ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់ក្រុមមនុស្សជំនិតរបស់លោកថា លោកចង់បិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ បើទោះជាច្រកសមុទ្រហ័រមូស (Hormuz) នៅតែបន្តបិទក៏ដោយ។
នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ។
លោក ត្រាំ និងក្រុមមនុស្សជំនិតរបស់លោកជឿថា ប្រតិបត្តិការយោធាដើម្បីបើកច្រកសមុទ្រ Hormuz អាចនឹងជំរុញឱ្យសង្គ្រាមជាមួយអ៊ីរ៉ង់ អូសបន្លាយពេលលើសកាលបរិច្ឆេទ ដែលលោកបានកំណត់ត្រឹម ៤ ទៅ ៦សប្ដាហ៍។
មន្ត្រីជំនិតរបស់លោក ត្រាំ ថាលោក ត្រាំ បានប្រាប់ថាសហរដ្ឋអាមេរិកមានជម្រើសយោធា តែជម្រើសទាំងនោះមិនមែនជាអាទិភាពបន្ទាន់នោះទេ។
លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកពេលនេះសម្រេចគោលដៅរបស់ខ្លួនក្នុងការវាយបំបាក់សមត្ថភាពកងទ័ពជើងទឹក និងមីស៊ីលរបស់អ៊ីរ៉ង់ ហើយក្រោយមកចាំបន្ធូរបន្ថយជម្លោះសន្សឹមៗ ខណៈបន្តដាក់សម្ពាធការទូតលើទីក្រុងតេហេរ៉ង់ ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ តែទីក្រុងវ៉ាស៊ីនតោន នឹងជំរុញឱ្យសម្ពន្ធមិត្តនៅអឺរ៉ុប និងតំបន់ឈូងសមុទ្រពែក្ស ឱ្យទទួលភារកិច្ចដោះស្រាយលើការបើកច្រកសមុទ្រ ជាជាងអាមេរិកប្រើកម្លាំងទ័ព។
យ៉ាងណា អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិកកំពុងធ្វើឱ្យតំបន់ច្រកសមុទ្រ Hormuz ត្រឡប់ទៅរកភាពប្រក្រតីសម្រាប់នាវាចរណ៍ឆ្លងកាត់។
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ចាប់យកច្រកសមុទ្រ Hormuz ដើម្បីគ្រប់គ្រងនាវាចរណ៍ឆ្លងកាត់ជាច្រើនឆ្នាំមកហើយ។
តែក្នុងអំឡុងសង្គ្រាមនៅពេលនេះ ច្រកសមុទ្រ Hormuz បានក្លាយជាទីតាំងប្រទាញប្រទង់គ្នារវាងសហរដ្ឋអាមេរិក និងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ គំរាមថា លោកនឹងរំដោះច្រកសមុទ្រ Hormuz ពីកងទ័ពអ៊ីរ៉ង់ ដោយប្រើកម្លាំងទ័ព តែពេលខ្លះលោកថា លោកចង់ឱ្យប្រទេសដែលមានផលប្រយោជន៍ពីការប្រើប្រាស់ច្រកសមុទ្រ Hormuz ចូលខ្លួនពាក់ព័ន្ធផ្ទាល់។
ច្រកសមុទ្រ Hormuz ក៏ជាផ្នែកមួយនៃតំបន់សមុទ្រនៃឈូងសមុទ្រពែក្ស ដែរ តែរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានប្រកាន់ថាខ្លួនមានកម្មសិទ្ធិផ្ដាច់មុខនៃការគ្រប់គ្រងច្រកសមុទ្រដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់នៃការឆ្លងកាត់កប៉ាល់ដឹកប្រេងចេញពីតំបន់អារ៉ាប់ ទៅអាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
ជុំវិញស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់ នេះ សារព័ត៌មាន The Washington Post បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីអាមេរិក ឱ្យដឹងថា ក្រសួងសង្គ្រាមកំពុងរៀបចំសម្រាប់ជម្រើសប្រតិបត្តិការលើដីគោកប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចបន្តរយៈពេលជាច្រើនសប្តាហ៍ ប្រសិនបើលោក ដូណាល់ ត្រាំ (Donald Trump) សម្រេចអនុម័តការវាយប្រហារទៅលើទីក្រុងតេហេរ៉ង់ តាមផ្លូវគោក។
យោងតាមសេចក្តីរាយការណ៍ដដែល បានឱ្យដឹងថា ប្រតិបត្តិការដែលកំពុងត្រូវបានពិចារណានេះ មិនមែនជាការលុកលុយទ្រង់ទ្រាយធំនោះទេ គឺផ្ដោតតែលើបេសកកម្មប្រតិបត្តិការពិសេស និងការចូលវាយប្រហារដោយកងទ័ពថ្មើរជើងកម្រិតតូចៗ ដោយផ្ដោតទៅលើគោលដៅយោធាជាក់លាក់ ឬបន្ថយសមត្ថភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។
ប្រតិបត្តិការបែបនេះក៏ទាមទារឱ្យមានការសម្របសម្រួលយ៉ាងម៉ត់ចត់ និងការគាំទ្រពីព័ត៌មានស៊ើបអង្កេតមានភាពត្រឹមត្រូវ ខណៈដែលហានិភ័យនៃការតបតវិញ និងការពង្រីកសង្គ្រាមនៅក្នុងតំបន់ នៅតែជាកត្តាសំខាន់ដែលត្រូវបានពិចារណា។
ដោយសារហានិភ័យខ្ពស់ដែលប្រតិបត្តិការលើដីអាចកើតឡើងចំពោះទាហានអាមេរិក វានៅតែមិនច្បាស់ថាតើលោក ដូណាល់ ត្រាំ នឹងអនុម័តជម្រើសយោធាបែបនេះឬអត់។
សម្រាប់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karoline Leavitt បានបញ្ជាក់ថា តួនាទីរបស់ក្រសួងសង្គ្រាម គឺត្រូវរៀបចំផែនការ និងជម្រើសយោធាច្រើនបំផុតសម្រាប់អគ្គមេបញ្ជាការ ប៉ុន្តែវាមិនមានន័យថាប្រធានាធិបតីបានសម្រេចចិត្តរួចហើយនោះទេចំពោះផែនការលើកទ័ពជើងគោកវាយប្រហារចូលដែនដីប្រទេសអ៊ីរ៉ង់។
ទន្ទឹមនឹងនេះ កាសែត The New York Times បានរាយការណ៍ថា ស្ថានការណ៍វិវត្តនេះកើតឡើងនៅពេលដែលកងកម្លាំងពិសេសអាមេរិក ដែលរួមមានទាហានម៉ារីនប្រមាណ ៤៥០០នាក់ ស្ថិតនៅលើនាវាផ្ទុកឧទ្ធម្ភាគចក្រ USS Tripoli ដែលមានសមត្ថភាពបញ្ចេញកងកម្លាំងប្រតិបត្តិការលើដីគោក និងប្រតិបត្តិការយោធាប្រភេទផ្សេងៗបានយ៉ាងលឿនរហ័សបានទៅដល់តំបន់មជ្ឈិមបូព៌ាហើយកាលពីថ្ងៃចន្ទ ទី៣០ ខែមីនា។
ក្នុងចំណោមគោលដៅដែលត្រូវបានពិចារណាក្នុងការវាយប្រហារ រួមមាន កោះ Kharg ដែលត្រូវបានមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនលើកឡើងថា អាចជាជម្រើសសំខាន់ ព្រោះវាជាគោលដៅដ៏ចាំបាច់មួយសម្រាប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលប្រហែល ៩០% នៃប្រេងត្រូវឆ្លងកាត់ទីនេះមុនពេលដឹកជញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ។
ទោះជាយ៉ាងណា អ្នកវិភាគយោធា Michael Eisenstadt ពីវិទ្យាស្ថានគំនិត ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្រមានថា បេសកកម្មដណ្តើមកោះ Kharg នឹងមានហានិភ័យខ្ពស់ ព្រោះតំបន់តូចនេះអាចត្រូវបានការពារដោយប្រព័ន្ធយោធារបស់អ៊ីរ៉ង់ យ៉ាងរឹងមាំ រួមទាំងយន្តហោះគ្មានមនុស្សបើក និងការបាញ់ដោយកងកាំភ្លើងធំ។
លោក Michael Eisenstadt បានសន្និដ្ឋានថា ជម្រើសយុទ្ធសាស្ត្រដែលអាចមានប្រសិទ្ធភាពជាងគេនោះ គឺការកំណត់គោលដៅតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ ជិតច្រកសមុទ្រ Hormuz ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវាដែលឆ្លងកាត់ច្រកសមុទ្រសំខាន់នេះ។
អ្នកជំនាញកិច្ចការសង្គ្រាមរូបនេះយល់ថា ទោះបីជាកងទ័ពអាមេរិកអាចដណ្តើមយកកោះ Kharg បានយ៉ាងលឿនរហ័សក៏ដោយ ក៏ការកាន់កាប់លើកោះនេះអាចធ្វើឱ្យសង្គ្រាមបន្តរយៈពេលវែង និងកាន់តែស្មុគស្មាញ ជាងការផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រពិតប្រាកដទៅសហរដ្ឋអាមេរិក។
កោះ Kharg ស្ថិតនៅចម្ងាយប្រហែលជាង ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ នៅភាគខាងជើងនៃឈូងសមុទ្រពែក្ស និងនៅភាគពាយព្យនៃច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៃពិភពលោក។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times លោក ត្រាំ បាននិយាយថា លោកចង់ទាញយកប្រេងនៅអ៊ីរ៉ង់ តែលោក ត្រាំ ក៏មិនបានបដិសេធលទ្ធភាពនៃការប្រើកម្លាំងទ័ពដើម្បីវាយកាន់កាប់ដែនដីកោះ Kharg ដែលជាដែនកោះមួយមានសារសំខាន់ខ្លាំងសម្រាប់ការនាំចេញប្រេងចេញពីកោះនោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកនោះដែរ៕
© 2026, . All rights reserved.