ក្រសួងមហាផ្ទៃ បំភ្លឺថា ចំណូលចំនួន ៧០% ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការផាកពិន័យចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញតែប៉ុណ្ណោះ មិនមែនសម្រាប់ដាក់ហោប៉ៅមន្ត្រីដែលអនុវត្តច្បាប់ចរាចរណ៍តាមទីតាំងនានានោះឡើយ។
ការបំភ្លឺនេះ ជាការឆ្លើយតបនឹងការរិះគន់ដែលថា តម្រួតចរាចរណ៍ផ្លូវគោក ប្រឹងចេញបណ្ណផាកពិន័យលើពលរដ្ឋ មកពីការទទួលបានភាគរយពីការផាកពិន័យ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានចេញលិខិតបំភ្លឺនៅថ្ងៃទី៧ ខែមេសា នេះ ដោយបដិសេធនូវការរិះគន់ទាំងឡាយណាដែលមិនមានមូលដ្ឋានច្បាស់លាស់លើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
ប្រភពដដែល អះអាងថា ចំណូលចំនួន ៧០% ដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទទួលបានពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គឺសម្រាប់ប្រើប្រាស់ដើម្បីធានានិរន្តរភាពការងារជំនាញប៉ុណ្ណោះ ដូចជា ការជួសជុលថែទាំឧបករណ៍ សម្ភារៈជំនាញ និងមធ្យោបាយដឹកជញ្ជូន ជាដើម។
ក្នុងរយៈពេលចុងក្រោយនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម បានរិះគន់នគរបាលចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ក្រោយសមត្ថកិច្ចអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃ ដោយលើកឡើងថា ការអនុវត្តច្បាប់ស្វែងរកបទល្មើសចរាចរណ៍បែបនេះ តាមពិតគឺប្រឹងរកលុយ ៧០% ដែលពួកគេទទួលបានពីការផាកពិន័យតែប៉ុណ្ណោះ មិនមែនដើម្បីសុវត្ថិភាពប្រជាពលរដ្ឋនោះទេ ទើបប្រឹងទាំងយប់ទាំងថ្ងៃដូច្នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា លើកឡើងកាលពីពេលកន្លងទៅថា ប៉ូលិសចរាចរណ៍ផ្លូវគោកមួយចំនួនបានយកភារកិច្ច និងតួនាទីបម្រើប្រជាពលរដ្ឋ ធ្វើជាមុខរបរស្របច្បាប់នៅលើដងផ្លូវទៅហើយ។
លោកថា ពួកគេទទួលបាន ៧០% ពីលុយដែលផាកពិន័យបាននោះ ដូច្នេះហើយទើបពួកគេខំប្រឹងផាកពិន័យរហូតពេលខ្លះប្រព្រឹត្តខុសច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា ក្នុងរាជធានីភ្នំពេញគ្មានការផាកពិន័យទៀតទេ មានតែការហៅអប់រំណែនាំឱ្យយល់ពីច្បាប់ចរាចរណ៍អំពីកំហុសរបស់អ្នកបើកបរប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មេសា នេះថា កន្លងមក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកមួយចំនួនតែងរងនូវការត្អូញត្អែរពីប្រជាពលរដ្ឋចំពោះការអនុវត្តតួនាទីរបស់ខ្លួន ដោយសារតែពួកគេប្រព្រឹត្តអំពើល្មើសក្រមសីលធម៌ និងច្បាប់ដែលមានចែង។
លោក សេក សុជាតិ អំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច អប់រំនិងណែនាំមន្ត្រីដែលប្រព្រឹត្តខុសឡើងវិញ។
ប្រទេសជិតខាង ដូចជា យៀកណាម និងថៃឡង់ដ៍ ជាដើម អនុវត្តច្បាប់លើមន្ត្រីល្មើសច្បាប់ខុសពីប្រទេសកម្ពុជា។ បើមានការស៊ើបអង្កេត និងមានព័ស្តុតាងគ្រប់គ្រាន់ គេផ្ដន្ទាទោសមន្ត្រីបំពានច្បាប់តាមធរមានបញ្ញត្តិ៕
© 2026, . All rights reserved.