សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្ថិត​នៅ​ក្នុង​ខុនដូរ​ឈ្មោះ ហ្គោលឌិន វ័ន អគារ​លេខ​៤១ ជាន់​ទី​៣០ នៅ​លើ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦។

ច្បាប់

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

By ឌឹ ខេមបូឌា ដេលី

March 31, 2026

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦ នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​មាន​សំឡេង​គាំទ្រ ១១២ លើ ១១២។

ការ​សម្រេច​នេះ ធ្វើឡើង​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ បន្ទាប់ពី​សមាជិក​រដ្ឋសភា និង​តំណាង​រដ្ឋាភិបាល​បាន​បកស្រាយ និង​ពិភាក្សា​គ្នា​ពេញ​មួយ​ព្រឹក។

កិច្ចពិភាក្សា និង​ការ​អនុម័ត​របស់​រដ្ឋសភា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។

បើ​តាម​នីតិវិធី សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​សម្រេច និង​អនុម័ត ក្រោយ​ការ​អនុម័ត​របស់​រដ្ឋសភា ប៉ុន្តែ​រដ្ឋសភា​កម្ពុជា​មិន​បាន​បញ្ជាក់​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ណា​នោះ​ទេ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រៀបចំ​ឡើង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា ដោយ​ផ្ដោត​សំខាន់​លើ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការ​រៀបចំ ឬ​ដឹកនាំ​មជ្ឈមណ្ឌល​ឆបោក​បច្ចេកវិទ្យា ហើយ​និង​មាន​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ។ លើស​ពី​នេះ អ្នក​បណ្ដុះបណ្ដាល​បុគ្គល​ផ្សេង​ឱ្យ​ប្រព្រឹត្ត​បទល្មើស និង​ជួយ​ផ្ដល់​កន្លែង​ស្នាក់នៅ ព្រមទាំង​អ្នក​ប្រមូល​ទិន្នន័យ​ឯកជន​ក្នុង​ចេតនា​ទុច្ចរិត ក៏​ត្រូវ​រង​ទោស​ទណ្ឌ​ដែរ។

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​មាន ៥​ជំពូក និង ២៤​មាត្រា។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា មាន​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ដល់​ជនល្មើស​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត បើសិន​មាន​បទល្មើស​ផ្សេង​ទៀត​កើតឡើង ដូចជា​ការ​ចាប់​ជំរិត ឬ​ការ​សម្លាប់​មនុស្ស ជាដើម។

យោង​តាម​របាយការណ៍​របស់​ក្រសួង​យុត្តិធម៌ ក្នុង​រយៈពេល ៨​ខែ​ចុងក្រោយ​នេះ តុលាការ​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ​សរុប​ចំនួន ៧៩​សំណុំរឿង ដោយ​បាន​ផ្ដន្ទាទោស​មេខ្លោង និង​បក្ខពួក​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ៧០០​នាក់។

ទោះយ៉ាងណា ជនបរទេស​ដែល​ជា​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​នេះ​ចំនួន​ជាង ២២​ម៉ឺន​នាក់ បាន​គេច​ចេញពី​ប្រទេស​កម្ពុជា​តាម​ផ្លូវ​គោក និង​ផ្លូវអាកាស៕

© 2026, . All rights reserved.