រូបថត​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជា​កូនប្រុស​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៦ នៅ​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ជន​បង្ក​ពិតប្រាកដ​ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់​យក​មក​កាត់ទោស

By ឌឹ ខេមបូឌា ដេលី

April 01, 2026

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចាប់​ខ្លួន​ជន​បង្ក​ពិតប្រាកដ ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់ យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៧ ខែ​មីនា ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៦​នាក់​ស្លាប់ ក្នុង​នោះ​ក៏​មាន​ទារក​នៅ​ក្នុង​ផ្ទៃ​មាតា​ផង​ដែរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ពេលនេះ ជន​បង្ក​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ខណៈ​ពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​ប្រព្រឹត្ត​ដែល​អាច​មិន​ត្រូវ​បាន​ទទួល​ទោស​តាម​ច្បាប់ ដោយសារ​មាន​គ្រួសារ​ជា​មន្ត្រី។

លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ចំពោះ​ការ​បើកបរ​ដែល​មិន​គោរព​ច្បាប់ ជាពិសេស​ការ​បើកបរ​ដោយ​ស្ថិត​ក្រោម​ស្ថានភាព​ស្រវឹង និង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ គឺ​ត្រូវ​ទទួល​ខុសត្រូវ​តាម​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ។

កាលពី​យប់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៦ វេលា​ម៉ោង ២២ និង ៤០​នាទី​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ០៦​នាក់ ដែល​ក្នុង​នោះ គឺ​មនុស្ស​ប្រុស​ចំនួន ០២​នាក់ ស្ត្រី​ចំនួន ០៣​នាក់ រួម​ទាំង​ទារក​ក្នុង​ផ្ទៃ ១​នាក់​ផង​ដែរ។ ជន​បង្ក​ត្រូវ​គេ​ស្គាល់​ថា​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បើកបរ​រថយន្ត​ម៉ាក MERC EDES BENZ ពាក់​ផ្លាក​លេខ កម្ពុជា-C.S.6168 ដែល​ត្រូវ​ជា​កូនប្រុស​បង្កើត​របស់​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក ស៊ីវ សុជាតិ ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

យោង​តាម​របាយការណ៍​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង បញ្ជាក់​ថា រថយន្ត​ម៉ាក MERCEDES BENZ បាន​បើកបរ​មកពី​ទិស​ខាង​ភ្នំពេញ ឆ្ពោះ​ទៅ​ទិស​ខាង​បាត់ដំបង និង​បាន​បុក​ម៉ូតូ​ចំនួន ២​គ្រឿង​ពី​ខាង​ក្រោយ​លើ​គន្លង​ផ្លូវ​ម៉ូតូ ក្នុង​ទិសដៅ​ស្រប​គ្នា ដែល​បណ្តាល​ឱ្យ​មនុស្ស ៦​នាក់​ស្លាប់ ខណៈ​ជនរងគ្រោះ​គឺ​មាន​ទាំង​មនុស្ស និង​កុមារ។

ក្រោយ​ហេតុការណ៍​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦ បាន​ចេញ​លិខិត​កោះហៅ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ចូល​មក​បំភ្លឺ​នៅ​ថ្ងៃទី​១ មេសា នេះ​ជា​កំហិត។

នៅ​ថ្ងៃទី​៣១ មីនា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ចេញ​ឃ្លីប​វីដេអូ​មួយ ដោយ​បញ្ជា​ឱ្យ​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក ស៊ីវ សុជាតិ សហការ​ជាមួយ​សមត្ថកិច្ច នាំ​ខ្លួន​កូនប្រុស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ដាក់​ឈ្មោះ​ជន​បង្ក​ក្នុង​បញ្ជីខ្មៅ​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ផង​ដែរ។

លោក ស សុខា បញ្ជា​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង អនុវត្ត​ករណី​នេះ​ឱ្យ​បាន​លឿន ដើម្បី​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​បង្ក ហើយ​លោក​ជឿជាក់​ថា​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ លោក ស៊ីវ សុជាតិ ដែល​ជា​ឪពុក ប្រាកដជា​ដឹង​ថា​កូន​របស់​គាត់​កំពុង​លាក់​ខ្លួន​នៅ​ទីណា។

យ៉ាងណាក៏ដោយ បើ​តាម​ការ​អះអាង​របស់​លោក ស៊ីវ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ជា​ឪពុក​របស់​ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែ​មីនា បាន​ឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ពេលនេះ​កំពុង​បាត់​ខ្លួន។

លោក ស៊ីវ សុជាតិ បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ភរិយា និង​កូនប្រុស​របស់​លោក​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​បន្ទាយមានជ័យ ដោយ​ជិះ​រថយន្ត​ម្នាក់​មួយ​គ្រឿង​ដាច់ដោយឡែក​ពី​គ្នា ដូច្នេះ​មាន​តែ​ភរិយា​របស់​លោក​ប៉ុណ្ណោះ​ទើប​អាច​បញ្ជាក់​បាន​ថា​នរណា​ជា​អ្នក​បើកបរ​ពិតប្រាកដ។

ជុំវិញ​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា នៅ​តាម​ហាង​កាហ្វេ​នានា ពលរដ្ឋ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដែល​ជា​ញឹកញាប់​ជន​បង្ក​តែង​ត្រូវ​បាន​រួច​ខ្លួន​ដោយ​ការ​ប្រើ​លុយ។

លោក​បញ្ជាក់​ថា បើ​ពិត​ជា​មាន​ករណី​បែប​នេះ​មែន នោះ​មាន​ន័យ​ថា អំពើ​និទណ្ឌភាព​អាច​នឹង​ពង្រីក​ខ្លួន​កាន់តែ​ធំ​ទៅៗ ទាំង​នៅ​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ និង​នៅ​ក្នុង​សង្គម​ខ្មែរ​ទាំងមូល៕

© 2026, . All rights reserved.