អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ព្រមានថា បើកម្ពុជាមិនរឹងមាំដោយខ្លួនឯងទេ ពួកមហាអំណាចក៏មិនយកកម្ពុជាធ្វើជាដៃគូក្នុងការសហការដែរ ប៉ុន្តែបើពួកគេសហការ ក៏គ្រាន់ទុកធ្វើជាឈ្នាន់ប៉ុណ្ណោះ។
បណ្ឌិត មាស នី លើកឡើងក្នុងកម្មវិធីពិភាក្សាស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» នៅថ្ងៃទី១៣ មីនា នេះថា ប្រទេសចិន ដែលកម្ពុជាមានការជឿជាក់ក្នុងការពឹងពាក់ដើម្បីជួយរកយុត្តិធម៌ជុំវិញជម្លោះព្រំដែនជាមួយថៃ បែរជាគាំទ្រថៃ លើសពីកម្ពុជា ដែលជាមិត្តដែកថែបទៅវិញ។ ចំណែកសហរដ្ឋអាមេរិកដែលកម្ពុជារំពឹងថាជាជម្រើសបន្ទាប់ ក៏បែរជាផ្តល់ជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅឱ្យប្រទេសថៃ កាលពីពេលថ្មីៗនេះដែរ ខណៈថៃ ប្រើអាវុធយុទ្ធភណ្ឌដែលពួកគេមាន បំផ្លាញកម្ពុជាយ៉ាងធ្ងន់ធ្ងរជុំវិញអំពើឈ្លានពានដែលថៃ បានបង្កឡើង។
បណ្ឌិត មាស នី អះអាងថា ក្នុងបរិបទនេះ មហាអំណាចចងមិត្ត និងរាប់អានតែជាមួយប្រទេសណាដែលខ្លាំងប៉ុណ្ណោះ ដូច្នេះក្នុងស្ថានភាពនេះតទៅថ្ងៃមុខ មិនខ្វល់ថាកម្ពុជាជាប្រទេសធំ ឬតូចទេ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតនោះ គឺថាតើកម្ពុជាខ្សោយ ឬខ្លាំងកម្រិតណា ហើយខ្លាំងក៏មិនត្រូវខ្លាំងតែសម្ដីដែរ។
អ្នកឃ្លាំមើលសង្គមរូបនេះបញ្ជាក់ថា បើពិនិត្យលើប្រវត្តិសាស្ត្រ ថៃធ្លាប់ឈ្លានពានកម្ពុជាលើទឹកដីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប៉ុន្តែជាសំណាងល្អ ប្រទេសបារាំង បានជួយយកទឹកដីទាំងនោះមកឱ្យកម្ពុជា វិញ ប៉ុន្តែទៅថ្ងៃអនាគត មិនដឹងថាតើកម្ពុជាអាចពឹងប្រទេសណាបានទេ ប្រសិនបើទឹកដីខ្មែរត្រូវបានថៃ ឈ្លានពានយកទៅកាន់កាប់ទៀតនោះ។
បណ្ឌិត មាស នី គូសបញ្ជាក់ថា ថៃបានបណ្ដុះស្មារតីដល់ជនជាតិរបស់ពួកគេឱ្យចងចាំថា ទឹកដីខ្មែរ ដូចជាខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ គឺជាទឹកដីរបស់ថៃ ដូច្នេះការដណ្តើមកាន់កាប់ទឹកដីខ្មែរទោះតិចក្តី ច្រើនក្តី ត្រូវពួកគេចាត់ទុកថាជាជំហានដែលពួកគេត្រូវយកទឹកដីរបស់ពួកគេត្រឡប់ទៅវិញ ដូច្នេះការឈ្លានពានរបស់ថៃ នឹងមិនបញ្ចប់ត្រឹមនេះឡើយ។
ជាក់ស្តែង អំឡុងពេលនៃការចាប់ផ្តើមជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើកដំបូង សារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានរាយការណ៍កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ ថា ចិន និងថៃ បានកំណត់ពេលធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពដែនអាកាសរួមគ្នានៅអំឡុងខែកញ្ញា នៅក្នុងប្រទេសថៃ។
ប្រភពដដែល បញ្ជាក់ថា ប្រទេសចិន បានបញ្ជូនយន្តហោះយោធាជាច្រើនប្រភេទ និងកងទ័ពការពារដែនអាកាស ដើម្បីចូលរួមហ្វឹកហ្វឺនសមយុទ្ធនេះ ក្នុងនោះ ចិនក៏បានបញ្ជូនយន្តហោះ J10C ដែរ ដើម្បីសាកកម្លាំងយន្តហោះ Gripen ដែលថៃ បានទិញពីប្រទេសស៊ុយអែត ហើយក៏ជាយន្តហោះដែលថៃ បានវាយប្រហារលើកម្ពុជា ដែរ។
ចំណែកកាសែតថៃ ខៅស៊ុត កាលពីអំឡុងខែមករា ឆ្នាំ២០២៦ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់ប្រទេសថៃ ចំនួន ១០០លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពទាហានថៃ តាមជាយដែន ខណៈ ៤៥លានដុល្លារផ្សេងទៀត ត្រូវបែងចែកជាពីរចំណែករវាងថៃ និងកម្ពុជា សម្រាប់ការស្ដារស្ថិរភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើងវិញ។
ជុំវិញបញ្ហានេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងក្នុងកម្មវិធីពិភាក្សានេះដែរថា ថៃនៅតែមានមហិច្ឆតាឈ្លានពានលើកម្ពុជា បើកម្ពុជានៅតែជាប្រទេសទន់ខ្សោយ និងក្រីក្រនោះ៕
© 2026, . All rights reserved.