អ្នកតាមដានស្ថានការណ៍កម្ពុជា ថាក្នុងពេលដែលពលរដ្ឋប្រកាសធ្វើពហិការឈប់ប្រើទំនិញថៃ ប៉ុន្តែរដ្ឋបែរជាបើកដៃឱ្យមន្ត្រី និងឈ្មួញនាំចូលទំនិញថៃ ទៅវិញ។
អ្នកតាមដានភូមិសាស្ត្រនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បណ្ឌិត ជ័យ តិច លើកឡើងក្នុងវីដេអូឡាយតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ មីនា នេះថា ការដែលមន្ត្រីរដ្ឋធំៗនៅតែបន្តប្រើប្រាស់ទំនិញថៃ ក្នុងពេលដែលពលរដ្ឋនាំគ្នាពហិការបែបនេះ គឺជាសញ្ញាបង្ហាញពីការមិនសាមគ្គីភាពរវាងរដ្ឋ និងរាស្ត្រ។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា ពលរដ្ឋខ្មែរមិនមែនមិនដឹងពីទំនិញណាដែលរដ្ឋាភិបាលហាមឃាត់ និងទំនិញណាដែលរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលនោះទេ ប៉ុន្តែរដ្ឋ និងរាស្ត្រ គួរមានជំហរសាមគ្គីជាធ្លុងមួយ បង្ហាញពីការធ្វើពហិការផលិតផលរបស់សត្រូវឈ្លានពានទឹកដីខ្លួន មិនមែនរដ្ឋទៅផ្សេង រាស្ត្រទៅផ្សេងនោះទេ។
ការអះអាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់មេគយកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងការធ្វើពហិការទំនិញថៃ ដែលត្រូវអ្នកលេងបណ្ដាញសង្គមចែកចាយឡើងវិញ បន្ទាប់ពីមានការរិះគន់អភិបាលខេត្តស្ទឹងត្រែង ជុំវិញការបើកឱ្យមានការនាំចូលទំនិញថៃ កាលពីពេលថ្មីៗនេះ។
ក្នុងរយៈពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានចែកចាយឡើងវិញនូវការបកស្រាយចម្ងល់ពលរដ្ឋជុំវិញការពហិការផលិតផលថៃ ដែលនៅតែមានការនាំចូលកម្ពុជាពីសំណាក់អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម ដែលបានធ្វើឡើងក្នុងវេទិកាគយកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
លោក គុណ ញឹម ពន្យល់ថា ការអនុញ្ញាតឱ្យទំនិញថៃ បន្តនាំចូលមកកម្ពុជា គឺអគ្គនាយកដ្ឋានគយ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងនាមជាស្ថាប័នរបស់រដ្ឋ ដោយមិនធ្វើទៅតាមអារម្មណ៍ដូចមតិលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកឡើយ ព្រោះកម្ពុជា គឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងជាសមាជិកអាស៊ាន។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយរូបនេះលើកឡើងថា កម្ពុជាមិនមានអនុក្រឹត្យ ឬប្រកាសណាមួយបង្ខំឱ្យទិញ ឬមិនទិញទំនិញថៃ នោះទេ ប៉ុន្តែនេះជាស្មារតី ជាមនសិការរបស់ពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែដោយសារតែបែបនេះ ពលរដ្ឋខ្លះអ្នកដែលមិនយល់ បែរជាមកស្ដីបន្ទោស ឬដាក់បណ្តាសាមន្ត្រីគយទៅវិញ។
លោក គុណ ញឹម បញ្ជាក់ថា សម្រាប់ទំនិញថៃ អាចបន្តនាំចូលកម្ពុជាបានច្រើន ឬតិច គឺអាស្រ័យទៅលើអ្នកប្រើប្រាស់ប៉ុណ្ណោះ ព្រោះថាបើអ្នកទិញមិនទិញ ឬកាត់បន្ថយការទិញឱ្យកាន់តែតិចទៅៗ នោះអ្នកលក់ក៏អាចនឹងកាត់បន្ថយការយកមកលក់ដែរ។
លោកបញ្ជាក់ថា សម្រាប់ទំនិញដែលជាប់បំរាមមិនឱ្យនាំចូលដែលរដ្ឋាភិបាលកំណត់កាលពីពេលកន្លងមក អគ្គនាយកដ្ឋានគយ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយមិនអនុញ្ញាតឱ្យនាំចូលឡើយ។ ដោយឡែកទំនិញដែលមិនជាប់បំរាម អាជីវករនៅតែអាចនាំចូលបាន។
ការផ្សព្វផ្សាយវីដេអូបកស្រាយជុំវិញការនាំចូលទំនិញថៃ ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់លើអភិបាលខេត្តស្ទឹងត្រែង ជុំវិញការបកស្រាយលើការនាំទំនិញថៃ ចូលប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១៧ ខែមីនា អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអះអាងថា កម្ពុជាមិនអាចហាមឃាត់ទំនិញថៃ ដែលហូរតាមច្រកឡាវ បានឡើយ ដោយសារកម្ពុជាជាប់ក្រោមកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)៕
© 2026, . All rights reserved.