យុទ្ធនាការយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងតែវាយប្រហារយ៉ាងសន្ធប់ទៅលើអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាប្រទេសសម្ពន្ធភាពយោធាស្លាប់រស់នឹងគ្នា។
ប្រទេសទាំងពីរនេះបានដាក់ចេញនូវប្រតិបត្តិការមានឈ្មោះថា Epic Fury ឬប្រតិបត្តិការមហាកំហឹង និង Roaring Lion ឬសម្រែកសត្វតោ ដោយចាប់ផ្ដើមដាក់គោលដៅកម្ទេចតំបន់ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញហើយនូវផែនការវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់ នៅលើកោះ Kharg នៃប្រទេសអ៊ីរ៉ង់ បើសិនអ៊ីរ៉ង់ នៅតែបន្តខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz)។ គេថាកោះ Kharg គឺជាជង្រុកឧស្សាហកម្មប្រេងដ៏ធំបំផុតសម្រាប់អ៊ីរ៉ង់ផ្គត់ផ្គង់តាមការបញ្ជាទិញពីប្រទេសធំៗ មានដូចជា ឥណ្ឌា និងចិន ជាដើម។ តែមុននឹងចូលទៅដល់កោះ Kharg គឺត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយពេលដឹកចេញវិញ ក៏ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ។
នៅលើកោះ Kharg មានទាំងរោងចក្រចម្រាញ់ប្រេង មានទាំងទីតាំងស្តុកប្រេង និងមានទាំងការចុះចតសម្រាប់យន្តហោះយោធាទៀតផង។
កាលពីថ្ងៃទី១៤ មីនា កងយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់គ្រាប់បែកលើគោលដៅយោធាលើកោះនោះបានជាង ៩០ទីតាំង ក្នុងនោះមានទីតាំងស្តុកគ្រាប់មីស៊ីល និងព្រលានយន្តហោះយោធា។
កោះ Kharg របស់អ៊ីរ៉ង់ វាស្ថិតចម្ងាយជិត ៤០គីឡូម៉ែត្រពីឆ្នេរសមុទ្រពែក្សនៃប្រទេសអ៊ីរ៉ង់ តែវាមានទំហំដីជាង ២០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ប្រតិបត្តិការរបស់អាមេរិកលើកដំបូងវាយលើកោះ Kharg កាលពីថ្ងៃទី១៤ មីនា ទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាប្រតិបត្តិការដំបូង និងក្នុងកម្រិតគំរាមកំហែងទៅលើអ៊ីរ៉ង់។ ក្រោយតែប៉ុន្មានម៉ោងដែលអាមេរិកវាយប្រហារលើកោះ Kharg របបអ៊ីស្លាមអ៊ីរ៉ង់នៅតែមិនចុះញ៉ម មិនចុះចាញ់នៅចំពោះប្រតិបត្តិការនេះ។
នៅថ្ងៃសៅរ៍ ទី១៤ មីនា ដដែល គឺបន្ទាប់ប៉ុន្មានម៉ោង អ៊ីរ៉ង់បានបើកការវាយប្រហារមីស៊ីល និងដ្រូនសំដៅទីតាំងស្តុកប្រេងជាច្រើនទៅលើប្រទេសសម្ពន្ធភាពអាមេរិក ដូចជាវាយប្រហារលើទីតាំងស្តុកប្រេងប្រទេសអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត។
គិតចាប់តាំងពីផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា នេះជាលើកទីពីរដែលទីតាំងនាំចេញប្រេងធំដ៏មួយរបស់អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បាញ់បំផ្លាញទីតាំងប្រេងរបស់ប្រទេសពីរនេះដោយមីស៊ីល និងដ្រូន។
ជាមួយគ្នានេះ អ៊ីរ៉ង់សច្ចាសងសឹកវាយប្រហាររាល់ទីតាំងប្រេងនៅប្រទេសផ្សេងៗទៀត បើសិនអាមេរិកហ៊ានតែដៅកម្ទេចកោះ Kharg ដែលជាទីស្តុក និងនាំចេញប្រេងធំជាងគេរបស់អ៊ីរ៉ង់។
កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ត្រូវបានគេរាយការណ៍ថា អ៊ីរ៉ង់បានប្រើប្រាស់មីស៊ីលផ្លោងទំនើបបំផុតមួយរបស់ខ្លួនឈ្មោះ Sejjil ដោយកំណត់គោលដៅជាថ្មីទៀតទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ព និងស្ថានទូតសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទស្សនាវដី្ត The Economy Times នៅថ្ងៃចន្ទ ទី១៦ មីនា នេះ។
Sejjil គឺជាមីស៊ីលផ្លោងដើរដោយឥន្ធនៈរឹង។ ឥន្ធនៈរឹងនេះផ្ដល់ឱ្យមីស៊ីលបាញ់ចេញបានលឿនជាង បើប្រៀបធៀបជាមួយប្រព័ន្ធឥន្ធនៈរាវ ដែលធ្វើឱ្យសត្រូវពិបាករកឃើញ ឬស្ទាក់បំផ្លាញ។ Sejjil គឺជាមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម។ រយៈចម្ងាយវាប្រហែល ២០០០គីឡូម៉ែត្រ ប៉ុន្តែវាមានសមត្ថភាពវាយប្រហារគោលដៅនៅទូទាំងមជ្ឈិមបូព៌ា។
យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅបានគំរាមថានឹងបញ្ជាឲ្យបាញ់បំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ នៅលើកោះ Kharg នេះ បើសិនអ៊ីរ៉ង់ នៅតែបិទខ្ទប់បង្កគ្រោះថ្នាក់នៅច្រកសមុទ្រ Hormuz តទៅទៀត។
អ៊ីស្រាអែល វិញ ដែលដឹកនាំការវាយប្រហារផ្លូវអាកាសយ៉ាងសន្ធប់លើអ៊ីរ៉ង់ បានអះអាងថា នៅក្នុងរយៈពេលតែ ២៤ម៉ោងពីរវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងចំនួន ២០០ នៅភាគកណ្តាល និងខាងលិចអ៊ីរ៉ង់ ដោយបាញ់ចំជើងទ្រសម្រាប់បាញ់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងទីតាំងផលិតអាវុធរបស់អ៊ីរ៉ង់។
អ៊ីស្រាអែល ប្រកាសថា សង្គ្រាមអ៊ីរ៉ង់ឈានដល់ដំណាក់កាលសំខាន់ ក្រោយការប្រយុទ្ធគ្នាបន្តអូសបន្លាយចូលដល់សប្ដាហ៍ទី៣។ អ៊ីស្រាអែល បានប្រកាសថា សង្គ្រាមរបស់ខ្លួនរួមជាមួយសហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ កំពុងឈានដល់ដំណាក់កាលដ៏ផុយស្រួយខ្លាំង។
ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រកាសថានឹងប្រើពេលវេលា ៣សប្ដាហ៍ទៀត ទើបពិចារណាថាតើត្រូវបញ្ចប់បេសកកម្មរបស់ខ្លួនបន្តទៅមុខទៀត ប៉ុន្តែដាច់ខាតត្រូវសម្រេចគោលដៅនៃការរំលាយរចនាសម្ព័ន្ធយោធានៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងអាចឈានដល់ការកំណត់រំលាយរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា សង្គ្រាមនាពេលនេះកំពុងឈានដល់ដំណាក់កាលដ៏សំខាន់ ហើយបានព្រមានថាវានឹងបន្តរហូតដល់ទីបញ្ចប់។
យ៉ាងណាមិញ ទោះបីប្រឈមមុខជាមួយអានុភាពយោធាដ៏ខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែល ក៏ដោយ តែសម្រាប់អ៊ីរ៉ង់ ដែលនៅក្រោមរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នៅតែប្ដេជ្ញាយ៉ាងរឹងមាំដើម្បីបន្តការប្រយុទ្ធរបស់ខ្លួនដល់ទីផ្ដាច់ព្រ័ត្រ៕
© 2026, . All rights reserved.