ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី ថ្លែង​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

អ្នកស្រី ជា សិរី៖ ធនាគារ​នឹង​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ បើ​អតិថិជន​មក​ដក​ប្រាក់​ក្នុង​ពេល​តែ​មួយ​នោះ

By ឌឹ ខេមបូឌា ដេលី

March 17, 2026

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី អំពាវនាវ​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​ធ្វើការ​ជាមួយ​នឹង​ធនាគារ​ពាក់ព័ន្ធ រក​វិធី​ដើម្បី​ដោះស្រាយ​ប្រាក់​បញ្ញើ​ទាំងនោះ ដើម្បី​ធានា​ការពារ​នូវ​ផលប្រយោជន៍​របស់​អតិថិជន​ឱ្យ​បាន​គ្រប់ៗ​គ្នា។

អ្នកស្រី ជា សិរី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា នៅ​ពេល​ដែល​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​មក​ដក​ប្រាក់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ជួប​នឹង​បញ្ហា​ខ្វះ​សាច់ប្រាក់​ជាមិនខាន។ ធនាគារ​មិន​អាច​បង្វិល​លុយ​ទាន់​ពេល​ឡើយ ដោយសារតែ​លុយ​ទាំងអស់​នោះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ខ្ចី​មួយ​ភាគ​ធំ​ទៅ​ហើយ។

អ្នកស្រី ជា សិរី បន្ថែម​ថា បើ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មក​ទារ​ប្រាក់​ទាំងអស់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ក៏​ត្រូវតែ​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ដែរ។

អតិថិជន​រាប់​រយ​នាក់​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ APD នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ បាន​សម្រុក​ដក​លុយ​ចេញពី​ធនាគារ APD Bank ក្នុង​តំបន់​បឹងកក់ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​ធនាគារ​បាន​ប្រកាស​ផ្អាក​សេវាកម្ម​ក្រោម​ហេតុផល​ដើម្បី​ថែទាំ​ប្រព័ន្ធ (system maintenance) និង​ស្នើ​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា ចាត់​វិធានការ​ច្បាប់​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នេះ។

អតិថិជន​ទាំងនេះ​បាន​លើកឡើង​នូវ​បញ្ហា​រៀងៗ​ខ្លួន ក្នុង​នោះ អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ យូឡុង អ៊ីវ បាន​អះអាង​ថា ក្រុមហ៊ុន​របស់​ខ្លួន​បាន​ដាក់​ប្រាក់​ក្នុង​ធនាគារ APD ចំនួន ៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ពេល​ខ្លួន​មក​ដក​ប្រាក់ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ធនាគារ​ទៅវិញ។

ចំណែក​អតិថិជន​ម្នាក់​ទៀត​អះអាង​ថា ខ្លួន​មក​ធនាគារ APD ដើម្បី​ដក​ប្រាក់ បន្ទាប់ពី​ដឹង​ថា​ធនាគារ​បាន​ផ្អាក​ការ​ផ្ទេរ​ប្រាក់​ជា​បណ្ដោះអាសន្ន។ ប្រភព​ដដែល​ថា មុន​ដំបូង បុគ្គលិក​ធនាគារ​អះអាង​ថា​ការ​ផ្អាក​នេះ គឺ​មាន​រយៈពេល​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​បន្តិច​ក្រោយ​មក ក៏​បញ្ជាក់​ថា​ការ​ផ្អាក​បណ្ដោះអាសន្ន​នេះ គឺ​មាន​រយៈពេល​រហូត​ដល់​ទៅ​ប្រាំ​ថ្ងៃ​ឯណោះ។

កាលពី​ពាក់កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៦ ខែ​មីនា ធនាគារ APD បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​បច្ចុប្បន្នភាព​សេវាកម្ម​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ថា ចាប់ពី​ម៉ោង ០០:០១​ព្រឹក​ដល់​ម៉ោង ៩​ព្រឹក​ថ្ងៃទី​១៦ ខែ​មីនា សេវាកម្ម​ទាំងអស់​របស់​ធនាគារ​ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ទាំងស្រុង។

ប៉ុន្តែ​ចាប់ពី​ម៉ោង ៩:០១​ព្រឹក រហូត​ដល់​ម៉ោង ១១:៥៩​យប់​ថ្ងៃទី​២០ ខែ​មីនា ធនាគារ​នឹង​ផ្តល់​សេវាកម្ម​មួយ​ចំនួន ប៉ុន្តែ​សេវាកម្ម​ខ្លះ​ទៀត គឺ​នៅតែ​បន្ត​ផ្អាក​ដដែល ក្នុង​នោះ សេវាកម្ម​ដែល​អាច​ប្រើ​បាន​រួម​មាន ការ​ពិនិត្យ​មើល​សមតុល្យ​គណនី ការ​បើក​គណនី​សន្សំ​មាន​កាលកំណត់ និង​ការ​ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់ខ្លួន ជាដើម។

ចំណែកឯ​ការ​ផ្ទេរ​ប្រាក់​ចេញ​តាម​ប្រព័ន្ធ បាគង (Bakong KHQR) គឺ​ត្រូវ​អនុញ្ញាត​ត្រឹមតែ ៣០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​អតិថិជន​ម្នាក់។

ដោយឡែក​សេវាកម្ម​ដែល​មិន​អាច​ប្រើ​បាន​ជា​បណ្ដោះអាសន្ន រួម​មាន មុខងារ​ផ្សេងៗ​នៅ​ក្នុង APD Mobile និង iBanking សេវាកម្ម VTM កាត Visa UPI និង CSS ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ធនាគារ APD បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ផង​ដែរ ដោយ​អះអាង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ការ​ផ្សព្វផ្សាយ​ថា ធនាគារ APD Bank បាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្លែងបន្លំ​តាម​អ៊ីនធឺណិត ខណៈ​អាជ្ញាបណ្ណ​របស់​ធនាគារ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដកហូត​ថែមទៀត។

ប្រភព​ដដែល អះអាង​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ធនាគារ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​រួច​ហើយ ព្រោះ​ខ្លួន​បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទប្បញ្ញត្តិ និង​បទបញ្ជា​ទាំងអស់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក Chua Thiam Yew (ឈ័រ ធាមយូ) នាយក​ប្រតិបត្តិ​នៃ​ធនាគារ អេភីឌី (APD) ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, . All rights reserved.