តាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Independent នៅថ្ងៃទី២៣ ខែមីនា នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានដាក់ចេញនូវបទបញ្ជារបស់លោកឱ្យផ្អាកការវាយប្រហាររយៈពេល ៥ថ្ងៃទៅលើរោងចក្រថាមពលនៅទូទាំងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការចរចារវាងអាមេរិក និងអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ ចាត់ទុកការចរចាប្រព្រឹត្តទៅដោយវិជ្ជមានជាមួយទីក្រុងតេហេរ៉ង់។ សេចក្ដីថ្លែងការណ៍របស់លោក ត្រាំ ដែលត្រូវគេមើលឃើញលើបណ្ដាញសង្គម Truth Social បានសរសេររៀបរាប់ថា៖ «លោកមានក្ដីរីករាយដែលថាការចរចារវាងអ៊ីរ៉ង់ និងអាមេរិក ប្រព្រឹត្តទៅបានល្អណាស់ ហើយមានសញ្ញាវិជ្ជមានដែលអាចរកឃើញដំណោះស្រាយនៃការបិទបញ្ចប់ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ក្រោយពីការចរចាបានធ្វើឡើងរយៈពេល ២ថ្ងៃ។»
សាររបស់លោក ត្រាំ បានបញ្ជាក់ទៀតថា «តាមស្ថានភាពជាក់ស្ដែង គឺការសន្ទនាគ្នានេះពិតជាមានចំណុចល្អជាច្រើន ហើយអាចបន្តសន្ទនាគ្នាពេញមួយសប្ដាហ៍។ រឿងនេះ ខ្ញុំបានណែនាំឱ្យក្រសួងសង្គ្រាម ពន្យារសិននៃការវាយប្រហារទៅលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៃប្រទេសអ៊ីរ៉ង់ រយៈពេល ៥ថ្ងៃ។»
លោក ត្រាំ បញ្ជាក់ទៀតថា ការផ្អាកការវាយប្រហាររយៈពេល ៥ថ្ងៃនេះ គឺជាកម្មវត្ថុមួយអនុញ្ញាតឱ្យមានការចរចាបន្តទៀត។
បន្ទាប់ពីការប្រកាសរបស់លោក ត្រាំ ដូចនេះ ទូរទស្សន៍អ៊ីរ៉ង់ ផ្សាយថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញជំហរដូចនេះបន្ទាប់ពីការព្រមានដ៏ខ្លាំងរបស់អ៊ីរ៉ង់ ដែលព្រមានបិទច្រកសមុទ្រហ័រមូស (Hormuz) ទាំងស្រុង បើអាមេរិកវាយប្រហារទៅលើរោងចក្រថាមពលនៃប្រទេសអ៊ីរ៉ង់។
ជាមួយគ្នានេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ដូណាល់ ត្រាំ កំពុងទាមទារឱ្យអ៊ីរ៉ង់ បញ្ឈប់កម្មវិធីមីស៊ីលរបស់ពួកគេក្នុងរយៈពេល ៥ឆ្នាំ ជាថ្នូរនឹងសន្តិភាព។
លោក ត្រាំ អះអាងថា៖ «នេះជាតម្លៃនៃសន្តិភាព មានន័យថា វាជាតម្រូវការបន្ធូរបន្ថយភាពតានតឹង ឬឈានដល់កិច្ចព្រមព្រៀង។»
តែដូចជាការផ្ទុយគ្នាបន្តិច ព្រោះសេតវិមាន បានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ ខណៈទីក្រុងតេហេរ៉ង់ ទទូចថាការចរចាអាចចាប់ផ្តើមបាន រហូតដល់ការប្រយុទ្ធគ្នាត្រូវផ្អាកសិន។
បន្ទាប់ពីជម្លោះឈានចូលដល់សប្តាហ៍ទី៤ ភាគីទាំងពីរកំពុងផ្តល់សញ្ញាចម្រុះបង្ហាញពីភាពបើកចំហផ្នែកការទូត ខណៈអ៊ីស្រាអែល ដៃគូសហរដ្ឋអាមេរិក ទាមទារឱ្យអ៊ីរ៉ង់ ចុះចាញ់ទាំងស្រុង។
កន្លងមក លោក ត្រាំ បញ្ជាក់យ៉ាងច្បាស់ថាលោកមិនគាំទ្រការបញ្ឈប់ការប្រយុទ្ធនោះទេ។ លោកថាសម្ពាធយោធាត្រូវតែបន្តបង្ខំឱ្យមានសម្បទានពីទីក្រុងតេហេរ៉ង់។ តម្រូវការនេះជាសម្បទានដ៏សំខាន់មួយពីអ៊ីរ៉ង់ គឺត្រូវតែយល់ព្រមឈប់អភិវឌ្ឍមីស៊ីលផ្លោង។
មុនជម្លោះកើតឡើង ប្រធានាធិបតីអាមេរិកថាសង្គ្រាមអាចបញ្ចប់បាន លុះត្រាតែរបបដឹកនាំអ៊ីរ៉ង់ សព្វថ្ងៃនេះត្រូវបានដួលរលំ។
កាលពីថ្ងៃអាទិត្យ លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា ការអំពាវនាវឱ្យអ៊ីរ៉ង់ ចុះចាញ់ គឺគ្មានន័យទេ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាអ្នកផ្ដួចផ្ដើមសង្គ្រាម ហើយក៏ជាអ្នកទទួលខុសត្រូវជាអ្នកត្រូវបញ្ឈប់សង្គ្រាម។
ទោះជាយ៉ាងណា នៅថ្ងៃចន្ទ ទី២៣ មីនា នេះ អ៊ីស្រាអែល នៅតែបន្តបើកការវាយប្រហារតាមអាកាសលើទីក្រុងតេហេរ៉ង់ ហើយភ្លាមៗក្រោយពីលោក ត្រាំ ថាអាមេរិក-អ៊ីរ៉ង់ កំពុងចរចានឹងគ្នាប្រកបដោយលទ្ធផលជាវិជ្ជមាន ពីទីក្រុងហ្សេរុយសាឡិម កងយន្តហោះចម្បាំងនៃប្រទេសអ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងបើកប្រតិបត្តិការវាយប្រហារតាមអាកាសទៅលើគោលដៅនានានៅក្នុងរដ្ឋធានីតេហេរ៉ង់។
ការវាយប្រហារនេះ កើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចចរចាគ្នា ហើយលោកបានសម្រេចចិត្តពន្យារពេលការវាយប្រហារលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ រយៈពេល ៥ថ្ងៃ ដើម្បីទុកពេលឱ្យការចរចាដំណើរការទៅមុខជាមួយក្ដីសង្ឃឹមថានឹងទៅរកដំណោះស្រាយមួយ គឺសន្តិភាពសម្រាប់មជ្ឈិមបូព៌ា។
តែសម្រាប់អ៊ីស្រាអែល តែងតែសច្ចាថាសង្គ្រាមលើកនេះ គឺជាសង្គ្រាមបញ្ចប់របបភេរវកម្មនៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
ចំពោះលោក ត្រាំ ក៏បានហៅរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ជារបបភេរវកម្មដែរ៕
© 2026, . All rights reserved.