បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

ព័ត៌មានជាតិ

បណ្ឌិត គិន ភា រិះគន់​ទម្លាប់​អាក្រក់​របស់​អាជ្ញាធរ​ខ្មែរ​ថា​ទាល់តែ​នាយករដ្ឋមន្ត្រី​ស្រែក ទើប​ធ្វើការ

By ឌឹ ខេមបូឌា ដេលី

April 02, 2026

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា អះអាង​ថា តាំងពី​សម័យ​ដឹកនាំ​របស់​លោក ហ៊ុន សែន រហូត​ដល់​សម័យ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទម្លាប់​អាក្រក់​របស់​អាជ្ញាធរ និង​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន នៅតែ​បន្ត​ចាក់​ឫស​ដដែល គឺ​ទាល់តែ​នាយករដ្ឋមន្ត្រី​ស្រែក ទើប​ស្ទុះស្ទា​បំពេញ​តួនាទី។

បណ្ឌិត គិន ភា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​មីនា ថា មន្ត្រី​ខ្លះ​អួត​ថា​គោរព​ស្រឡាញ់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្លាំង​ណាស់ ប៉ុន្តែ​សកម្មភាព​ជាក់ស្តែង បែរ​ជា​បង្ក​បញ្ហា​ស្មុគស្មាញ និង​បង្កើន​បន្ទុក​គ្រប់​បែប​យ៉ាង​ដល់​មេដឹកនាំ​កំពូល​ទាំង​ពីរ​ទៅវិញ។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា តាម​ការពិត ទង្វើ​របស់​ពួកគេ គឺ​ដើម្បី​តែ​ប្រមូល​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ដាក់​ហោប៉ៅ​ខ្លួនឯង​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​មាន​បញ្ហា ស្ថាប័ន​រាជរដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ ជាពិសេស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ជា​អ្នក​រងគ្រោះ​ដោយសារ​ទង្វើ​អសមត្ថភាព ភាព​អាត្មានិយម ឱកាស​និយម និង​ភាព​អសកម្ម​របស់​មន្ត្រី​គ្រាប់​ល្ពៅ​ទាំងនោះ​ទៅវិញ។

បណ្ឌិត គិន ភា បញ្ជាក់​ថា បើ​មន្ត្រី​ទាំងនោះ​ពិត​ជា​មាន​មនសិការ​ស្រឡាញ់​ជាតិ​ដូច​សម្ដី​ផ្អែមល្ហែម និង​ឥរិយាបថ​លូន​ក្រាប​ដែល​បាន​បង្ហាញ​មែន​នោះ ពួកគេ​គួរ​ធ្វើ​អំពើ​ល្អ​ពិតប្រាកដ​ចំពោះ​ជាតិ និង​ប្រជាជន ព្រោះ​ការ​បំពេញ​តួនាទី​ដោយ​ភាព​ស្មោះត្រង់ និង​យុត្តិធម៌ ទើប​ជា​ការ​សង​គុណ​ជាតិ​ពិតប្រាកដ។

ចំណែក​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដឹកនាំ​តាម​ប្រព័ន្ធ​គ្រួសារ​និយម​តាមរយៈ​ការ​តែងតាំង​កូនចៅ និង​សាច់សាលោហិត​របស់​អ្នក​មាន​អំណាច​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នៅ​កម្ពុជា ដោយ​គ្មាន​ការ​ប្រកួតប្រជែង​ជា​សាធារណៈ គឺជា​ឧបសគ្គ​ដ៏​ធំធេង​ដែល​រាំង​ស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ និង​បំផ្លាញ​អនាគត​យុវជន​ខ្មែរ។

អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ការ​ខ្វះ​យន្តការ​ប្រកួតប្រជែង​ប្រកប​ដោយ​តម្លាភាព បាន​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ចុះ​ខ្សោយ និង​បង្កើត​ឱ្យ​មាន​ស្ថាប័ន​រដ្ឋ​ដែល​ខ្វះ​ប្រសិទ្ធភាព ដោយសារ​ការ​សម្រេច​ចិត្ត​ផ្អែក​លើ​ភក្ដីភាព​នៃ​ក្រុម​គ្រួសារ ជាជាង​គុណាធិបតេយ្យ និង​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក​បន្ថែម​ថា និន្នាការ​នេះ​មិន​ត្រឹមតែ​បង្កើត​ឱ្យ​មាន​វិសមភាព​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឱ្យ​យុវជន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ បាក់​ទឹកចិត្ត និង​អស់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កាន់តែ​ខ្លាំង​ថែមទៀត។

លោក សេង វណ្ណលី បញ្ជាក់​ថា វាសនា​របស់​ប្រទេស​ជាតិ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​បង្កើត​បរិយាកាស​នយោបាយ​ដែល​ស្ថិត​ក្រោម​ច្បាប់​ពេញលេញ និង​ការ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​គុណាធិបតេយ្យ ដែល​ជា​គ្រឹះ​តែ​មួយ​គត់​ក្នុង​ការ​កសាង​ទំនុកចិត្ត​រវាង​រដ្ឋ និង​យុវជន ដែល​អាច​ធានា​បាន​នូវ​វិបុលភាព​ជាតិ និង​កិត្តិយស​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ប្រកប​ដោយ​ចីរភាព​ទៅ​ថ្ងៃ​មុខ៕

© 2026, . All rights reserved.