅ​ផ្ទៃ​ខាង​ក្រោយ​ខ្នង។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក ផន សុភាព និង​លោក ភាព ភារ៉ា ថា​ឃាតករ​សម្លាប់​សំឡេង​នៃ​ការពិត​នៅ​កម្ពុជា គឺជា​តុលាការ​ខ្មែរ​បច្ចុប្បន្ន​នេះ​តែម្តង។

របាយការណ៍​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស (លីកាដូ) បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា សព្វថ្ងៃ​នេះ អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សហជីព និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​ជិត ១០០​នាក់​ហើយ (៩៧​នាក់)៕

© 2026, . All rights reserved.