ទាហាន​ថៃ និង​ទូ​កុងតឺន័រ​ដែល​ពួកគេ​ដាក់​ពង្រាយ​លើ​ទឹកដី​កម្ពុជា ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នា​ពេល​ថ្មីៗ​នេះ

ព័ត៌មានជាតិ

កម្ពុជា​ប្ដេជ្ញា​គោរព​សេចក្តី​ប្រកាស​រួម GBC ខណៈ​ថៃ កំពុង​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ត្រៀម​សង្គ្រាម​ជុំ​ទី​៣

By ឌឹ ខេមបូឌា ដេលី

March 27, 2026

រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញាចិត្ត​រួម​គ្នា​ជាមួយ​ប្រទេស​ថៃ គោរព​តាម​ស្មារតី​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​ថៃ កំពុង​ដាក់​ពង្រាយ​ដ្រូន​តាម​ព្រំដែន​ដើម្បី​ត្រៀម​ធ្វើ​សង្គ្រាម​ជុំ​ទី​៣។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​ស្ដីពី​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២៥ មីនា នេះ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) បាន​ទទួលស្គាល់​ពី​សារសំខាន់​នៃ​ការ​ពិភាក្សា​ស្ដីពី​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ស្រប​តាម​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន។

លោក ប៉ែន បូណា អះអាង​ថា កិច្ចប្រជុំ​នេះ​ក៏បាន​រំលឹក​ឡើងវិញ​នូវ​សេចក្តី​ប្រកាស​របស់​ប្រធាន​អាស៊ាន​ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ស្ដីពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូឡាឡាំពួរ និង​បញ្ជាក់​សាជាថ្មី​អំពី​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជៀសវាង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត ក៏​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​ចំពោះ​ការ​អនុវត្ត​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នៃ​បទ​ឈប់​បាញ់​ចុះ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់​ដែល​សម្រេច​បាន​ក្រោយ​បទ​ឈប់​បាញ់​នេះ ព្រមទាំង​កិច្ចព្រមព្រៀង​ផ្សេងៗ​ដែល​សម្រេច​បាន និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ នា​ពេល​កន្លង​មក​នោះ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ប្ដេជ្ញា​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និង​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris)។

ជាង​នេះ​ទៀត ក៏​គោរព​នូវ​អនុសញ្ញា សន្ធិសញ្ញា​បារាំង-សៀម ផែនទី និង​កំណត់ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ព្រោះ​កម្ពុជា​មិន​ទទួលស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា កាសែត​ថៃ Thai Enquirer ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក វីនថៃ សុវារី ថា​យោធា​ថៃ បាន​ដាក់​ពង្រាយ​ដ្រូន​វាយប្រហារ និង​ដ្រូន​ទម្លាក់​គ្រាប់បែក​ជំនាន់​ថ្មី​ដែល​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) នៅ​តាម​តំបន់​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​សង្គ្រាម​លើក​ទី​៣។

ប្រភព​ដដែល បញ្ជាក់​ថា ដ្រូន​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ មាន​ទាំង​ដ្រូន​ដែល​ទើប​នឹង​ដាក់​ដំណើរការ​ថ្មី និង​ដ្រូន​ដែល​ធ្លាប់​វាយប្រហារ​កម្ពុជា​កាលពី​លើក​មុន​ផង​ដែរ ហើយ​ដ្រូន​ទាំងនេះ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​គ្មាន​ការ​រំខាន​អ្វី​ទាំងអស់ ទោះ​មាន​ឧបករណ៍​ប្រឆាំង​ពួកវា​ក៏ដោយ។

ចំណែក​កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​ប្រធាន​ចារកម្ម​ថៃ លោក Theeranan Nanthakwang កាលពី​ថ្ងៃទី​២៤ មីនា ដោយ​ព្រមាន​ថា ការ​ប៉ះទង្គិច​គ្នា​ជុំ​ទី​៣ ជាមួយ​កម្ពុជា តាម​បណ្តោយ​ព្រំដែន អាច​នឹង​កើតមាន​ក្នុង​រយៈពេល ៤​ខែ ឬ ៥​ខែ​ខាងមុខ ដោយ​យោង​ទៅ​លើ​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា និង​ការ​ដែល​កម្ពុជា បាន​ទិញ​អាវុធ​ពី​អឺរ៉ុប​ខាងកើត។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ បាន​ចេញ​មក​ច្រានចោល​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ទាំងស្រុង ដែល​ចោទ​កម្ពុជា​ថា​កំពុង​ត្រៀម​ផ្ទុះ​អាវុធ​លើក​ទី​៣ ជាមួយ​ថៃ នោះ។

អ្នកនាំពាក្យ​រូប​នេះ​ចាត់ទុក​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ អំពី​បញ្ហា​នេះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​អាច​បង្ក​ការ​ភាន់ច្រឡំ​ដល់​សាធារណជន៕

© 2026, . All rights reserved.