(រូប​ឯកសារ)៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម ក្នុង​សន្និសីទ និង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៩ និង (រូប​ស្ដាំ) លោក ម៉ែន ណាត។

ព័ត៌មានជាតិ

លោក ម៉ែន ណាត ថា​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម​កែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​មាន MoU ជាមួយ​ថៃ

By ឌឹ ខេមបូឌា ដេលី

March 27, 2026

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ គឺជា​កិច្ចព្រមព្រៀង​ឱ្យ​ថៃ មាន​លេស​ឈ្លានពាន​កម្ពុជា​ប៉ុណ្ណោះ ព្រោះ​ចាប់តាំងពី​មាន​អនុស្សរណៈ​នេះ​មក វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ក៏​កាន់តែ​រីក​ធំ​ជាង​មុន​ដែរ។

លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា ការ​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា​នា​ពេលនេះ គឺ​បាន​រំលោភ​ចូល​ក្នុង​ទឹកដី​ខ្មែរ​កាន់តែ​ជ្រៅ​លើស​ពី​ការ​កំណត់​ក្នុង​អនុស្សរណៈ​យោគយល់ ដែល​ភាគី​ថៃ បាន​ឯកភាព​ជាមួយ​កម្ពុជា កាលពី​ខែ​មិថុនា ឆ្នាំ​២០០០ កន្លង​ទៅ។

លោក ម៉ែន ណាត អះអាង​ថា ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បាន​បោះ​បង្គោល​ដោយ​អាណានិគម​បារាំង ចំនួន ៧៣​បង្គោល​រួច​ទៅ​ហើយ ដូច្នេះ​កម្ពុជា​មិន​ត្រូវការ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយ​ថៃ នោះ​ទេ ប៉ុន្តែ​ដោយសារ​កម្ពុជា​គប់គិត​ជាមួយ​វៀតណាម កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ទើប​ធ្វើ​ឱ្យ​ថៃ មាន​មហិច្ឆតា​ទាមទារ​ឱ្យ​កម្ពុជា កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​សម័យ​បារាំង ជាមួយ​ខ្លួន​ដែរ ដែល​តម្រូវ​ឱ្យ​មាន​អនុស្សរណៈ​យោគយល់​នោះ។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចាំបាច់​ត្រូវការ​អនុស្សរណៈ​យោគយល់​នេះ​ទេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ប៉ុន្តែ​កម្ពុជា​ត្រូវ​ទាមទារ​ឱ្យ​ថៃ គោរព​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ អម​ដោយ​ផែនទី​ខ្នាត ១/២០០០០០ ដែល​ជា​ឯកសារ​រឹងមាំ និង​ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​ជា​ផ្លូវការ​នោះ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ចំពោះ​បញ្ហា​ទឹកដី​កម្ពុជា-ថៃ វិញ កម្ពុជា​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ឱ្យខាងតែបាន រួម​ទាំង​ត្រូវ​ដំឡើង​កម្រិត​ការទូត​ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ពី​ទឹកដី​កម្ពុជា និង​ធ្វើ​សកម្មភាព​ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ ដោយ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​លើ​ដី​ជាក់ស្តែង​ផង​ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ កាសែត​ថៃ The Nation បាន​រាយការណ៍​ថា គណៈកម្មាធិការ​ពិសេស​របស់​ព្រឹទ្ធសភា បាន​ផ្តល់​យោបល់ ឬ​ណែនាំ​ជា​ឯកច្ឆន្ទ​ឱ្យ​លុប​ចោល​កិច្ចព្រមព្រៀង​នៃ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ (MoU43) ស្ដីពី​ព្រំដែន​គោក និង​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ (MoU44) ស្ដីពី​តំបន់​សមុទ្រ​ប្រេង និង​ឧស្ម័ន​ជាមួយ​កម្ពុជា។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ណែនាំ​ឱ្យ​លុប​អនុស្សរណៈ​យោគយល់​នេះ បន្ទាប់ពី​លោក Nappadon Inha សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​សិក្សា​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​លុប​អនុស្សរណៈ​យោគយល់​ជាមួយ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ចំនួន ២០​លើក និង​ចុះ​សិក្សា​ផ្ទាល់​ក្នុង​ខេត្ត​ចំនួន​៧ នៅ​តាម​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា រួម​ទាំង​ការ​ពិនិត្យ​របាយការណ៍​លម្អិត​របស់​ទីភ្នាក់ងារ​សន្តិសុខ​ថៃ ជាច្រើន​លើក​ច្រើនសា​មក​នោះ។

អ្នកជំនាញ​ខាង​ព្រំដែន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ ធ្លាប់​លើកឡើង​ថា អនុស្សរណៈ​យោគយល់ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ធ្វើ​សេចក្តី​ប្រកាស​រួម​ឆ្នាំ​១៩៩៥ ស្ដីពី «តំបន់​ស ឬ​តំបន់​វិវាទ​ព្រំដែន​គោក» នៅ​ចន្លោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់​ចំនួន ១២៤​បង្គោល ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង តាម​អនុសញ្ញា​បារាំង (កូសាំងស៊ីន) ជាមួយ​កម្ពុជា ឆ្នាំ​១៨៧៣ កន្លង​ទៅ។

ក្រៅពី​សេចក្តី​ប្រកាស​រួម​នេះ ភាគី​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ពេល​នោះ ក៏បាន​ទទួលស្គាល់​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​នានា​ជាមួយ​វៀតណាម នា​ទសវត្សរ៍​ទី​៨០ ផង​ដែរ ដែល​គេ​ហៅថា​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​នោះ។

ខុស​ច្បាប់ គឺ​ដោយសារតែ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ទាំងនោះ​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣។

លោក​អះអាង​ថា ដោយសារតែ​មើល​ឃើញ​បែប​នេះ រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នា​ពេល​នោះ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្កើត​អនុស្សរណៈ (MoU) ឆ្នាំ​២០០០ និង​ឆ្នាំ​២០០១ នេះ​តែម្តង ក្នុង​បំណង​ឱ្យ​កម្ពុជា​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​ខ្លួន​ដូច​ដែល​កម្ពុជា​បាន​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​វៀតណាម ដែរ៕

© 2026, . All rights reserved.