លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

ព័ត៌មានអន្តរជាតិ

តើ​រុស្ស៊ី​នៅតែ​បន្ត​ផ្ដល់​រូបភាព​ផ្កាយរណប​យោធា និង​ជួយ​បច្ចេកទេស​ដ្រូន​ឱ្យ​អ៊ីរ៉ង់ វាយប្រហារ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា?

By ឌឹ ខេមបូឌា ដេលី

March 23, 2026

កាលពី​សប្ដាហ៍​មុន លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​ទូរសព្ទ​ទៅ​និយាយ​ជា​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ ក្នុង​កិច្ចសន្ទនា​នោះ លោក​បាន​សួរនាំ​ទៅ​លោក ពូទីន អំពី​រុស្ស៊ី ជួយ​ចែករំលែក​ព័ត៌មាន​ចារកម្ម​ពី​ផ្កាយរណប​របស់​ខ្លួន​ទៅ​ឱ្យ​អ៊ីរ៉ង់។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាមេរិក ចុះផ្សាយ​ថា​លោក ពូទីន បាន​ច្រានចោល​ការ​ចោទ​ដូចនេះ ដោយ​អះអាង​ថា រុស្ស៊ី​មិន​បាន​ជួយ​អ៊ីរ៉ង់ ទេ​នៅ​ពេលនេះ សូម្បី​ចារកម្ម​យោធា​តាមរយៈ​ផ្កាយរណប​ក៏ដោយ។ មិន​តែប៉ុណ្ណោះ លោក ពូទីន សន្យា​ថា​បើ​មាន​ការ​ផ្ដល់​ព័ត៌មាន​ផ្កាយរណប​របស់​រុស្ស៊ី ដែល​ថត​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​មជ្ឈិមបូព៌ា ក៏​ក្រុង​មូស្គូ លែង​ផ្ដល់​ឱ្យ​អ៊ីរ៉ង់ ដែរ។

ក្នុង​កិច្ចសន្ទនា​នោះ លោក ត្រាំ ក៏បាន​ប្រកាស​បើក​ឱ្យ​រុស្ស៊ី ទទួល​កប៉ាល់​ចូល​ពី​រុស្ស៊ី ក្នុង​រយៈពេល ៣០​ថ្ងៃ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ឡើង​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ ព្រោះតែ​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​ជា​ជង្រុក​ប្រេង​ដ៏​ធំ កំពុង​រង​ការ​ប៉ះពាល់​ដោយសារ​សង្គ្រាម​សហរដ្ឋ​អាមេរិក រួម​ដៃ​គ្នា​នឹង​អ៊ីស្រាអែល វាយប្រហារ​អ៊ីរ៉ង់។

គេ​ថា​លោក ត្រាំ ធ្វើ​ដូចនេះ ដើម្បី​ឱ្យ​រុស្ស៊ី បន្ថយ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ពោល​គឺ​មិន​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ជួយ​អ៊ីរ៉ង់ នោះ​ទេ។

តែ​ប៉ុន្មាន​ថ្ងៃ​មក​នេះ រុស្ស៊ី​ត្រូវ​បាន​គេ​ដឹង​ថា​បាន​និង​កំពុង​ពង្រីក​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់ និង​ការ​សហប្រតិបត្តិការ​យោធា​ជាមួយ​អ៊ីរ៉ង់ ដោយ​ផ្តល់​រូបភាព​ផ្កាយរណប និង​ជួយ​កែលំអ​បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ឱ្យ​អ៊ីរ៉ង់ អាច​កំណត់​គោលដៅ​លើ​កងកម្លាំង​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

តាម​សេចក្តី​រាយការណ៍​ពី​ទស្សនាវដី្ត Wall Street Journal ទីក្រុង​មូស្គូ កំពុង​ជួយ​សម្ពន្ធមិត្ត​របស់​ខ្លួន គឺ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ក្នុង​បំណង​អូស​ទាញ​ផលប្រយោជន៍​ពី​សង្គ្រាម ដែល​ទីក្រុង​មូស្គូ អាច​ទទួល​ផល​ចំណេញ​ពី​ផ្នែក​សេដ្ឋកិច្ច និង​យោធា។

ប្រភព​មន្ត្រី​ចារកម្ម​អឺរ៉ុប បាន​និយាយ​ថា រុស្ស៊ី​បាន​ផ្គត់ផ្គង់​ឱ្យ​អ៊ីរ៉ង់ មិន​ត្រឹមតែ​រូបភាព​ពី​ផ្កាយរណប​អំពី​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​នៅ​មជ្ឈិមបូព៌ា​នោះ​ទេ តែ​ក៏​មាន​ជួយ​កែលំអ​យន្តហោះ​គ្មាន​មនុស្ស​បើក គឺ​ដ្រូន Shahed រួម​ទាំង​ផ្ដល់​នូវ​សមត្ថភាព​កំណត់​គោលដៅ​វាយប្រហារ​ទៅ​លើ​សត្រូវ​ទៀត​ផង។

យន្តហោះ​ដ្រូន Shahed ត្រូវ​បាន​ផលិត​ដោយ​អ៊ីរ៉ង់ ប៉ុន្តែ​រុស្ស៊ី បាន​បង្កើត​កំណែ​ផលិត​ក្នុង​ស្រុក​ផ្ទាល់ខ្លួន និង​ចែករំលែក​បទពិសោធ​ពី​ការ​ប្រើប្រាស់​អាវុធ​នៅ​សង្គ្រាម​អ៊ុយក្រែន ដើម្បី​បង្ហាត់​អ៊ីរ៉ង់ ពី​វិធី​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​គោលដៅ​របស់​សត្រូវ។

ទស្សនាវដី្ត Wall Street Journal និង​កាសែត Washington Post បាន​រាយការណ៍​ថា រុស្ស៊ី​ក៏​ផ្តល់​ព័ត៌មាន​ផ្កាយរណប​អំពី​ទីតាំង​កងកម្លាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ផង​ដែរ។

តាម​កាសែត Washington Post កិច្ច​សហប្រតិបត្តិការ​នេះ​កើតឡើង​ដើម្បី​ជួយ​អ៊ីរ៉ង់ ក្នុង​ការ​វាយលុក​ប្រព័ន្ធ​រ៉ាដា​របស់​អាមេរិក។

មន្ត្រី​ជំនាញ​ម្នាក់​នៃ​ក្រុម​ចារកម្ម​យោធា​អឺរ៉ុប បាន​បញ្ជាក់​ថា ព័ត៌មាន​នេះ​បាន​មកពី​ផ្កាយរណប​របស់​កងកម្លាំង​អវកាស​រុស្ស៊ី។

យ៉ាងណា វិមាន​ក្រឹមឡាំង មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ពី​កាសែត Washington Post នោះ​ទេ។

ទោះយ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​សេតវិមាន លោកស្រី Olivia Wales បាន​ច្រានចោល​របាយការណ៍​របស់ Wall Street Journal និង​កាសែត Washington Post ដោយ​បញ្ជាក់​ថា ការ​គាំទ្រ​របស់​រុស្ស៊ី ចំពោះ​អ៊ីរ៉ង់ មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​សង្គ្រាម​សហរដ្ឋ​អាមេរិក ទេ។

លោកស្រី​បាន​និយាយ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់ ថយ​ចុះ ៩០% និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ថយ​ចុះ ៩៥% បន្ទាប់ពី​ប្រតិបត្តិការ​វាយប្រហារ​របស់​អាមេរិក។

អ៊ីរ៉ង់ បាន​ប្រើ​កាំជ្រួច និង​យន្តហោះ​គ្មាន​មនុស្ស​បើក​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក និង​មជ្ឈមណ្ឌល​ប្រជាជន​អ៊ីស្រាអែល ជា​ការ​សងសឹក​ចំពោះ​យុទ្ធនាការ​អាមេរិក-អ៊ីស្រាអែល ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ។

កាលពី​ដើម​ខែ​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ក៏បាន​រាយការណ៍​ថា រូបភាព​ផ្កាយរណប​បង្ហាញ​ថា ទីតាំង​រ៉ាដា​របស់​សហរដ្ឋ​អាមេរិក​ជាច្រើន​នៅ​ក្នុង​តំបន់ ត្រូវ​បាន​រង​ការ​វាយប្រហារ បង្ក​ឱ្យ​សមត្ថភាព​ការពារ​ដែនអាកាស​របស់​ប្រទេស​អារ៉ាប់ ចុះ​ខ្សោយ រួម​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស THAAD នៅ​ហ្សកដានី និង​ប្រព័ន្ធ​រ៉ាដា​ជាច្រើន​នៅ​ប្រទេស​អារ៉ាប់រួម ក៏​ចុះ​ខ្សោយ​ផង​ដែរ។

កាសែត The New York Times បាន​រាយការណ៍​ថា រ៉ាដា និង​កន្លែង​ទំនាក់ទំនង​របស់​អាមេរិក​ចំនួន​ប្រាំពីរ ត្រូវ​បាន​វាយប្រហារ​ទូទាំង​តំបន់​អារ៉ាប់។

យន្តហោះ​គ្មាន​មនុស្ស​បើក និង​មីស៊ីល​របស់​អ៊ីរ៉ង់ បាន​វាយប្រហារ​ទៅ​លើ​គោលដៅ​ជនស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​នៅ​ក្នុង​ប្រទេស​ឈូងសមុទ្រ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស និង​រង​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​យ៉ាង​ធ្ងន់ធ្ងរ។

កាសែត The Washington Post បាន​រាយការណ៍​ថា អ្នកជំនាញ​អ៊ុយក្រែន ជាង ២០០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ឈូងសមុទ្រ ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅ​ទីនោះ​ទប់ទល់​នឹង​ការ​វាយប្រហារ​ដោយ​កង​យន្តហោះ​ដ្រូន​អ៊ីរ៉ង់ ព្រោះ​អ៊ុយក្រែន មាន​សមត្ថភាព​ប្រើ​ដ្រូន​របស់​ខ្លួន​វាយ​ទប់ស្កាត់​រុស្ស៊ី។

រុស្ស៊ី និង​អ៊ីរ៉ង់ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​យូរ​មក​ហើយ តែ​នៅ​ខែ​មករា ឆ្នាំ​២០២៥ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​កែលំអ​សហប្រតិបត្តិការ​បន្ថែម រួម​ទាំង​ភាព​ជា​ដៃគូ​យោធា និង​វិស័យ​ការពារ​ជាតិ​ផង​ដែរ។

សង្គ្រាម​អាមេរិក-អ៊ីស្រាអែល វាយប្រហារ​លើ​អ៊ីរ៉ង់ កំពុង​ឈាន​ចូល​ដល់​ចុង​សប្តាហ៍​ទី​៤ ហើយ ដែល​គេ​មិន​ទាន់​មើល​ឃើញ​ពី​សញ្ញាណ​នៃ​ការ​បិទ​បញ្ចប់​នៅឡើយ។

អាមេរិក និង​អ៊ីស្រាអែល ត្រូវ​បាន​គេ​ដឹង​ថា​បាន​កំណត់​គោលដៅ​ទៅ​លើ​ទីតាំង​យោធា និង​បុគ្គល​សំខាន់ៗ​នៃ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​របស់​អ៊ីរ៉ង់ ដូចជា ការ​សម្លាប់​មេដឹកនាំ​កំពូល អាលី ខេមីណៃ មេបញ្ជាការ​សំខាន់ៗ ប្រធាន​សន្តិសុខ​ជាន់ខ្ពស់​របស់​អ៊ីរ៉ង់ ជាដើម តែ​ប្រព័ន្ធ​ដឹកនាំ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ នៅតែ​រឹងមាំ។

សម្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ថា​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ កំពុង​ដើរ​ទៅ​រក​ទី​បញ្ចប់​នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​ហើយ៕

© 2026, . All rights reserved.