អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បណ្ឌិត ជ័យ តិច ងឿងឆ្ងល់ថា តើហេតុអ្វីកម្ពុជាមិនប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យបកស្រាយសាលក្រមម្តងទៀតជុំវិញសំណុំរឿងប្រាសាទព្រះវិហារ ដែលកម្ពុជាធ្លាប់ឈ្នះថៃ។
បណ្ឌិត ជ័យ តិច លើកឡើងក្នុងវីដេអូឃ្លីបលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ មេសា នេះថា ទីតាំងដែលភាគីកម្ពុជាធ្លាប់ឈ្នះក្តីលើប្រទេសថៃ នៅតំបន់ប្រាសាទព្រះវិហារ ត្រូវយោធាថៃ រុលចូលរាល់ថ្ងៃ ទាំងការរាយលួសបន្លា ជីកលេណដ្ឋាន រួមទាំងធ្វើសំណង់រឹងមាំ និងធ្វើកាំជណ្តើរឡើងទៅកាន់តំបន់ភ្នំទ្រព្យថែមទៀត។
ចំណែកតំបន់ប្រាសាទព្រះវិហារ ម្តុំវត្តកែវសិក្ខាគីរីស្វារៈ ក៏ត្រូវយោធាថៃ ធ្វើសកម្មភាពរំលោភយ៉ាងគឃ្លើនក្នុងពេលនេះដែរ ខណៈទីតាំងនៅតំបន់នេះធ្លាប់ត្រូវតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមឱ្យកម្ពុជាឈ្នះថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារពីរលើករួចទៅហើយនោះ។
បណ្ឌិត ជ័យ តិច អះអាងរថា យោធាថៃ រំកិលចូលដែនអធិបតេយ្យកម្ពុជាគ្មានឈប់ឈររាល់ថ្ងៃនេះ ប៉ុន្តែខាងកម្ពុជាមិនមានវិធានការទប់ស្កាត់សកម្មភាពបំពានជាក់ស្តែងនេះឡើយ ក្រៅតែពីការធ្វើសកម្មភាពការទូត ការប្រមូលភស្តុតាង និងរង់ចាំវិធានការច្បាប់នោះ ខណៈភាគីថៃ មិនដែលគោរពច្បាប់ មិនឱ្យតម្លៃលើកិច្ចការទូតម្តងណាឡើយ សូម្បីសេចក្តីថ្លែងការណ៍រួមកាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅក៏ដោយ។
អ្នកឃ្លាំមើលរូបនេះត្អូញត្អែរថា ក្នុងពេលដែលកម្ពុជាខ្សោយបែបនេះ ទោះមិនចង់អត់ធ្មត់ ក៏ត្រូវតែអត់ធ្មត់ដែរ ប៉ុន្តែហេតុអ្វីកម្ពុជាមិនប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញបញ្ហានេះ បានជាទុកឱ្យថៃ បំពានតាមអំពើចិត្តនោះ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ទាហានថៃ បានធ្វើសកម្មភាពរាយលួសបន្លាប្រវែង ១០០ម៉ែត្រ និងពង្រាយរថពាសដែក រួមទាំងឈូសឆាយនៅក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងវត្តកែវសិក្ខាគីរីស្វារៈ ផងដែរ ដែលធ្វើឱ្យប៉ះសម្ដីគ្នាជាមួយទាហានខ្មែរក្នុងពេលនោះ។
ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់បញ្ជាក់នៅឡើយទេថា តើទាហានថៃ ទាំងនោះ បានដកថយចេញពីទីតាំងដែលពួកគេបានចូលទៅរាយលួសបន្លា និងឈូសឆាយដីនៅតំបន់នោះហើយឬនៅនោះឡើយ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នេះថា កម្ពុជាជំទាស់នឹងប្រទេសថៃ ដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2026, . All rights reserved.