អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន

ព័ត៌មានជាតិ

អភិបាល​ខេត្ត​កណ្តាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ

By ឌឹ ខេមបូឌា ដេលី

March 17, 2026

អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​កាន់​រូបលោក​ដោយ​ផ្ទាល់ បើ​ដឹង​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (Scam Online)។

លោក គួច ចំរើន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​គាំទ្រ​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ដូច្នេះ​បើ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ទីតាំង​ណា​មាន​ជនបរទេស​ស្នាក់នៅ​ដោយ​ប្រមូលផ្ដុំ និង​សង្ស័យ​ការ​ប្រព្រឹត្ត​ស្គេម​អនឡាញ (Scam Online) សូម​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ជាបន្ទាន់។

លោក គួច ចំរើន អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍ ឬ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ប្រព័ន្ធ​ទូរសព្ទ​លេខ ០៣១ ៣៧៤ ៩៨ ៣៤ ដោយ​ធានា​បាន​នូវ​ការ​រក្សា​ការសម្ងាត់ ព្រោះ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​រួម​គ្នា​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ក្រោយ​ទម្លាយ​អាថ៌កំបាំង​អំពី​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន កាលពី​ចុង​ឆ្នាំ​២០២៤ កន្លង​ទៅ។

អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយ​ថា លោក គួច ចំរើន គឺជា​ជន​ពុករលួយ​ធំ​បំផុត​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​នានា ពេល​ដែល​គាត់​នៅ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ខណៈ​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ផ្ញើ​ឱ្យ​គាត់​ដោយ​សុវត្ថិភាព​បំផុត​តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ ដូចជា USDT USDC និង Bitcoin ជាដើម។

អតីត​ឧកញ៉ា​រូប​នេះ​បញ្ជាក់​ថា ក្រៅពី​លោក គួច ចំរើន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ រួម​ទាំង​មន្ត្រី​អន្តោប្រវេសន៍​មួយ​ចំនួន​ទៀត សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ដែល​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។

លើស​ពី​នេះ​ទៀត បងប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ឧកញ៉ា ហ៊ុន តូ ក៏​ជាប់​ពាក់ព័ន្ធ​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​ធ្វើ​ជា​ខ្នងបង្អែក​ឱ្យ​ឧក្រិដ្ឋជន​ខុស​ច្បាប់​សម្ងំ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ដូច​មន្ត្រី​គ្រាក់ៗ​ទាំងនោះ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៥ សភា​អាមេរិក បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​លេខ H.R 5490 ក្នុង​គោលបំណង​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជីខ្មៅ និង​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ និង​ឧកញ៉ា​ខ្មែរ​មួយ​ចំនួន រួម​ទាំង​ក្រុមហ៊ុន​ខ្មែរ​សហការ​ជាមួយ​ចិន ជាច្រើន​ទៀត​ផង​ដែរ។

ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​កំណត់​មុខសញ្ញា​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា និង​ឧកញ៉ា​ខ្មែរ ដូចជា លោក ឌី វិជ្ជា ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក នេត សាវឿន អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ជាដើម។

បន្ថែម​ពី​នេះ ក៏​មាន​ឧកញ៉ា ចេន ហ្ស៊ី ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​ដែល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន លោក យឹម លក្ខណ៍ ប្អូនថ្លៃ​លោក ហ៊ុន ម៉ានី ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​បង្កើត​លោក ហ៊ុន សែន ឧកញ៉ា កុក អាន ក្នុង​នោះ​ក៏​មាន​ឈ្មោះ​មេ​ឧក្រិដ្ឋជន​ឈ្មោះ យ៉ាន ណារ៉ុង ផង​ដែរ រួម​ទាំង​មនុស្ស​ជាង ៣០​នាក់​ផ្សេង​ទៀត​ដែល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​អនុវត្ត​វិធានការ​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ ដើម្បី​ផ្តាច់​ដង្ហើម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បន្លំ​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​ផ្សេងៗ​កុំ​ឱ្យ​មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​បន្ត​ទៀត៕

© 2026, . All rights reserved.