តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​កម្ពុជា។

ព័ត៌មានជាតិ

តម្លៃ​ប្រេងម៉ាស៊ូត​ឡើង​ដល់ ៧១០០​រៀល​ក្នុង​១​លីត្រ ខណៈ​ហ្គាស៍​ឡើង​ដល់ ៣២០០​រៀល​ចាប់​ពី​ថ្ងៃទី​២៦ មីនា

By ឌឹ ខេមបូឌា ដេលី

March 27, 2026

ក្រសួង​ពាណិជ្ជកម្ម ចេញ​តារាង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​ឡើងវិញ​នៅ​ថ្ងៃទី​២៦ ខែ​មីនា នេះ ដោយ​ដំឡើង​តម្លៃ​ប្រេងម៉ាស៊ូត ៤០០​រៀល ដែល​ស្មើ​នឹង ៧១០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​ប្រេងសាំង​ក៏​ត្រូវ​បាន​ដំឡើង ៥០​រៀល​ដែរ ដែល​ស្មើ​នឹង ៥៤៥០​រៀល​ក្នុង​មួយ​លីត្រ។

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​យប់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ រាជរដ្ឋាភិបាល​បន្ត​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន ៦,៥​សេន​ដុល្លារ​ក្នុង ១​លីត្រ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។

ប្រភព​ដដែល អះអាង​ថា រាជរដ្ឋាភិបាល​ក៏បាន​បញ្ចុះ​តម្លៃ ១​សេន​ដុល្លារ​ក្នុង ១​លីត្រ​បន្ថែម​ទៀត​ដែរ ដោយសារ​ប្រេងសាំង​អន្តរជាតិ​ឡើង​លើស​ពី ៩០​ដុល្លារ​ក្នុង ១​បារ៉ែល និង​ប្រេងម៉ាស៊ូត​អន្តរជាតិ​ឡើង​លើស ១០០​ដុល្លារ​ក្នុង ១​បារ៉ែល​ដែរ​នោះ ខណៈ​ពន្ធគយ​ក៏​ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម​សូន្យ​ដុល្លារ។

ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់​ថា ផ្អែក​តាម​សភាពការណ៍ និង​ថ្លៃ​ប្រេងឥន្ធនៈ​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​អន្តរជាតិ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សម្រេច​បញ្ចុះ​ពន្ធអាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​មក​នៅ​ត្រឹម​សូន្យ​ដុល្លារ និង​បញ្ចុះ​អាករ​ពិសេស​ពី ៤% មក​នៅ​សូន្យ​ភាគរយ​ថែមទៀត។

លើស​ពី​នេះ ក៏បាន​បញ្ចុះ​អាករ​លើ​តម្លៃ​បន្ថែម​ពី ១០% មក​នៅ​ត្រឹម ៤% ផង​ដែរ ព្រោះ ៦% រដ្ឋាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ជំនួស ដូច្នេះ​ចាប់ពី​ថ្ងៃទី​២៦ មីនា នេះ​តទៅ តម្លៃ​ប្រេងម៉ាស៊ូត គឺ​ត្រូវ​កំណត់ ៧១០០​រៀល​ក្នុង ១​លីត្រ ចំណែក​តម្លៃ​ប្រេងសាំង​ត្រូវ​កំណត់ ៥៤៥០​រៀល​ក្នុង ១​លីត្រ រហូត​មាន​ការ​កំណត់​តម្លៃ​ថ្មី​ឡើងវិញ។

ចាប់តាំងពី​ដើម​ខែ​មីនា មក តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​នៅតែ​បន្ត​ហក់​ឡើង​ជា​បន្តបន្ទាប់។ ជាក់ស្តែង កាលពី​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២៦ តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត ត្រូវ​បាន​កំណត់​ត្រឹម ៣៨៥០​រៀល​ប៉ុណ្ណោះ​ក្នុង ១​លីត្រ ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែ​មីនា តម្លៃ​ប្រេងសាំង​ត្រូវ​បាន​កំណត់ ៤៤០០​រៀល​ក្នុង ១​លីត្រ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត​ត្រូវ​កំណត់ ៥១៥០​រៀល​ក្នុង ១​លីត្រ ដែល​មាន​ន័យ​ថា តម្លៃ​ប្រេងសាំង​ត្រូវ​ដំឡើង ៥៥០​រៀល​ក្នុង ១​លីត្រ ខណៈ​ប្រេងម៉ាស៊ូត ក៏​ត្រូវ​បាន​បង្កើន​តម្លៃ ១៣០០​រៀល​ក្នុង ១​លីត្រ​ដែរ។

ក្នុង​រយៈពេល​ជិត ៣០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែ​មីនា នេះ តម្លៃ​ប្រេងឥន្ធនៈ​កម្ពុជា​បាន​ហក់​ឡើង​ដល់ ៣២៥០​រៀល​ក្នុង ១​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត ចំណែក​ប្រេងសាំង​ក៏បាន​កើន​ឡើង ១៦០០​រៀល​ក្នុង ១​លីត្រ​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​មីនា សារព័ត៌មាន Aljazeera បាន​រាយការណ៍​ថា តម្លៃ​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ស្ថានីយ​លក់​រាយ បាន​នាំមុខ​គេ​ក្នុង​ចំណោម ៩៥​ប្រទេស​នៅ​លើ​ពិភពលោក ហើយ​ក៏​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែរ។

នៅ​ថ្ងៃទី​២៦ ខែ​មីនា នេះ ស្ថានីយ​លក់​រាយ​នៅ​កម្ពុជា​មួយ​ចំនួន​បាន​កំណត់​តម្លៃ​សាំង​ធម្មតា ៥៤៥០​រៀល​ក្នុង ១​លីត្រ ខណៈ​ប្រភេទ​សាំង​ស៊ូពែរ​ត្រូវ​បាន​កំណត់ ៦៥០០​រៀល​ក្នុង ១​លីត្រ ខណៈ​ប្រេងម៉ាស៊ូត​ត្រូវ​បាន​កំណត់ ៧១០០​រៀល​ក្នុង ១​លីត្រ ចំណែក​ហ្គាស៍​ត្រូវ​បាន​កំណត់ ៣២០០​រៀល​ក្នុង​១​លីត្រ​ដែរ ប៉ុន្តែ​សម្រាប់​ស្ថានីយ​ប្រេងឥន្ធនៈ កាល់តិច (CALTEX) បាន​កំណត់​តម្លៃ​ប្រភេទ​សាំង​ស៊ូពែរ ៦៨៥០​រៀល​ក្នុង ១​លីត្រ​លើស​ស្ថានីយ​ផ្សេងៗ​រហូត​ដល់​ទៅ ៣៥០​រៀល​ឯណោះ​ក្នុង ១​លីត្រ៕

© 2026, . All rights reserved.