សាច់ញាតិ និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​សកម្មជន​បរិស្ថាន​ចំនួន ៥​នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

របាយការណ៍​បង្ហាញ​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២៥ នៅ​តែ​បន្ត​រឹតត្បិត បើ​ធៀប​នឹង​ឆ្នាំ​២០២៤

By ឌឹ ខេមបូឌា ដេលី

March 25, 2026

សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) អះអាង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២៥ មិន​មាន​ភាព​ល្អ​ប្រសើរ ដោយ​មាន​ការ​បន្ត​រឹតត្បិត​លំហ​សេរីភាព​មូលដ្ឋាន សិទ្ធិ​នយោបាយ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​បង្ក​ឥទ្ធិពល​អវិជ្ជមាន​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

សមាគម​សិទ្ធិមនុស្ស​អាដហុក បាន​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប្រចាំ​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦ ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ពិសេស​មាន​ការ​បន្ត​រឹតត្បិត​លំហ​សេរីភាព​មូលដ្ឋាន សិទ្ធិ​នយោបាយ និង​ប្រព័ន្ធ​យុត្តិធម៌។

នៅ​ក្នុង​របាយការណ៍​ចំនួន ៩​ទំព័រ សមាគម​អាដហុក​បាន​លើកឡើង​ពី​ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​មតិ​រិះគន់ ការ​គំរាមកំហែង​សកម្មជន និង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ដំណាក់កាល​សួរ​ចម្លើយ ដែល​នេះ​បាន​បង្ក​ឥទ្ធិពល​អវិជ្ជមាន​ដល់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​លើកឡើង​ថា ការ​រឹតត្បិត​សេរីភាព ភាគច្រើន​ផ្ដោត​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម រួម​មាន​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​សារព័ត៌មាន សហជីព និង​ក្រុម​យុវជន រួម​ទាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បញ្ចេញ​មតិ។

ប្រភព​ដដែល​អះអាង​ថា ៧៥% នៃ​សកម្មភាព​ផ្សព្វផ្សាយ និង​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​អាជ្ញាធរ​រារាំង ឬ​តាម​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង។ ដោយឡែក​ក្នុង​ចំណោម​សកម្មភាព​ជួបជុំ​ដោយ​សន្តិវិធី​ចំនួន ៤៥​ករណី​ដែល​មាន​អ្នក​ចូលរួម​សរុប​ជាង ៥​ពាន់​នាក់ មាន​ប្រមាណ ៨០% ត្រូវ​បាន​អាជ្ញាធរ និង​កងកម្លាំង​តាម​ឃ្លាំមើល។

នៅ​ក្នុង​របាយការណ៍​របស់​សមាគម​អាដហុក ថា​ក្នុង​ចំណោម​ករណី​រំលោភ​សិទ្ធិ និង​ការ​រឹតត្បិត​សេរីភាព​ចំនួន ២១៥​ករណី​ដែល​បាន​រក​ឃើញ និង​ចងក្រង​ក្នុង​ឆ្នាំ​២០២៥ គឺ​មាន​ជនរងគ្រោះ និង​អ្នក​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ប្រមាណ ១៥០៣៩​នាក់ (ស្ត្រី ៥០,៣%) ដែល​ភាគច្រើន​ជា​អ្នក​មាន​ជីវភាព​ក្រីក្រ និង​ជំពាក់​បំណុល។

នៅ​ក្នុង​របាយការណ៍​ដដែល អះអាង​ថា នេះ​ជា​ការ​បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ ជាជាង​ការ​ប្រើ​កម្លាំង​មក​ការពារ និង​សម្របសម្រួល ដែល​អាច​ប៉ះពាល់​ដល់​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា និង​ទំនុកចិត្ត​សាធារណៈ​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ស្ដារ​ទំនុកចិត្ត​សាធារណជន និង​ធានា​បរិយាកាស​ប្រកប​ដោយ​សេរីភាព និង​យុត្តិធម៌ គឺ​ត្រូវ​ធ្វើការ​កែទម្រង់​ជា​ប្រព័ន្ធ ការ​អនុវត្ត​ច្បាប់​ស្មើភាព និង​ការ​គោរព​កាតព្វកិច្ច​សិទ្ធិមនុស្ស​តាម​រដ្ឋធម្មនុញ្ញ និង​ស្តង់ដា​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន ឬ​ទទួលស្គាល់​នា​ពេល​កន្លង​មក។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា បាន​លើកឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា កំពុង​ស្ថិត​ក្នុង​របត់​នៃ​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់​ចុះ​នៃ​ប្រព័ន្ធ​ច្បាប់ ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​នៃ​ប្រទេស​មួយ​ដែល​កំពុង​ញាំញី​ដោយ​ផលវិបាក​នៃ​ជម្លោះ​ព្រំដែន​ទ្រង់ទ្រាយ​ធំ និង​ការ​ដួល​រលំ​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​បន្សល់​ទុក​មនុស្ស​រាប់​ពាន់​នាក់​ឱ្យ​រងគ្រោះ​យ៉ាង​ទម្ងន់ ហើយ​រដ្ឋាភិបាល​បែរជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ច្បាប់​ថ្មីៗ​ដើម្បី​រឹត​បន្តឹង​អំណាច​តាម​បែប​ផ្ដាច់ការ។

អង្គការ Freedom House បាន​ចេញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២៤ ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2026, . All rights reserved.