ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា-ថៃ ចាប់ផ្តើម​បង្កើត​ផែនទី​រូបថត​ដោយ​ការ​ប្រើប្រាស់​ដ្រូន ដើម្បី​ថត​រូប​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២ ដល់ ៤៧ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា និង​ខេត្ត​ស្រះកែវ របស់​ថៃ នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ វិវត្ត​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់

By ឌឹ ខេមបូឌា ដេលី

March 29, 2026

រដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ឱ្យ​ថៃ វិវត្ត​ពី​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​ចាប់ផ្ដើម​ការងារ​វាស់វែង​ព្រំដែន​ដោយ​ផ្អែកលើ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន-សៀម ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តាម​ការ​ព្រមព្រៀង​គ្នា ដែល​នឹង​ជួយ​ទប់ស្កាត់​ជម្លោះ​នា​ពេល​អនាគត។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៥ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​នៃ​ក្របខ័ណ្ឌ​យន្តការ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) និង​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) គឺជា​មធ្យោបាយ​ប្រាកដនិយម​ក្នុង​ការ​ធានា​នូវ​សន្តិភាព​យូរអង្វែង និង​វិបុលភាព​រួម​គ្នា ដែល​កម្ពុជា​រំពឹង​ទុក។

ប្រភព​ដដែល​លើកឡើង​ថា គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) គឺជា​ស្ថាប័ន​បច្ចេកទេស​មាន​សមត្ថកិច្ច និង​ជា​យន្តការ​ដែល​បង្កើត​ឡើង​ដោយ​ភាគី​ទាំង​ពីរ ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​កម្ពុជា-ថៃ ដូច្នេះ​ក្នុង​នាម​ថៃ ជា​ប្រទេស​ជិតខាង និង​រដ្ឋ​សមាជិក​អាស៊ាន​ដូច​គ្នា កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​បន្ត​ពិភាក្សា​តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ជម្លោះ​ផ្អែកលើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ទាំងអស់ និង​ច្បាប់​អន្តរជាតិ។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ បញ្ជាក់​ថា សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សារសំខាន់​នៃ​តួនាទី​របស់​គណៈកម្មការ JBC និង​ការ​បន្ត​ចាប់ផ្ដើម​ការងារ​វាស់វែង និង​ខណ្ឌសីមា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ក្រោយពី​មាន​បទ​ឈប់​បាញ់​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ មក ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ជា​បន្តបន្ទាប់​អំពី​សកម្មភាព​យោធា​ថៃ ដែល​បាន​ប្រើ​គ្រឿងចក្រ​ជីក​ប្រឡាយ​ផ្តាច់​ផ្លូវ និង​រាយ​បន្លា​លួស ដាក់​ពង្រាយ​ទូ​កុងតឺន័រ សាងសង់​លេណដ្ឋាន និង​ធ្វើ​សកម្មភាព​ជាច្រើន​ទៀត​លើ​ទឹកដី​ខ្មែរ​ដែល​ពួកគេ​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់។

ជុំវិញ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​លើកឡើង​ថា ទីតាំង​ដែល​ទាហាន​កម្ពុជា និង​ទាហាន​ថៃ ច្បាំង​គ្នា​ទាំង​ពីរ​លើក​កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ថៃ ចំនួន ៥១​ទីតាំង ខណៈ​កម្ពុជា​អាច​រក្សា​ទឹកដី​របស់​ខ្លួន​បាន​ត្រឹមតែ ១១​ទីតាំង​ប៉ុណ្ណោះ។

ប្រភព​ដដែល អះអាង​ថា មុន​ផ្ទុះ​សង្គ្រាម​ទាំង​ពីរ​លើក កម្ពុជា​បាន​បាត់បង់​ទឹកដី​ចំនួន ៤​ទីតាំង​រួច​ទៅ​ហើយ រួម​មាន ប្រាសាទ​ស្តុកកក់ធំ ផ្ទះ​តាម៉ុក ឬ​ផ្ទះ​ក្រហម នៅ​តំបន់​ផាម៉អ៊ីដែង ដែល​ស្មើ​នឹង ២​ភាគ​៣ នៃ​ទំហំ​កោះ​គុត និង​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ទំហំ ២៦០០០​គីឡូម៉ែត្រ​ការ៉េ​ផង​ដែរ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ទាំង​ពីរ​លើក ហើយ​គិត​ជា​រួម គឺ​កម្ពុជា​បាន​បាត់បង់​ទឹកដី​រហូត​ដល់ ៥៥​តំបន់​ឯណោះ រួម​មាន៖

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ផង​ដែរ។

លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​មាន​ឯកសារ​ផ្លូវច្បាប់​រឹងមាំ​ដែល​អាច​ទាមទារ​ឱ្យ​ថៃ ចេញពី​ទឹកដី​របស់​ខ្លួន​បាន ដូចជា អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ អម​ដោយ​ផែនទី​ខ្នាត ១/២០០០០០ ដែល​ជា​ឯកសារ​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ៕

© 2026, . All rights reserved.