នយោបាយ

ចិន ប្រគល់​នាវាចម្បាំង​មួយ​គ្រឿង​ឱ្យ​កម្ពុជា ខណៈ​នាវាចម្បាំង​រុស្ស៊ី ៣​គ្រឿង​ចូល​សំចត​នៅ​ក្រុង​ព្រះសីហនុ

By ឌឹ ខេមបូឌា ដេលី

April 07, 2026

កងទ័ព​រំដោះ​ចិន បាន​ប្រគល់​នាវាចម្បាំង​មួយ​គ្រឿង​មុន​ដែល​បាន​មក​ដល់​កំពង់ផែ​រាម កាលពី​ថ្ងៃ​សៅរ៍​អាទិត្យ​មុន។ នាវា​ខ្នាត Corvette ប្រភេទ Jiangdao Type 056 តម្លៃ​មួយ​គ្រឿង​ប្រមាណ ១០៥​លាន​ដុល្លារ​ដែល​ប្រទេស​ចិន ថា​ជា​អំណោយ​ដល់​ប្រទេស​កម្ពុជា ជា​ប្រភេទ​នាវា​ពីរ​គ្រឿង​ត្រូវ​ប្រគល់​មក​ឲ្យ​នៅ​ឆ្នាំ​២០២៥ ជា​ថ្នូរ​រាជរដ្ឋាភិបាល​បើក​ដៃ​ឲ្យ​ចិន ឈាន​បោះ​ទីតាំង​ក្នុង​ស្រុក​ខ្មែរ។

តាម​វិទ្យាស្ថាន​កង​នាវាចរណ៍​អាមេរិកាំង នាវាចម្បាំង Corvette Jiangdao Type 056 ជា​នាវា​ធុន​ស្រាល​សម្រាប់​ធ្វើ​ប្រតិបត្តិការ​តាម​ឆ្នេរសមុទ្រ​ទឹក​រាក់ ទម្ងន់ ១៥០០​តោន ដើរ​ដោយ​ថាមពល​ប្រេងម៉ាស៊ូត ប៉ុន្តែ​មាន​ផ្ទុក​អាវុធ​ជា​កាំជ្រួច​កម្ទេច​នាវា កាំជ្រួច ៣២៤​មិល្លីម៉ែត្រ កម្ទេច​នាវាមុជទឹក​ពីរ​គ្រាប់ កាំជ្រួច​ផ្ទៃ​ទឹក-អាកាស និង​រ៉ាដា​មើល​ឃើញ​មួយ​ជុំ ៣៦០​អង្សា មាន​បុគ្គលិក​នាវិក​ពី ៦០-៧០​នាក់ មាន​ល្បឿន​ពី​ប្រមាណ​ជិត ៥៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ប្រទេស​ប្រើ​នាវា​ប្រភេទ​នេះ រួម​មាន​បង់ក្លាដេស នីហ្សេរី និង​អាល់ហ្សេរី។

ក្នុង​សប្តាហ៍​ជាមួយ​គ្នា កងទ័ព​ជើងទឹក​នៃ​សហព័ន្ធ​រុស្ស៊ី ក៏បាន​បញ្ជូន​នាវាចម្បាំង​ចំនួន ៣​គ្រឿង​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រហូត​ដល់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៦ ដើម្បី​រឹត​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​ទាំង​ពីរ។

បើ​តាម​មន្ត្រី​កងទ័ព​ជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម បាន​ឲ្យ​ដឹង​ថា នាវាចម្បាំង​រុស្ស៊ី ចំនួន ៣​គ្រឿង​ដែល​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ នា​ថ្ងៃទី​៥ ខែ​មេសា នេះ​មាន​ដូចជា នាវាចម្បាំង Gromkiy នាវាមុជទឹក Petropavlovsk-Kamchatsky និង​នាវា​សណ្ដោង Andrey Stepanov។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​នាវាចម្បាំង​រុស្ស៊ី នៅ​កម្ពុជា នា​ពេលនេះ គឺ​ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​កងទ័ព​ជើងទឹក​ទាំង​ពីរ​ផង​ដែរ។

ការ​មក​ដល់​នៃ​នាវាចម្បាំង​រុស្ស៊ី ទាំង​បី​គ្រឿង​នេះ ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​នៅ​កម្ពុជា លោក Anatoly Borovik និង​ឧត្ដមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម ជាមួយ​កងទ័ព​ជើងទឹក​ខ្មែរ​ចំនួន ៦០​នាក់។ ក្នុង​ឱកាស​នៃ​ការ​សំចត​នាវា​នេះ កងទ័ព​ជើងទឹក​ខ្មែរ និង​រុស្ស៊ី ក៏​នឹង​មាន​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ផង​ដែរ។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ចូល​សំចត​នាវាចម្បាំង​សហព័ន្ធ​រុស្ស៊ី នា​ពេលនេះ ជា​ឱកាស​ល្អ​ដល់​កងទ័ព​ជើងទឹក​នៃ​ប្រទេស​កម្ពុជា ក្នុង​ការ​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស​យោធា​ជាមួយ​កងទ័ព​ជើងទឹក​រុស្ស៊ី។

បណ្ឌិត គិន ភា បន្ថែម​ថា វត្តមាន​របស់​នាវាចម្បាំង​រុស្ស៊ី នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក៏បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​មិន​ចុះថយ​រវាង​កម្ពុជា និង​រុស្ស៊ី ថ្វីបើ​កន្លង​មក កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ក្នុង​អង្គការ​សហប្រជាជាតិ ដោយ​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី ទៅ​លើ​ប្រទេស​អ៊ុយក្រែន នោះ​ក្តី។

កាលពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ នាវាចម្បាំង​រុស្ស៊ី ចំនួន ៣​គ្រឿង មាន​នាវាចម្បាំង Rezkiy 343 នាវាចម្បាំង Aldar Tsydenzhapov និង​នាវា​ដឹក​ប្រេង Pechenga ក៏​ធ្លាប់​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែរ។ ការ​ចូល​សំចត​នាវា​រុស្ស៊ី ទាំង ៣​គ្រឿង​កាល​នោះ ធ្វើ​ឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា ទើប​នឹង​សម្ពោធ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម៕

© 2026, . All rights reserved.