យុទ្ធនាការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​នៅ​អគារ​មួយ​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩ ភូមិ​បន្ទាយទី១ ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៦។

ច្បាប់

រដ្ឋសភា​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ

By ឌឹ ខេមបូឌា ដេលី

March 20, 2026

រដ្ឋសភា​កម្ពុជា អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទៅ​ពិនិត្យ​តាម​សំណើ​របស់​រាជរដ្ឋាភិបាល។

ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា អ្នកស្រី ឃួន សុដារី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មីនា នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​ទទួលយក​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រគល់​ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ទៅ​ពិនិត្យ និង​សិក្សា បន្ទាប់​មក​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ។

អ្នកស្រី ឃួន សុដារី បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​កំណត់​អំពី​វិធាន​ផ្នែក​ព្រហ្មទណ្ឌ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សំដៅ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ​ឱ្យខាងតែ​បាន​ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

ក្រសួង​យុត្តិធម៌ អះអាង​ថា ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នឹង​លេច​ចេញ​ជា​រូបរាង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ហើយ​ច្បាប់​នេះ​នឹង​បង្កើត​បាន​ជា​ក្របខ័ណ្ឌ​គតិយុត្តិ​មួយ​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ជា​អាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AFP កាលពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ក្រោម​ច្បាប់​ថ្មី​នេះ មេខ្លោង​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ (Ringleaders) នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ។

លោក នេត្រ ភក្ដ្រា អះអាង​ថា ទម្ងន់​ទោស​នឹង​អាច​ច្រើន​ជាង​នេះ បើ​រក​ឃើញ​ថា​មេខ្លោង​ទាំងនោះ​បាន​ប្រើ​ហិង្សា ធ្វើ​ទារុណកម្ម បង្ខាំង ជួញដូរ ឬ​បង្ខំ​មនុស្ស​ឱ្យ​ធ្វើការ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​នេះ ពោល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ក្នុង​ពន្ធនាគារ​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ​តែម្តង។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រូប​នេះ​បញ្ជាក់​ថា រីឯ​មេ​ឧក្រិដ្ឋជន​អនឡាញ (Cyberscam Bosses) នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ទៅ ៣០​ឆ្នាំ ឬ​អស់​មួយ​ជីវិត ប្រសិនបើ​សកម្មភាព​របស់​គេ​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ស្លាប់។ ដោយឡែក​អ្នក​ឆបោក​តាម​អនឡាញ​ថ្នាក់ក្រោម (lower-level fraudsters) ក៏​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ​ផង​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​អនុវត្ត​វិធានការ​បោសសម្អាត​បទល្មើស​អនឡាញ​ឱ្យ​អស់​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ ដើម្បី​ផ្ដាច់​ដង្ហើម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​បន្លំ​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​ផ្សេងៗ កុំ​ឱ្យ​មាន​នៅ​ក្នុង​ទឹកដី​ខ្មែរ​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​អះអាង​កាលពី​ថ្ងៃទី​១៧ មីនា នេះ​ថា អស់​រយៈពេល​ជាង ២​ខែ​ដើម​ឆ្នាំ​២០២៦ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​តាម​អនឡាញ​បាន​ជិត ១០០​ទីតាំង (៩៨​ទីតាំង) ក្នុង​ចំណោម​រាជធានី-ខេត្ត​ចំនួន ១៣ និង​ឃាត់​ខ្លួន​មនុស្ស​បាន​ជិត ៦​ពាន់​នាក់ (៥៧៧១​នាក់) និង​មាន​ជាង ២០​សញ្ជាតិ (២៣​សញ្ជាតិ)។

លោក ទូច សុឃៈ បញ្ជាក់​ថា សមត្ថកិច្ច​ក៏បាន​រក​ឃើញ​ជនបរទេស​គេច​ខ្លួន​ចេញពី​ទីតាំង​សង្ស័យ​ជាង ៣​ពាន់​នាក់ (៣៧៤១​នាក់) ផង​ដែរ ដែល​ស្មើ​នឹង ៣២​សញ្ជាតិ​ក្នុង​រាជធានី-ខេត្ត​ចំនួន ១៧ នៅ​ទូទាំង​ប្រទេស៕

© 2026, . All rights reserved.