ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា លោកបានសម្រេចផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់អ៊ីរ៉ង់ រយៈពេល ១០ថ្ងៃបន្ថែមទៀត គឺរហូតដល់ថ្ងៃទី៦ ខែមេសា ដោយអះអាងថាកិច្ចចរចាជាមួយអ៊ីរ៉ង់ កំពុងប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។
តាមបណ្ដាញផ្សាយព័ត៌មាន Aljazeera សង្គ្រាមដែលអូសបន្លាយពេលជិត ៤សប្ដាហ៍មកនេះ បានរាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយសម្លាប់មនុស្សរាប់ពាន់នាក់ និងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកជាមួយតម្លៃថាមពលឡើងថ្លៃ ដែលកំពុងបង្កការព្រួយបារម្ភពីការកើនឡើងអតិផរណាជាសកល។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានលើកឡើងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ថា អាមេរិកនឹងបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។
ក្រោយមក លោក ត្រាំ ក៏បានបង្ហោះសារមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ដោយបានប្រកាសពីការផ្អាកការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ រយៈពេល ១០ថ្ងៃបន្ថែមទៀត ពោលរហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
បើតាមលោក ត្រាំ កិច្ចចរចាជាមួយអ៊ីរ៉ង់ កំពុងប្រព្រឹត្តទៅយ៉ាងល្អ។ លោក ត្រាំ សង្ឃឹមថាអ៊ីរ៉ង់ នឹងព្រមតាមសំណើ ១៥ចំណុចរបស់សហរដ្ឋអាមេរិក តែភាគីអ៊ីរ៉ង់ នៅតែអះអាងថាមិនបានចូលរួមក្នុងកិច្ចចរចាជាមួយអាមេរិកនោះទេ បើទោះជាទទួលស្គាល់ថាកំពុងពិនិត្យលើសំណើ ១៥ចំណុចរបស់លោក ត្រាំ ដែលផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន ក៏ដោយ។
កាលពីថ្ងៃទី២៣ ខែមីនា លោក ត្រាំ បានប្រកាសម្ដងរួចមកហើយពីការផ្អាកការវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ រយៈពេល ៥ថ្ងៃ ហើយឥឡូវពន្យារពេល ១០ថ្ងៃបន្ថែមទៀត។
យ៉ាងណា លោក ត្រាំ បានព្រមានប្រទេសអ៊ីរ៉ង់ ឱ្យយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជិត ៤សប្តាហ៍នេះ។ លោក ត្រាំ បញ្ជាក់ថា អ៊ីរ៉ង់ត្រូវបានកម្ទេចខាងយោធា ដោយគ្មានឱកាសងើបឡើងវិញទេ ហើយកំពុងអង្វរសុំកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក។
លោកព្រមានថា អ៊ីរ៉ង់គួរតែយកចិត្តទុកដាក់ ហើយឆ្លើយតបឱ្យបានឆាប់ មុនពេលវាយឺតពេល ព្រោះនៅពេលរឿងនោះកើតឡើង នឹងគ្មានការថយក្រោយទេ ហើយវានឹងមិនល្អមើលឡើយ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានច្រានចោលការព្រមានដូចនេះ។ ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ថា ការបោះសារឆ្លងឆ្លើយគ្នាមិនមែនជាការចរចានោះទេ។
អ្នកការទូតអ៊ីរ៉ង់ រូបនេះជឿថា គោលនយោបាយរបស់ប្រទេសអ៊ីរ៉ង់ គឺត្រូវបន្តការតស៊ូ និងការពារប្រទេស ហើយគ្មានបំណងចរចាដែលគ្រាន់តែជាការបោកបញ្ឆោតនោះទេ។
សំណើ ១៥ចំណុចរបស់អាមេរិក មានដូចជា ការទាមទារឱ្យអ៊ីរ៉ង់ រំសាយកម្មវិធីនុយក្លេអ៊ែរ កម្រិតមីស៊ីល និងប្រគល់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) ឱ្យអាមេរិក តែអ៊ីរ៉ង់ ច្រានចោលដាច់ខាតការបង្ខំឱ្យអ៊ីរ៉ង់ ចាញ់សង្គ្រាម។
យ៉ាងណា ការព្រមានរបស់លោក ត្រាំ ដូចនេះ ក៏ស្របនឹងការបញ្ចេញព័ត៌មានតាមរយៈកាសែតអាមេរិក Wall Street Journal នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយបានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការបញ្ជូនកងទ័ពថ្មើរជើងបន្ថែម ១ម៉ឺននាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅចំពោះការបញ្ជូនសារឆ្លើយឆ្លងគ្នាជាមួយអ៊ីរ៉ង់។
ក្រុមមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Wall Street Journal ថា ចំនួនទ័ពបន្ថែមនេះនឹងរាប់បញ្ចូលទាំងកងទ័ពថ្មើរជើង និងរថពាសដែកបន្ថែមពីលើកងពលឆត្រយោងលេខ៨២ ដែលត្រូវបានដាក់ពង្រាយរួចទៅហើយទៅកាន់តំបន់មជ្ឈិមបូព៌ា។
ការបញ្ជូនកងទ័ពបន្ថែមនេះដែរ មានគោលបំណងផ្ដល់ឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នូវជម្រើសយោធាបន្ថែមទៀត គឺជាការវាយលុកចាប់យកទឹកដីណាមួយរបស់អ៊ីរ៉ង់។
តាមក្រុមអ្នកជំនាញ ការដាក់ពង្រាយកងទ័ពឆត្រយោងទី៨២ គឺមានគោលដៅលើផលប្រយោជន៍យុទ្ធសាស្ត្រ ដូចជាត្រៀមវាយកាន់កាប់កោះ Kharg ដែនកោះប្រទេសអ៊ីរ៉ង់ ស្ថិតក្នុងតំបន់ឈូងសមុទ្រពែក្ស។
សង្គ្រាមទ័ពអាកាស និងទ័ពជើងទឹកដែលអន្តរាគមន៍រួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បានចូលដល់ថ្ងៃទី២៨ ហើយ ទាំងអាមេរិក និងអ៊ីស្រាអែល បានប្រកាសកាលពីសប្ដាហ៍មុនថា សង្គ្រាមនេះនឹងបិទបញ្ចប់ត្រឹមរយៈពេល ៦សប្ដាហ៍៕
© 2026, . All rights reserved.