អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ថ្លែង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ចក្ខុវិស័យ​យុវជន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល» នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៦។

នយោបាយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ពីរ គ្រោង​ស្នើសុំ​ជួប​លោក ហ៊ុន ម៉ាណែត ពិភាក្សា​អំពី​វិបត្តិ​នយោបាយ​និង​សង្គម

By ឌឹ ខេមបូឌា ដេលី

March 25, 2026

គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើងទៀន គ្រោង​ស្នើសុំ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​ជជែក​ពី​ស្ថានភាព​នយោបាយ និង​វិបត្តិ​សង្គម​ក្នុង​ពេល​បច្ចុប្បន្ន។

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​សម្ពន្ធភាព​នយោបាយ​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២២ ខែ​មីនា ឆ្នាំ​២០២៦ ថា គណបក្ស​ប្រឆាំង​គ្រោង​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពី​បញ្ហា​ព្រំដែន វិបត្តិ​ទំនិញ​ឡើង​ថ្លៃ និង​ស្ថានភាព​បំណុល ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ជួបប្រទះ។

លោក សុន ឆ័យ បន្ថែម​ទៀត​ថា គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ គ្រោង​នឹង​សុំ​ជួប​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​គ្រោង​ពិភាក្សា​អំពី​ការ​ឈ្លានពាន​របស់​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា ពលករ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ គ្មាន​ការងារ​ធ្វើ និង​វិបត្តិ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា មាន​តែ​វប្បធម៌​សន្ទនា​ជួប​គ្នា​ដោយ​ផ្ទាល់​ទេ ទើប​ផ្តល់​លទ្ធផល​ផ្លែផ្កា។ លោក​ក៏​សង្ឃឹម​ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ទទួលយក​សំណើសុំ​ជួប​ពិភាក្សា​ពី​សំណាក់​ក្រុម​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​របស់​លោក​ផង​ដែរ។

កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៦ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ធ្វើ​ពិធី​ចុះ​កិច្ចព្រមព្រៀង​ចង​សម្ពន្ធ​នឹង​គ្នា ដែល​មាន​ឈ្មោះ​ថា «សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត»។ ខ្លឹមសារ​សំខាន់​នៃ​កិច្ចព្រមព្រៀង​សម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៦ ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៨ ឆ្នាំ​២០២៨។

កន្លង​មក គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​នីតិកាល​ទី​៥ នេះ ក៏​ធ្លាប់​បាន​ជួប​សន្ទនា​អស់​ពេល​ជាង ៣​ម៉ោង​ជាមួយ​នឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០២៤ ដោយ​លើក​យក​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​កម្ពុជា ទៅ​ជជែក​ពិភាក្សា​គ្នា​ជាមួយ​លោក ហ៊ុន សែន។

ទាក់ទង​ទៅ​នឹង​វប្បធម៌​សន្ទនា កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ពលរដ្ឋ​កម្ពុជា មើល​ឃើញ​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បង្រួបបង្រួម​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មាន​ក្ដី​សង្ឃឹម ដោយ​ឃើញ​ស្ថានភាព​នយោបាយ​បាន​បញ្ចប់​ការ​តានតឹង បញ្ចប់​ជម្លោះ​ក្រោយ​ពេល​បោះឆ្នោត ហើយ​គណបក្ស​ជាប់​ឆ្នោត​អភិវឌ្ឍ​ប្រទេស​រួម​គ្នា៕

© 2026, . All rights reserved.