មេបញ្ជាការ​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម ឧត្ដមសេនីយ៍ Ahmad Vahidi (រូប​ឆ្វេង) និង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian

ព័ត៌មានអន្តរជាតិ

របប​នៅ​អ៊ីរ៉ង់ កំពុង​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​បែកបាក់​ផ្ទៃក្នុង ខណៈ​វិបត្តិ​សង្គ្រាម​និង​សេដ្ឋកិច្ច​កំពុង​សង្កត់​ប្រទេស​នេះ​ឱ្យ​លិចលង់

By ឌឹ ខេមបូឌា ដេលី

March 31, 2026

សង្គ្រាម​វាយប្រហារ​លើ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​បញ្ឆេះ​ដោយ​ប្រទេស​មហាអំណាច​សហរដ្ឋ​អាមេរិក រួម​ដៃ​ជាមួយ​អ៊ីស្រាអែល នាំ​ឱ្យ​មាន​ស្នាម​ប្រេះឆា​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​មេទ័ព​អ៊ីរ៉ង់ លេច​ត្រដែត​ឡើង​យ៉ាង​ច្បាស់​ជុំវិញ​បញ្ហា​សង្គ្រាម និង​សេដ្ឋកិច្ច ដែល​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​សង្កត់​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Masoud Pezeshkian។

ការ​ខ្វែង​គំនិត​គ្នា​បាន​កើតឡើង​រវាង​ប្រធានាធិបតី​អ៊ីរ៉ង់ Masoud Pezeshkian និង​មេបញ្ជាការ​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម ឧត្ដមសេនីយ៍ Ahmad Vahidi អំពី​របៀប​ដឹកនាំ​សង្គ្រាម និង​ផល​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់នៅ និង​សេដ្ឋកិច្ច​របស់​ប្រទេស។

ប្រភព​ដែល​ដឹង​អំពី​បញ្ហា​នេះ បាន​ប្រាប់​សារព័ត៌មាន Iran International ថា លោក Masoud Pezeshkian បាន​រិះគន់​វិធីសាស្ត្រ​របស់​ក្រុម​ឧត្ដមសេនីយ៍​នៃ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម ដែល​បន្ត​បង្ក​ភាព​តានតឹង និង​វាយប្រហារ​ទៅ​លើ​ប្រទេស​ជិតខាង បណ្ដា​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។

លោក Pezeshkian បញ្ជាក់​ថា ប្រសិនបើ​មិន​មាន​បទ​ឈប់​បាញ់ សេដ្ឋកិច្ច​អ៊ីរ៉ង់ អាច​ដួល​រលំ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍ ឬ​មួយ​ខែ​ទៀត​នេះ។

កាលពី​ថ្ងៃទី​០៧ ខែ​មីនា លោក Masoud Pezeshkian បាន​ចេញ​សារ​វីដេអូ​សុំទោស​ចំពោះ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​ដែល​បាញ់​ចេញពី​ប្រទេស​អ៊ីរ៉ង់ ដោយ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់។

លោក​អះអាង​ថា ការ​វាយ​សងសឹក​របស់​កងទ័ព​អ៊ីរ៉ង់ ជា​ភ្លើង​ឆេះ​ឆន្ទៈ ព្រោះតែ​ផ្ដើម​ចេញពី​ការ​អនុញ្ញាត​ឱ្យ​កងកម្លាំង​យោធា​មីស៊ីល និង​ដ្រូន​របស់​អ៊ីរ៉ង់ បើក​ការ​វាយប្រហារ​ដោយ​សេរី ដោយ​មិន​ចាំបាច់​រង់ចាំ​ពាក្យ​បញ្ជា​បន្ថែម​ពី​ថ្នាក់លើ។ លោក​បាន​ទាមទារ​ថា កង​កម្លាំង​គួរតែ​បញ្ឈប់​សកម្មភាព​វាយប្រហារ​ទៅ​លើ​ប្រទេស​ដែល​មិន​មាន​ជម្លោះ​ផ្ទាល់​ជាមួយ​អ៊ីរ៉ង់។

ទោះជា​មាន​ការ​ស្នើ​ឡើង​ដោយ​លោក Masoud Pezeshkian ក៏​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ នៅតែ​វាយប្រហារ​ទៅ​លើ​ប្រទេស​ទាំងនោះ ព្រោះ​ធ្វើ​តាម​បទបញ្ជា​របស់​មេទ័ព គឺ​ឧត្ដមសេនីយ៍ Ahmad Vahidi។

នៅ​ពេល​នោះ លោក Masoud Pezeshkian បាន​អំពាវនាវ​ឱ្យ​ស្ដារ​ឡើងវិញ​នូវ​អំណាច​ប្រតិបត្តិ​នៃ​រដ្ឋាភិបាល​របស់​លោក ដោយ​ស្នើ​ឱ្យ​អំណាច​គ្រប់គ្រង​ប្រទេស​ត្រឡប់​ទៅ​ស្ថិត​នៅ​ក្នុង​ដៃ​រដ្ឋបាល​ស៊ីវិល​វិញ ប៉ុន្តែ​ការ​ទាមទារ​របស់​លោក Masoud Pezeshkian ត្រូវ​បាន​ច្រានចោល​ដោយ​ឧត្ដមសេនីយ៍ Ahmad Vahidi មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក Pezeshkian លោក Vahidi បាន​ស្ដីបន្ទោស​រដ្ឋាភិបាល​ថា​មិន​បាន​អនុវត្ត​កំណែ​ទម្រង់​សំខាន់ៗ​មុន​សង្គ្រាម​បាន​ចាប់ផ្តើម ដែល​ថា​នេះ​ជា​កំហុស​របស់​លោក Masoud Pezeshkian។

ជាមួយ​គ្នា​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល បាន​រាយការណ៍​អំពី​សញ្ញា​បែកបាក់​នៅ​ក្នុង​ប្រព័ន្ធ​អំណាច​រដ្ឋ​នៅ​អ៊ីរ៉ង់។

សារព័ត៌មាន The Times of Israel បាន​ដកស្រង់​សម្ដី​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ដែល​និយាយ​ថា​មាន​សញ្ញា​នៃ​ការ​បែកបាក់​នៅ​ក្នុង​របប​នៅ​អ៊ីរ៉ង់ ហើយ​កំពុង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​អាស្រ័យ​លើ​ប្រជាជន​អ៊ីរ៉ង់។

ប្រភព​សារព័ត៌មាន Ynet នៃ​ប្រទេស​អ៊ីរ៉ង់ ក៏បាន​រាយការណ៍​អំពី​ការ​បែងចែក​ផ្ទៃក្នុង​នៃ​ប្រព័ន្ធ​អំណាច​រដ្ឋ​នៅ​អ៊ីរ៉ង់ ផង​ដែរ។

ខណៈ​សង្គ្រាម​ឈាន​ចូល​សប្តាហ៍​ទី​៥ គេ​សង្កេត​ឃើញ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កាន់តែ​បង្ហាញ​ច្បាស់ និង​ធ្ងន់ធ្ងរ។

នៅ​ទីក្រុង​ធំៗ​មាន​ការ​រាយការណ៍​ថា ម៉ាស៊ីន ATM ជាច្រើន​លែង​មាន​សាច់ប្រាក់ ឬ​មិន​ដំណើរការ ខណៈ​សេវា​ធនាគារ​អនឡាញ​របស់​ធនាគារ​ធំៗ រួម​ទាំង Bank Melli ក៏​គ្មាន​សាច់ប្រាក់​ដែរ។

មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា ប្រាក់ខែ និង​អត្ថប្រយោជន៍​របស់​កម្មករ​ជាច្រើន​មិន​ត្រូវ​បាន​បើក​ទៀងទាត់​អស់​រយៈពេល​បី​ខែ​មក​ហើយ។ ចំណែក​ប្រាក់ខែ​កងទ័ព កង​ប៉ូលិស​កង​សន្តិសុខ ក៏​ចាប់ផ្ដើម​កាត់បន្ថយ ហើយ​បើក​មិន​ទៀងទាត់​ទៀត​ផង៕

© 2026, . All rights reserved.