បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ស្នើ​រដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​អំពើពុករលួយ​និង​ការិយាធិបតេយ្យ

By ឌឹ ខេមបូឌា ដេលី

April 01, 2026

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​អំពើពុករលួយ និង​ការិយាធិបតេយ្យ ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ដែល​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាង​មុខ​នោះ។

បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា អំពើពុករលួយ​គឺជា​មេរោគ​ស៊ី​រូង​ផ្ទៃក្នុង​ដែល​បំផ្លាញ​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​រដ្ឋ​រខេករខាក ហើយ​ក៏​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ទន់ខ្សោយ​ផង​ដែរ ជាពិសេស​ចំពោះ​មុខ​សត្រូវ​ឈ្លានពាន​នា​ពេលនេះ។

លោក​ព្រមាន​ថា កម្ពុជា​មិន​អាច​ចាត់​វិធានការ​ចំពោះ​អំពើពុករលួយ​បែប​ពន្លត់​អគ្គិភ័យ​ដោយ​ការ​ដោះស្រាយ​តាម​ករណី​ចាំបាច់​ម្ដងម្កាល​បាន​ទេ ប៉ុន្តែ​ត្រូវ​បង្កើត​ប្រព័ន្ធ​អភិបាលកិច្ច​មួយ​ដែល​មាន​និរន្តរភាព និង​តម្លាភាព​ជាក់លាក់។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ដែល​អ្នក​ការទូត​បរទេស និង​វិនិយោគិន​នានា​បាន​លើកឡើង​កន្លង​មក ជាពិសេស​ដើម្បី​កសាង​រូបភាព​វិជ្ជមាន​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ចំពោះ​បញ្ហា​នេះ ជាពិសេស​មិត្ត​បរទេស​ដែល​យល់​ឃើញ​ថា​នៅតែ​មាន​ភាព​លំបាក និង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​រហូត​មក​នោះ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បញ្ជាក់​ថា កន្លង​មក ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន រួម​ទាំង​តំណាង​ក្រុមហ៊ុន​បរទេស​ខ្លះ តែងតែ​ត្អូញត្អែរ​អំពី​អំពើពុករលួយ និង​ភាព​សាំញ៉ាំ​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ​របស់​កម្ពុជា ចាប់តាំងពី​ដំណាក់កាល​ចុះបញ្ជី​ក្រុមហ៊ុន រហូត​ដល់​ដំណើរការ​នាំចេញ​ទំនិញ។

ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ​នេះ កាលពី​ថ្ងៃទី​១៩ មីនា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី​គណនេយ្យភាព និង​តម្លាភាព​នៃ​ប្រព័ន្ធ​គាំពារ​សង្គម ACU បាន​កំណត់​មុខព្រួញ​ចំនួន​បី​សំខាន់ៗ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅ​កម្ពុជា។

លោក ឱម យ៉ិនទៀង បញ្ជាក់​ថា មុខព្រួញ​ទាំង​បី​នេះ រួម​មាន ការងារ​អប់រំ ការ​បង្ការ និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​កើត​អំពើពុករលួយ និង​ការ​អនុវត្ត​ច្បាប់​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ដែល​ស្រប​ទៅ​នឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ជា​បន្តបន្ទាប់​មក​នោះ។

យ៉ាងណាក៏ដោយ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៊ែរឡាំង បាន​ចេញ​របាយការណ៍​ស្តីអំពី​អំពើពុករលួយ​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៦៣ ក្នុង​ចំណោម​ប្រទេស​សរុប ១៨២ នៅ​លើ​ពិភពលោក៕

© 2026, . All rights reserved.