អ្នកឃ្លាំមើលអះអាងថា យោធាថៃ បានរាយលួសបន្លាចូលក្នុងទឹកដីខ្មែរចម្ងាយជិត ១គីឡូម៉ែត្រ (៨០០ម៉ែត្រ) បន្ថែមទៀតនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ មីនា ដើម្បីធ្វើជាមូលដ្ឋានយោធាសម្រាប់ត្រៀមលក្ខណៈប្រយុទ្ធជាមួយភាគីកម្ពុជា ខណៈកម្ពុជាគ្មានវិធានការជាក់លាក់ដើម្បីទប់ស្កាត់ការឈ្លានពាននេះឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣១ មីនា នេះថា ក្រៅពីជីកប្រឡាយ ធ្វើសំណង់រឹង និងដាក់ពង្រាយលួសបន្លា ទាហានថៃ បានពង្រាយទូកុងតឺន័រក្នុងទឹកដីខ្មែរប្រមាណ ៥១ទីតាំង ខណៈដែលរដ្ឋាភិបាលកម្ពុជា ព្យាយាមអង្វរថៃឱ្យចូលតុចរចាជាច្រើនលើក។
លោក ម៉ែន ណាត លើកឡើងថា ទាហានថៃ ពង្រីកសកម្មភាពឈ្លានពានលើកម្ពុជាស្ទើររាល់ថ្ងៃតាមរយៈការពង្រាយបន្ថែមនូវលួសបន្លា ជីកប្រឡាយ ធ្វើសំណង់រឹង ធ្វើផ្លូវបេតុង និងដាក់ទូកុងតឺន័រ ជាដើម។
លោកបន្តថា សកម្មភាពរបស់យោធាថៃ ក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាបន្តបន្ទាប់នេះ គឺជាការពង្រីកការឈ្លានពាន និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលសង្គមរូបនេះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ លើដីជាក់ស្តែងឱ្យមានប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ ដំឡើងកម្រិតការទូតឱ្យកាន់តែខ្ពស់ដើម្បីទាមទារឱ្យថៃ ដកយោធាពីទឹកដីកម្ពុជា ប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ រួមទាំងត្រូវធ្វើទំនើបកម្មវិស័យយោធា ពង្រឹងវិស័យសេដ្ឋកិច្ច ស្ដារប្រជាធិបតេយ្យ ដើម្បីឱ្យមានឯកភាពជាតិពិតប្រាកដផងដែរ។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងកាលពីពេលថ្មីៗនេះថា ទាហានថៃ កំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន ៤តំបន់នៅខេត្តពោធិ៍សាត់ រួមមាន តំបន់ច១ តំបន់អូរភ្លុកដំរី តំបន់ស្ពានជ័យជម្នះ (តំបន់ស្ពានមេទឹក) និងតំបន់ច្រកព្រំដែនជ័យជម្នះ ឬច្រក៥៦ (ថ្មដា) ដែលក្នុងនោះក៏មានតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ផងដែរ។
អភិបាលខេត្តរូបនេះ អះអាងថា ផ្ទះចំនួន ៣៤ខ្នងក្នុងចំណោមផ្ទះ ៨០ខ្នង ត្រូវបានទាហានថៃ ហ៊ុមព័ទ្ធយកទាំងស្រុង ចំណែកផ្ទះដែលនៅសល់ស្ថិតនៅតាមបណ្តោយលួសបន្លាដែលទាហានថៃ បានដាក់ពង្រាយ មិនមានពលរដ្ឋខ្មែរណាហ៊ានចូលទៅរស់នៅឡើយ ដោយសារមានការគំរាមកំហែងពីទាហានថៃ ដែលចូលទៅកាន់កាប់នៅតំបន់នោះ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែមីនា នេះថា កម្ពុជានិងថៃ មានព្រំដែនអន្តរជាតិកំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអំណាចនៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម។
ប្រភពដដែលអះអាងថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីតាមច្បាប់ ដោយមិនទទួលយកនូវការកំណត់ព្រំដែនតាមការប្រើកម្លាំងដាច់ខាត ព្រោះជំហររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន គឺតាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់៕
© 2026, . All rights reserved.